តៃវ៉ាន់កំពុងតែចងក្រងឯកសារស្ដីអំពីសកម្មភាពនានារបស់ចិនដីគោកដែលតៃវ៉ាន់ចោទប្រកាន់ថា ជាទង្វើជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅសប្ដាហ៍ក្រោយ ហើយគ្រោងនឹងបោះផ្សាយឯកសារវិភាគទាំងនោះភ្លាមៗ បន្ទាប់ពីការបោះឆ្នោត។
បើទោះជារបាយការណ៍ផ្លូវការមិនទាន់ចេញផ្សាយក៏ដោយ តែរដ្ឋាភិបាលរបស់តៃវ៉ាន់បានចង្អុលបង្ហាញពីសម្ពាធយោធា និងសេដ្ឋកិច្ចដែលខ្លួនបានទទួលរងពីទីក្រុងប៉េកាំងថា ជាភ័ស្តុតាងនៃការជ្រៀតជ្រែកនៅមុនការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភានៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នៅចុងសប្តាហ៍ក្រោយ។
ទោះបីយ៉ាងណាមិញការិយាល័យកិច្ចការបរទេសចិនបានហៅការបោះឆ្នោតរបស់តៃវ៉ាន់ថា ជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន សុទ្ធសាធ ហើយថា គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចទៅវិញទេដែលចាត់ទុកការឈឺឆ្អាលលើបញ្ហារួមគ្នាថា ជាទង្វើជ្រៀតជ្រែកផ្ទៃក្នុង។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងការបោះឆ្នោតសភារបស់កោះតៃវ៉ាន់ គឺកំពុងតែធ្វើឡើងដោយប្រឆាំងនឹងចិនដីគោកដែលប៉ងបង្រួបបង្រួមប្រទេសទោះតាមមធ្យោបាយប្រើប្រាស់កម្លាំងកងទ័ពក៏ដោយ។ ការប្រឆាំងនឹងចិនដីគោក គឺដោយសារតែចិនព្យាយាមបង្រួបបង្រួមយកកោះតៃវ៉ាន់ឱ្យក្លាយទៅជាចិនតែមួយតាមរយៈការដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតប្រកួតប្រជែងនឹងគណបក្សកាន់អំណាច។
មិនត្រឹមតែប៉ុណ្ណោះចិនបានផ្ដល់ជម្រើស ២ ដល់តៃវ៉ាន់សម្រាប់ការបោះឆ្នោតខាងមុខនេះ គឺរវាងសង្គ្រាមឬសន្តិភាព និងថាតៃវ៉ាន់បានបំភ្លៃព័ត៌មានគំរាមកំហែងយោធាពីចិន ព្រោះចង់បានសន្លឹកឆ្នោតតែប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ លោក Joseph Wu បានសរសេររៀបរាប់ថា៖ «ប្រសិនបើប្រទេសចិន ទទួលបានជោគជ័យក្នុងការរៀបចំលទ្ធផលនៃការបោះឆ្នោតនៅតៃវ៉ាន់ ចិននឹងអនុវត្តយុទ្ធសាស្ត្រដូចគ្នាចំពោះលទ្ធិប្រជាធិបតេយ្យផ្សេងទៀត ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ជាតិដែលខ្លួនពេញចិត្ត»។
លោកក៏បានជំរុញឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់បន្ថែមទៀតចំពោះបំណងរបស់ប្រទេសចិន ក្នុងការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់តាមរយៈយុទ្ធនាការពង្រីកឥទ្ធិពល និងបំប៉ោងព័ត៌មានមិនពិត ដោយធ្វើយ៉ាងណាឱ្យអ្នកបោះឆ្នោតតៃវ៉ាន់មានការភាន់ច្រឡំព័ត៌មាន និងសម្រេចចិត្តខុសទៅគាំទ្របេក្ខជនណាដែលចិនយល់ថាខ្លួនងាយស្រួលក្នុងការសន្ទនា។
គណបក្សកាន់អំណាចរបស់តៃវ៉ាន់គឺបក្ស DPP នឹងត្រូវប្រឈមជាមួយគូប្រជែងដ៏ធំបំផុតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយចិន គឺគណបក្ស KMT ប៉ុន្តែលទ្ធផលយ៉ាងណាមានតែប្រជាជនតៃវ៉ាន់ដែលមានសិទ្ធិបោះឆ្នោតប៉ុណ្ណោះជាអ្នកសម្រេច៕