នៅថ្ងៃព្រហស្បតិ៍ ទី ៤ ខែមករា ដើមឆ្នាំ ២០២៤ នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញក្រឹត្យមួយ ដែលអនុញ្ញាតឱ្យជនបរទេសដែលប្រយុទ្ធដើម្បីរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែន អាចទទួលបានសញ្ជាតិរុស្ស៊ីសម្រាប់ខ្លួន និងក្រុមគ្រួសាររបស់ពួកគេ។
បទបញ្ជានេះចែងថាបុគ្គលណាដែលបានចុះហត្ថលេខាលើកិច្ចសន្យាក្នុងអំឡុងពេលដែលទីក្រុងម៉ូស្គូឱ្យឈ្មោះថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន អាចដាក់ពាក្យស្នើសុំដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៊ីសម្រាប់ខ្លួនពួកគេផ្ទាល់ និងប្តី ឬប្រពន្ធ កូន និងឪពុកម្តាយរបស់ពួកគេ ដោយពួកគេគ្រាន់តែត្រូវផ្តល់ឯកសារដែលបញ្ជាក់ថាពួកគេបានចុះឈ្មោះចូលបម្រើរុស្ស៊ីរយៈពេលមួយឆ្នាំ។
អ្នកដែលអាចទទួលបានសញ្ជាតិពិសេសនេះរួមមានអ្នកដែលបានចុះកិច្ចសន្យាជាមួយកងកម្លាំងប្រដាប់អាវុធធម្មតា ឬ ទម្រង់យោធាផ្សេងទៀត។ ក្នុងនោះបទបញ្ជានេះក៏អាចអនុវត្តដូចគ្នាចំពោះក្រុមដូចជា អង្គការទាហានស៊ីឈ្នួល Wagner។
វិធានការនេះត្រូវបានគេយល់ថា ទំនងជាធ្វើឡើងក្រោមគោលបំណងបង្កើនការលើកទឹកចិត្តបន្ថែមទៀតសម្រាប់ជនបរទេសដែលមានបទពិសោធយោធាដើម្បីដាក់ពាក្យចូលរួមក្នុងជួរទាហានរុស្ស៊ី។
ស្របពេលជាមួយគ្នានេះ ទីក្រុងម៉ូស្គូមិនផ្សព្វផ្សាយទិន្នន័យអំពីចំនួនជនបរទេសដែលកំពុងប្រយុទ្ធដើម្បីរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែននោះទេ។ ទោះបីជាយ៉ាងណា បើយោងទៅតាមការរាយការណ៍កន្លងមករបស់សារព័ត៌មានរ៉យទ័របានឱ្យដឹងថា ជនជាតិគុយបាដែលបានចុះឈ្មោះចូលបម្រើយោធារុស្ស៊ីជាថ្នូរនឹងប្រាក់រង្វាន់ដែលស្មើ ឬច្រើនជាង ១០០ ដងនៃប្រាក់បៀវត្សរ៍យោធាមធ្យមគុយបាប្រចាំខែ។
បើតាមប្រភពដែលច្បាស់ការពីការស៊ើបអង្កេតបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីខែមុន បានឱ្យដឹងថារបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបង្ហាញថាសង្គ្រាមអ៊ុយក្រែនបានធ្វើឱ្យកងទ័ព រុស្ស៊ីស្លាប់ និងរបួសចំនួន ៣១៥០០០នាក់ ឬក្បែរ ៩០ភាគរយ នៃចំនួនទ័ពដែលរុស្ស៊ីមាននៅពេលជម្លោះបានចាប់ផ្តើម។
គួរជម្រាបថារុស្ស៊ីបានពង្រាងទាហានបន្ថែម ៣០ ម៉ឺននាក់នៅខែកញ្ញា ឆ្នាំ ២០២២ ក្នុងការចល័តទ័ពលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២ហើយការបន្ថែមទ័ព ត្រូវបានគេរំពឹងទុកថា អាចធ្វើឡើងម្តងទៀតដែលទំនងជាបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីបន្ទាប់ក្នុងខែមីនាឆ្នាំ២០២៤ ដែលលោកពូទីន គ្រោងនឹងក្តាប់អំណាចនៅអាណត្តិទី៦។
ដោយឡែកពីសំណាក់វិមានក្រឹមឡាំងបានអះអាងម្តងហើយម្តងទៀតថា មិនចាំបាច់មានការចល័តទ័ពទៀតទេ ដ្បិតអីបុរសរាប់សែននាក់បានចុះហត្ថលេខាលើកិច្ចសន្យាស្ម័គ្រចិត្តកាលពីឆ្នាំមុន ដើម្បីក្លាយជាទាហានអាជីព។ យ៉ាងណាគិតត្រឹម រយៈពេល ២២ខែនៃសង្គ្រាមទាំងរុស្ស៊ី និងអ៊ុយក្រែន មិនបានបង្ហាញពីទំហំនៃការខាតបង់របស់ខ្លួនឡើយ៕