កាសែតរដ្ឋចិន Global Times ផ្សាយថា គ្រាប់កាំភ្លើងធំបាញ់ចេញពីតំបន់ជម្លោះនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ទៅលើទីក្រុងជាប់ព្រំដែនក្នុងខេត្តយូណាននៃប្រទេសចិន កាលពីថ្ងៃពុធ ដោយបង្កឱ្យមនុស្ស ៥ នាក់រងរបួស។
Global Times បានផ្សាយនៅក្នុងខ្សែវិដេអូមួយ ដែលបង្ហាញពីទិដ្ឋភាពកន្លែងរងគ្រាប់ថា មនុស្សម្នាក់ដេកស្ដូកលើចិញ្ចើមផ្លូវថ្មើរជើង ទល់មុខហាងលក់ទំនិញតាមដងផ្លូវ ដោយមានម្នាក់ស្រែកឱ្យហៅប៉ូលិសជួយអន្តរាគមន៍។
មន្រ្តីនៅក្រុងកើតហេតុ Zhenkang នៃខេត្តយូណាន បានបញ្ជាក់ប្រាប់ Global Times យ៉ាងដូច្នេះថា ការបាញ់ផ្លោងចេញពីក្រុងឡៅកៃ ដែលជាទីជម្លោះមួយក្នុងតំបន់ស្វយ័តកូកាង នៃប្រទេសមីយ៉ាន់ម៉ា បានធ្លោយធ្លាក់លើសង្កាត់ Nansan នៃក្រុង Zhenkang នារសៀលថ្ងៃពុធ។ ហេតុការណ៍នេះ បង្កឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់រងរបួស ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ តំបន់ស្វយ័តកូកាង ក្នុងរដ្ឋសានរបស់មីយ៉ាន់ម៉ា ដែលស្ថិតនៅជាប់ព្រំដែនចិន បានធ្លាក់ទៅក្នុងអរិភាពនៃជម្លោះប្រដាប់អាវុធជាញឹកញយ។
កាលពីសប្តាហ៍មុន ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាបានជំរុញជនជាតិខ្លួនឱ្យចាកចេញពីទីក្រុងឡៅកៃឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយលើកឡើងពីហានិភ័យសន្តិសុខកាន់តែខ្លាំងឡើង។
កន្លងមក អាជ្ញាធរចិនបានប្រាប់ពលរដ្ឋចិនឱ្យជៀសវាងការធ្វើដំណើរទៅកាន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ហើយសម្រាប់អ្នកដែលនៅក្នុងតំបន់នោះរួចហើយ ត្រូវផ្លាស់ទីទៅកាន់កន្លែងសុវត្ថិភាព ឬត្រឡប់ទៅប្រទេសចិនវិញ។
ភាពតានតឹងនៃជម្លោះប្រដាប់អាវុធរវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមនៅភាគខាងជើងនៃប្រទេសនេះ បានកើនឡើងចាប់តាំងពីចុងខែតុលាឆ្នាំមុនមកម្ល៉េះ។
ប្រទេសជិតខាងចិន ដែលតែងរងគ្រាប់បាញ់ធ្លោយពីតំបន់ជម្លោះមីយ៉ាន់ម៉ា បានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានការចរចាបទឈប់បាញ់ ហើយថែមទាំងសម្របសម្រួលកិច្ចសន្ទនារវាងភាគីទាំង២ផងដែរ៕