ប្រទេសជប៉ុន​ ដែលជា​សម្ព័ន្ធ​មិត្ត​​ដ៏​ជិតស្និទ្ធ​​របស់​សហរដ្ឋ​អាមេរិក​​​​​ គ្រោង​​​ផ្តល់​​ឱ្យ​អ៊ុយ​ក្រែន​​នូវ​​​​បច្ចេកវិទ្យា​​​ផលិត​​ជីវឥន្ធនៈ ​​​ដើម្បី​គាំទ្រ​​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​​​ស្តារឡើង​វិញ​​របស់​ប្រទេស​​​នៅ​អឺរ៉ុបខាងកើតមួយនេះ ដែល​ហែក​ហួរ​ដោយសារ​សង្គ្រាមជាមួយ​ប្រទេសរុស្សី​។​

ផែន​ការ​របស់​ជប៉ុន​នេះ​នឹង​ត្រូវ​បង្ហាញ​នៅ​ឯកិច្ច​ប្រជុំ​​​ក្នុង​ទីក្រុង​តួក្យូ​​​នៅ​ខែ​ក្រោយ​​ ដោយ​មាន​ការ​ចូលរួម​ពី​​មន្ត្រី​​​​​និង​វិស័​យឯកជន​នៃ​​​ប្រទេស​ទាំង​ ២ ដើម្បី​ពិភាក្សា​​លើ​ការ​គាំទ្រ​​សម្រាប់​​ការ​ស្តារ​ប្រទេសអ៊ុយក្រែន​​ ឡើង​​​វិញ​​​។​​

​ទីក្រុង​តូក្យូ​រំពឹង​ថា ​​បច្ចេកវិទ្យា​​​ជីវ​ឥន្ធនៈ​នឹង​បង្កើត​​នៅ​ឧស្សាហកម្ម​​ថ្មី​​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​ជា​​ប្រទេស​កសិកម្ម​​​សម្បូរ​ដោយ​ធនធាន​ដែល​ត្រូវ​បាន​គេ​មើល​រំលង​  ហើយ​​អាច​ត្រូវ​បាន​គេ​​ប្រើប្រាស់​ជា​​ឥន្ធនៈ។​

មិន​ដូច​​​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុបទេ​ ប្រទេស​​ជប៉ុន​​ដែលជ្រក​ក្រោម​​ដំបូល​រដ្ឋ​ធម្មនុញ្ញ​​​សន្តិភាព​និយម​បាន​ដាក់បម្រាម​លើ​ខ្លួន​ឯង​​ក្នុង​ការ​នាំ​ចេញ​អាវុធ ​​ហើយ​ជំនួស​មក​វិញ​ ជប៉ុន​​​​ផ្តោត​លើ​​មធ្យោបាយ​​​ដើម្បី​ផ្តល់​ជំនួយ​​​ដល់​ការ​ងើប​ឡើង​វិញ និង​កសាង​ឡើង​វិញក្រោយ​​ការ​ឈ្លាន​ពាន​របស់រុស្ស៊ី​។

មាន​កា​រ​រំពឹង​​​ទុកថា ​ក្រុម​ហ៊ុន​ទាំង​ឡាយ​របស់ជប៉ុន​​​នឹង​យល់​ព្រម​​ផ្តល់​​​បច្ចេកវិទ្យា​​​ផលិត​ថាមពល​កកើត​ឡើង​វិញ​ និង​​​ឧបករណ៍​​ពាក់​ព័ន្ធ​​ផ្សេង​ទៀតនៅ​ឯសន្និសីទ​​​​​លើក​កម្ពស់​​​ការ​ស្ថាបនា​សេដ្ឋកិច្ច​ឡើង​វិញ​​​ជប៉ុន-​អ៊ុយក្រែន​ ដែល​នឹង​ត្រូវ​ប្រារព្ធឡើង​​​នៅ​ថ្ងៃទី​១៩ខែ​កុម្ភៈ​។​

ជីវឥន្ធនៈដែលត្រូវបានផលិតចេញពីដំណាំកសិកម្ម​និង​កាកសំណល់បសុសត្វអាច​ត្រូវ​បាន​ប្រើ​សម្រាប់​ផលិត​ថាមពល​ហើយ​ត្រូវ​បាន​ទាក់​ទាញ​ការយក​ចិត្តទុក​ដាក់​ជា​បច្ចេកវិទ្យា​មួយ​ដែលអាចដឹកនាំ​ទៅ​រក​​កិច្ចខិតខំប្រឹងប្រែង​​​បន្ថយ​​កាបូន​​ទៅ​ក្នុង​បរិយាកាស​ (decarbonization)។

មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ម្នាក់​បាន​និយាយ​ថា៖​«ប្រសិនបើ​អាជីវកម្ម​នេះ​ដុះ​​ចេញ​ពីដីវា​នឹង​ផ្តល់​នូវផលិតផលនាំចេញដែលមាន​ការ​សន្យា»សម្រាប់​ប្រទេស​អ៊ុយក្រែននិង​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​រូបិយប័ណ្ណ​បរទេស​របស់​ប្រទេសនេះ។

ប្រភព​បាន​និយាយ​ថារដ្ឋាភិបាល​ជប៉ុន​បាន​និង​កំពុង​​ធ្វើការ​​ស្ទង់​មតិ​តម្រូវការ​របស់​អ៊ុយក្រែន​នៅ​មុន​កិច្ច​ប្រជុំ​ដែល​មាន​គោល​បំណង​ផ្តល់ការ​គាំទ្រ​រយៈពេល​មធ្យមនិង​រយៈពេល​វែងដោយ​មាន​ជំនួយ​ពី​ការវិនិយោគ​ឯកជន​ក្នុង​វិស័យ​ថាមពលការថែ​ទាំវេជ្ជសាស្រ្តនិងហេដ្ឋារចនាសម្ព័ន្ធ។

បន្ថែម​ពី​លើ​ជីវឥន្ធនៈ​ប្រទេស​ជប៉ុន​ក៏​កំពុង​ពិចារណា​ផ្តល់​ជើង​សិប្ប​និម្មិត​ដែល​ផលិត​ដោយ​បច្ចេកវិទ្យា​បោះពុម្ព 3D និង​បច្ចេកវិទ្យា​សម្រាប់​ការព្យាបាល​ជំងឺ​ស្ត្រេស​ក្រោយ​ការប៉ះទង្គិច​ផ្លូវ​ចិត្ត​ផងដែរ។

យោងតាម​ប្រភព​​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថាប្រទេស​ជប៉ុន​ក៏មាន​គម្រោង​គាំទ្រ​ដល់​ការដាក់​ឱ្យ​ប្រើប្រាស់​ការ​ថែ​ទាំ​វេជ្ជសាស្រ្ត​​ពី​​ចម្ងាយនិង​​បច្ចេកវិទ្យា​​កសិកម្ម​​ឆ្លាតវៃ​នៅ​ក្នុង​ប្រទេស​​អ៊ុយក្រែនដែរ​​៕​