ប៉ូលិសជប៉ុនកាលពីរាត្រីថ្ងៃពុធទី៣ ខែមករា ដើមឆ្នាំ២០២៤ បាននិយាយថាបុរស ៣នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុមួយ ដោយស្ត្រីម្នាក់បានដកកាំបិតចាក់ពួកគេនៅក្នុងរថភ្លើងនៅឯស្ថានីយ Akihabara ក្នុងទីក្រុងតូក្យូហើយជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម។
បើតាមអ្នកនាំពាក្យនាយកដ្ឋានប៉ូលិសក្រុងតូក្យូបានឱ្យដឹងថា មន្ត្រីប៉ូលិស បានទទួលទូរស័ព្ទសង្គ្រោះបន្ទាន់នៅមុនម៉ោង ១១ យប់ ម៉ោងក្នុងស្រុករបស់ជប៉ុនដោយរៀបរាប់ថាស្ត្រីម្នាក់បានបង្ករបួសស្នាមដោយកាំបិតនៅលើខ្សែរថភ្លើងYamanoteដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតក្នុងទីក្រុង។
អ្នកនាំពាក្យរូបនេះ បានបន្តឱ្យដឹងថាស្ត្រីរូបនេះត្រូវបានចាប់ខ្លួនរួចរាល់ហើយចំណែកស្ថានភាពរបស់បុរស ដែលរងរបួសទាំង ៣ នាក់ នោះមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅឡើយទេ។ ហើយបើតាមទីភ្នាក់ងារព័ត៌មានក្យូដូបានរាយការណ៍ថា គិតត្រឹមពេលនេះ គ្មានជនរងគ្រោះណាម្នាក់ក្នុងចំណោមជនរងរបួសទាំង ៣ រូបមានហានិភ័យដែលគំរាមកំហែងដល់អាយុជីវិតឡើយ។
បន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើងក្រុមហ៊ុន East Japan Railway Company ដែលគ្រប់គ្រងខ្សែរថភ្លើង Yamanote loop បានបញ្ជាក់លើបណ្តាញសង្គមថា ខ្សែរថភ្លើងក្នុងទីក្រុងមួយនេះ នឹងត្រូវផ្អាកមួយរយៈពេលដោយសារតែ «បញ្ហានៅក្នុងរថភ្លើង» ក៏ប៉ុន្តែបន្តិចក្រោយមកវាក៏ត្រឡប់មកដំណើរការដូចធម្មតា។
ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីមនុស្សជាង ៥ ម៉ឺននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសជប៉ុន បន្ទាប់ពីមានការរញ្ជួយដីកម្រិតធ្ងន់បន្តបន្ទាប់ និងការព្រមានអំពីរលកយក្សស៊ូណាមិដ៏ធំរបស់ប្រទេសចាប់តាំងពីគ្រោះមហន្តរាយ Fukushima ឆ្នាំ២០១១ មក។
មនុស្ស ៦៤ នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត ខណៈមានមនុស្សជាច្រើនផ្សេងទៀតនៅតែត្រូវបានគេគិតថាកប់ជាប់នៅក្រោមគំនរអគារបាក់បែក។
ក្រៅពីហេតុការណ៍ដ៏អាក្រក់ទាំង ២នេះ ប្រទេសជប៉ុន ក៏បានប្រឈមមុខនឹងសោកនាដកម្មមួយផ្សេងទៀតកាលពីថ្ងៃអង្គារនៅពេលដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានបុកជាមួយយន្តហោះកងឆ្មាំសមុទ្រនៅឯអាកាសយានដ្ឋានអន្តជាតិរបស់ទីក្រុងតូក្យូ។
អ្នកដំណើរនិងនាវិកទាំង ៣៩០ នាក់ នៅលើយន្តហោះដឹកអ្នកដំណើរបានរំដោះខ្លួន ដោយសុវត្ថិភាពឬរងរបួសស្រាលក្នុងចំនួនតិចតួចក៏ប៉ុន្តែនាវិក ៥ នាក់ក្នុងចំណោមនាវិក៦នាក់នៅក្នុងយន្តហោះកងឆ្មាំសមុទ្រដែលដឹកស្បៀងទៅទីតាំងគ្រោះរញ្ជួយដីត្រូវបានបាត់បង់ជីវិត៕