អាជ្ញាធរក្រុងហូជីមិញ បានផាកពិន័យអ្នកលេងបណ្តាញសង្គមតិកតុក (TikTok) ម្នាក់របស់វៀតណាម ឈ្មោះ ហ៊ួ គុក អាញ (Hua QuocAnh) ចំនួន ៧,៥ លានដុង (៣០៦ ដុល្លារ) ចំពោះការបង្ខូចកេរ្តិ៍ឈ្មោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាថា ជារបស់ប្រទេសថៃ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការផាកពិន័យដែលប្រកាសកាលពីថ្ងៃពុធ ក៏បានព្រមានកុំឱ្យតារាតិកតុករូបនេះបង្កើតបញ្ហាដដែលជាដដែលទៀត ហើយគេត្រូវគោរពតាមច្បាប់វៀតណាម ស្ដីពីការប្រើប្រាស់អ៊ីនធឺណិត និងបណ្ដាញសង្គមផ្សេងៗទៀតដែលពេញនិយម។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលទើបកន្លងផុតទៅ លោក ហ៊ួ បានបង្ហោះវីដេអូមួយនៅលើគណនីតិកតុករបស់ខ្លួន ដែលមានអ្នកតាមដានជាង ៧០ ម៉ឺននាក់ ដែលវីដេអូនោះ បង្ហាញពីនារីម្នាក់ស្លៀកឈុតប្រពៃណីថៃ និងកាន់ដំបង ១ ដើរជុំវិញប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។
ក្នុងវីដេអូនោះ លោកបានកាត់តដាក់រូបភាពទង់ជាតិ និងព្រះមហាក្សត្រថៃ ហើយបញ្ចូលសំឡេងថា «Hello Thailand»។ វីដេអូនេះបណ្តាលឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងក្លា ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។
ទីភ្នាក់ងាររ៉យទ័រ ក៏បានផ្សាយថា អាជ្ញាធរកម្ពុជាបានលើកឡើងថា វីដេអូរបស់លោក Hua QuocAnh បង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សម្បត្តិ វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ហើយបានស្នើឱ្យក្រុមហ៊ុនតិកតុកបិទវីដេអូនោះចោល ហើយក្រោយមក វីដេអូនោះក៏ត្រូវបានលុបចេញវិញ។
ដើម្បីជាការឆ្លើយតបកាលនោះ ក្រសួងទេសចរណ៍កម្ពុជាបានពិចារណាហាមឃាត់មិនឱ្យលោក ហ៊ួ ជាន់ទឹកដីកម្ពុជាចាប់ពី ៥ ទៅ ១០ ឆ្នាំ៕