យោងតាមសេតវិមានអាមេរិក បានឱ្យដឹងថា រុស្ស៊ីកំពុងប្រើប្រាស់គ្រាប់មីស៊ីលផ្លោងដែលនាំចូលពីកូរ៉េខាងជើង ក្នុងការវាយប្រហារទៅលើទឹកដីអ៊ុយក្រែន។ បន្ថែមពីលើនេះ អាមេរិកអះអាងថា រុស្ស៊ីកំពុងចរចាទិញមីស៊ីលផ្លោងរយៈចម្ងាយខ្លីពីប្រទេសអ៊ីរ៉ង់បន្ថែមទៀត បើទោះបីជាមិនទាន់បានដឹកជញ្ជូនទៅដល់រុស្ស៊ីនៅឡើយក៏ដោយ។ នេះបើយោងតាមភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក។
កាលពីថ្ងៃព្រហស្បតិ៍ លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានលើកឡើងថា រុស្ស៊ីបានបាញ់គ្រាប់មីស៊ីលកូរ៉េខាងជើងចូលទៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី៣០ ខែធ្នូ ប៉ុន្តែវាបានធ្លាក់ចូលតំបន់វាលស្រែគ្មានមនុស្សរស់នៅ។ លោក ខឺប៊ី បានបន្ថែមថា កងកម្លាំងរុស្ស៊ីបានបាញ់គ្រាប់មីស៊ីលប្រភេទនេះជាច្រើននៅថ្ងៃទី២ ខែមករា ប៉ុន្តែគេមិនទាន់ធ្វើការវាយតម្លៃពីទំហំខូចខាតនៅឡើយទេ។
លោក ខឺប៊ី បានប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានថា ដោយសារតែការដាក់ទណ្ឌកម្ម និងការដាក់សម្ពាធទៅលើការនាំចេញ រុស្ស៊ីបានក្លាយជាប្រទេសឯកោនៅលើឆាកអន្តរជាតិ។ ដូច្នេះហើយ រុស្ស៊ីបានចាប់ផ្ដើមស្វែងរកទិញគ្រឿងសព្វាវុធពីប្រទេសកុម្មុយនីស្ដដូចគ្នា ដូចជាប្រទេសកូរ៉េខាងជើងជាដើម។
លោក ខឺប៊ី បាននិយាយថា មីស៊ីលរបស់កូរ៉េខាងជើងអាចបាញ់បានរយៈចម្ងាយ ៩០០ គីឡូម៉ែត្រ។ ជាថ្នូរនឹងកាំជ្រួចទាំងនេះ រុស្ស៊ីទំនងជានឹងផ្តល់យន្តហោះចម្បាំង មីស៊ីលបាញ់ពីដីទៅលើអាកាស រថពាសដែក ឧបករណ៍សម្រាប់ផលិតមីស៊ីលផ្លោង និងឧបករណ៍បច្ចេកវិទ្យាខ្ពស់ផ្សេងៗទៀត។
លោកបានបញ្ជាក់ថា៖«សកម្មភាពទាំងអស់នេះអាចបង្កហានិភ័យដល់សន្តិសុខយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ឧបទ្វីបកូរ៉េ និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ លោកក៏បានកត់សម្គាល់ផងដែរថា អ៊ីរ៉ង់បានដាក់បង្ហាញនូវសមត្ថភាពមីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់ខ្លួនឱ្យរុស្ស៊ីបានពិនិត្យមើលរួចស្រេចហើយ បើទោះបីជាមិនមានភ័ស្តុតាងពីការបញ្ជូនគ្រាប់មីស៊ីលទាំងនោះទៅកាន់ប្រទេសរុស្ស៊ីក៏ដោយ។
លោកបាននិយាយថា ឥឡូវនេះ សហរដ្ឋអាមេរិកកំពុងព្រួយបារម្ភថាកិច្ចចរចារបស់រុស្ស៊ីក្នុងការទិញមីស៊ីលផ្លោងរយៈចម្ងាយខ្លីពីអ៊ីរ៉ង់កំពុងដំណើរការយ៉ាងសកម្ម។ លោកបានសន្និដ្ឋានថា«រុស្ស៊ីគ្រោងនឹងទិញប្រព័ន្ធមីស៊ីលពីអ៊ីរ៉ង់ទាំងស្រុងតែម្ដង»។
ជាការឆ្លើយតប លោក ខឺប៊ី បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើប្រទេសដែលជួយសម្រួលដល់ការដឹកជញ្ជូនអាវុធទាំងនោះ ជាពិសេសជួយដល់ការធ្វើពាណិជ្ជកម្មអាវុធរវាងរុស្ស៊ីនិងកូរ៉េខាងជើង ព្រោះវាជាការរំលោភលើគោលការណ៍ហាមឃាត់ការជួញដូរអាវុធអន្តរជាតិ។
លោកបានស្នើថា ការទិញអាវុធបរទេសរបស់ទីក្រុងម៉ូស្គូ គួរតែអាចដាស់តឿនដល់សភាអាមេរិកអំពីផលវិបាកដែលអាចកើតមានឡើង ដូច្នេះអាមេរិកគួរតែចាប់ផ្ដើមពិចារណាផ្ដល់កញ្ចប់ផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនឱ្យបានមុនថ្ងៃបុណ្យណូអែល។
លោកបានបញ្ជាក់ថា៖«រុស្ស៊ីកំពុងងាកទៅរកសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការកសាងកម្លាំងយោធាឡើងវិញ ដើម្បីគាំទ្រដល់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន»។ លោកបានគូសបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង តែងតែឈរខាងប្រទេសរុស្ស៊ី ដោយឡែកប្រជាជនអ៊ុយក្រែនគួរតែដឹងឱ្យបានច្បាស់ថា សហរដ្ឋអាមេរិកតែងតែនៅខាងអ៊ុយក្រែនជានិច្ច។
លោកបានជំរុញឱ្យសភាអាមេរិកម្ដងហើយម្ដងទៀតថា គួរតែដាក់ចេញសកម្មភាពភ្លាមៗ ពោលគឺត្រូវផ្តល់ឱ្យអ៊ុយក្រែននូវគ្រឿងសព្វាវុធ ដើម្បីការពារខ្លួន៕