សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាលើសពីសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់នាពេលបច្ចុប្បន្ន ខណៈពេលដែលការបំផ្ទុះគ្រាប់បែក និងការសម្លាប់មេដឹកនាំក្រុមហាម៉ាស់បង្កើនកំហឹងដល់ប្រទេសនៅតំបន់អារ៉ាប់។
យោងតាមការផ្សាយរបស់ CNN ការបំផ្ទុះគ្រាប់បែកក្នុងប្រទេសអ៊ីរ៉ង់ដែលសម្លាប់មនុស្សជាង១០០នាក់ និងបង្ករបួសជាង២០០នាក់នេះ បានគំរាមដល់ការបង្កើនល្បឿននៃភាពតានតឹងនៅក្នុងតំបន់ដែលបានកើនឡើងចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។
កាលពីថ្ងៃអង្គារ មេដឹកនាំសំខាន់ទី២របស់ក្រុមហាម៉ាស់ លោក Saleh al-Arouriត្រូវបានសម្លាប់ដោយការវាយប្រហារតាមដ្រូនក្នុងប្រទេសលីបង់ ហើយប្រទេសអ៊ីរ៉ង់ និងលីបង់បានចោទប្រកាន់អ៊ីស្រាអែលជាអ្នកធ្វើ ខណ់ៈអ៊ីស្រាអែលបានបដិសេធ។
មនុស្សយ៉ាងហោចណាស់ ១០៣នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ និង ១៨៨ នាក់បានរងរបួសនៅក្នុងទីក្រុង Kerman របស់អ៊ីរ៉ង់បន្ទាប់ពីការបំផ្ទុះគ្រាប់បែកចំនួន២លើកនៅជិតកន្លែងបញ្ចុះសពរបស់ QasemSoleimaniអតីតមេបញ្ជាការយោធាអ៊ីរ៉ង់ដែលអាមេរិកសម្លាប់ដោយដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកកាលពីឆ្នាំ២០២០។
យោងការផ្សាយរបស់ Al Jazeera ក្រោយការបំផ្ទុះដ៏ផ្តាច់ផ្តិលនោះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោកAyatollah Ali Khamenei ចេញសេចក្តីថ្លែងការណ៍មួយថា៖«សត្រូវបិសាចនិងឧក្រិដ្ឋនៃប្រជាជាតិអ៊ីរ៉ង់បានបង្កើតគ្រោះមហន្តរាយជាថ្មីម្តងទៀតនិងបានសម្លាប់មនុស្សជាទីស្រឡាញ់ជាច្រើននៅក្នុងKerman។គ្រោះមហន្តរាយនេះនឹងមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់! សូមព្រះសព្វព្រះរាជហឫទ័យ»។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRNA បានបន្ថែមថា ការផ្ទុះលើកទី១មានចម្ងាយ ៧០០ ម៉ែត្រ ពីផ្នូររបស់ Soleimaniនិងលើកទី២ចម្ងាយ ១គីឡូម៉ែត្រខណៈពេលដែលអ្នកដើរក្បួនបានទៅទស្សនាកន្លែងនោះ។
យោងតាម CNN អតីតមេបញ្ជាការអ៊ីរ៉ង់ លោក Soleimani ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលបញ្ជាដោយអតីតប្រធានាធិបតី Donald Trump នៅអាកាសយានដ្ឋានអន្តរជាតិ Baghdad កាលពី៤ឆ្នាំមុនកាលពីថ្ងៃពុធ។
ទោះជាបែបនេះក្តី អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានបដិសេធថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួន មិននៅពីក្រោយការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនេះទេ៕