​ការវាយប្រហារ​ផ្ទួនៗ​ក្រៅ​តំបន់​ហ្គា​ហ្សា​ដែល​អ៊ីស្រា​អែល​កំពុង​បោសសម្អាត​ក្រុម​ប្រដាប់អាវុធ​ហា​ម៉ាស់ កំពុង​បញ្ឆេះ​សង្គ្រាម​ឱ្យ​ឆាប់ឆេះ​ពេញ​មជ្ឈិមបូព៌ា​ដែល​រដ្ឋ​អារ៉ាប់​ហ៊ុមព័ទ្ធ​អ៊ី​ស្រា​អែល​។

ហេតុការណ៍​អាក្រក់​ជា​ប្រវត្តិ​សាស្ត្រ​ ២ គឺ​ការបាញ់ប្រហារ​ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក​បាន​ឆក់យក​ជីវិត​លោក Saleh al-Arouri មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​ហា​ម៉ា​ស់ កាល​ពីថ្ងៃ​អង្គារ​ក្នុងប្រទេស​លី​បង់ និង​ការ​បំផ្ទុះ​គ្រាប់បែក ២​ លើក​កណ្តាល​ហ្វូងមនុស្ស​ដែល​កំពុង​ដើរ​ក្បួន​រំឭក​ខួប​ ៤ ​ឆ្នាំ​នៃ​ការស្លាប់​របស់លោក Qassem Suleimani អតីត​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ទីក្រុង Kerman កាលពី​ថ្ងៃ​ពុធ​។

ហេតុការណ៍​ទាំង​ ២​ ខាងលើ​នៅតែ​មិនទាន់​ច្បាស់​ថា ​អ្នក​ណា​ជា​អ្នកទទួលខុសត្រូវ​នៅឡើយ សូម្បី​អ៊ីស្រា​អែល​ដែលជា​សត្រូវ​ផ្ទាល់​របស់​ក្រុម​ហា​ម៉ាស់ លី​បង់ និង​អ៊ី​រ៉ង់​។

កាសែត The Guardian​ របស់​អង់គ្លេស​បាន​ផ្សាយ​ថា នៅ​ទីក្រុង​វ៉ាស៊ីនតោន ក្រុមមន្ត្រី​បាននិងកំពុង​ចង្អុល​ទៅកាន់​តួនាទី​ដែល​អាច​កើតមាន​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លាម ឬ​ក្រុម​ជ្រុលនិយម​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ស៊ុន​នី ហើយ​នៅ​ឆ្ងាយ​ពី​ភាពជា​ដៃគូ​របស់អ៊ីស្រា​អែល និង​ក្រុម​ឧទ្ទាម​អ៊ីរ៉ង់ គឺ Mujahedin-e-Khalq (MeK) ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​នៅ​ពីក្រោយ​ការវាយប្រហារ​នៅ​ប្រទេស​អ៊ីរ៉ង់​ថ្មី​បំផុត​នេះ​។

ចំពោះ​ការបាញ់ប្រហារ​តាមផ្លូវ​អាកាស​ដោយ​ប្រើដ្រូន​ដែល​បាន​ឆក់យក​ជីវិត​លោក Saleh al-Arouri មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​ហា​ម៉ាស់ រដ្ឋាភិបាល​លី​បង់ និង​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន បាន​ចោទប្រកាន់​​អ៊ីស្រា​អែល​ត្រង់ៗ ខណៈដែល​​អ៊ីស្រា​អែល​មិន​ទាំង​បដិសេធ​ ឬក៏​ទទួលខុស​ត្រូវ​ថា នោះ​កើតឡើង​ដោយ​ទង្វើ​របស់ខ្លួន​ដើម្បី​កម្ទេច​ក្រុម​ហា​ម៉ាស់​ទាំងស្រុង​។

មន្ត្រី​អាមេរិក​បាន​ច្រានចោល​ការលើកឡើង​ណាមួយ​ដែលថា ​ខ្លួន ឬ​សម្ព័ន្ធមិត្ត​​អ៊ីស្រា​អែល​របស់ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ការ​បំផ្ទុះ​ដ៏​សាហាវ​នៅក្នុង​ប្រទេស​​អ៊ីរ៉ង់ បើទោះបី លោក Qassem Suleimani អតីត​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​​អ៊ី​រ៉ង់ ត្រូវបាន​សម្លាប់​កាលពី​ ៤ ​ឆ្នាំមុន​នៅក្នុង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​ក្នុង​រដ្ឋបាល​ដឹកនាំ​ដោយ​លោក ដូ​ណា​ល់ ត្រាំ​។

តាម​ការដកស្រង់​រប​ស់ Al-Jazeera អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Matthew Miller បាន​និយាយ​អំពី​ការ​បំ​ផ្ទុះ​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​សហរដ្ឋ​អាមេរិក​មិនជា​ប់​ពាក់ព័ន្ធ​ក្នុង​មធ្យោបាយ​ណាមួយ​ទេ ហើយ​ការសន្និដ្ឋាន​ណាមួយ​ដែល​ផ្ទុយ​ គឺ​គួរឱ្យ​អស់សំណើច​ណាស់​»​។

លោក​បាន​បន្ថែម​ក្នុងអំឡុង​ពេល​សន្និសីទ​ព័ត៌មាន​ប្រចាំថ្ងៃ​ថា​៖ «​យើង​គ្មាន​ហេតុផល​ដើម្បី​ជឿថា​ ​អ៊ី​ស្រា​អែល​មាន​ជាប់​ពាក់​​ព័ន្ធ​នឹង​ការ​បំផ្ទុះ​នេះ​ទេ​»​។

យោងតាម The Guardian ការវាយប្រហារ​មុនៗ​ទាំងនោះ ភាគច្រើន​ត្រូវបាន​គេ​កំណត់​គោលដៅ​ធ្វើឃាត​លើ​អ្នក​វិទ្យា​សាស្ត្រ​ ឬ​អំពើ​បំផ្លិចបំផ្លាញ​។ ការ​ទម្លាក់​គ្រាប់បែក​កាលពី​ថ្ងៃ​ពុធ​ នៅ​ក្រុង Kerman មិន​ស៊ីគ្នា​ទាល់តែសោះ​ដែល​មន្ត្រី​អាមេរិក និង​ចក្រភព​អង់គ្លេស​ប្រកែក​។

ប្រធានាធិបតី​​អ៊ី​រ៉ង់ Ebrahim Raisi បាន​ចោទប្រកាន់​អ៊ី​ស្រា​អែល​ដោយ​ឥត​លាក់លៀម ដោយ​ព្រមាន​ថា វា​នឹង​បង់​តម្លៃ​ដ៏​សែន​សោកសៅ​»​។​

វា​នឹងមិន​អាចទៅរួច​ទេ​ដែល​របប​ក្រុង​តេ​អេ​រ៉ង់​មិន​ឆ្លើយតប​តាមរបៀប​ណាមួយ​នោះ​សម្រាប់​ការវាយប្រហារ​ភេរវកម្ម​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ការបង្កើត​រដ្ឋ​​អ៊ីរ៉ង់ ប៉ុន្តែ Raisi បានផ្តល់​ពេលវេលា​ប្រយុទ្ធ​ខ្លះ ហើយ​ជាពិសេស​មិនបាន​ប្តេជ្ញាចិត្ត​ក្នុងការ​សងសឹក​ភ្លាមៗ​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ «​នៅពេល​វេលា និង​ទីកន្លែង​សមរម្យ​»​។

ក្រុម​ប្រយុទ្ធប្រឆាំង​លោក​ខាង​លិច​ដែល​គាំទ្រ​ដោយ​​អ៊ី​រ៉ង់​ដូច​ជា ហេស​បូ​ឡា​ហ៍ (Hezbollah)​ នៅ​ប្រទេស​លី​បង់ និង​កងកម្លាំង​ហ៊ូ​ធី​ (Houthi) ក្នុងប្រទេស​យេ​ម៉ែន សុទ្ធតែ​បានបង្ហាញ​ការឈឺចាប់​ចំពោះ​ហេតុការណ៍​ដែល​បានកើត​ឡើង​នេះ​។

រដ្ឋ​អ៊ិ​ស្លាម​ជាច្រើន​នៅ​តំបន់​មជ្ឈិមបូព៌ា​ចេញមុខ​ថ្កោលទោស​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​​អ៊ី​រ៉ង់​ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ជាង ១០០​ នាក់​ស្លាប់ និង​រងរបួស​ជាង​ ២០០​ នាក់​។ សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​កាន់​តែមាន​កម្តៅ​ខ្លាំង​ឡើងៗ ខណៈ​​អ៊ី​ស្រា​អែល​ផ្គើន​ដំណោះស្រាយ​អន្តរជាតិ​៕