ប្រទេសចិននៅថ្ងៃអាទិត្យនេះ បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនទាក់ទងនឹងវិស័យការពារជាតិរអាមេរិកចំនួន៥ ដើម្បីជាការឆ្លើយតបទៅនឹងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់ និងការដាក់ទណ្ឌកម្មរបស់មហាអំណាចដដែលនេះទៅលើក្រុមហ៊ុន និងបុគ្គលចិន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះតាមអ៊ីនធឺណិតថា ទណ្ឌកម្មនេះ នឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំង៥ ដែលមាននៅក្នុងប្រទេសចិន ហើយហាមឃាត់អង្គការ និងបុគ្គលនៅក្នុងប្រទេសចិន មិនឱ្យធ្វើអាជីវកម្មជាមួយពួកគេឡើយ។
ក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុនឧស្សាហកម្មការពារជាតិ BAE Systems Land and Armament, ក្រុមហ៊ុនអវកាសការពារជាតិ Alliant Techsystems Operation, ក្រុមហ៊ុនផលិតដ្រូនAeroVironment, ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ិនធឺណិត ViaSatនិងក្រុមហ៊ុនផ្ដល់សេវាកម្មពាក់ព័ន្ធនឹងទិន្នន័យData Link Solutions ។
ក្រសួងការបរទេសចិនដដែល បាននិយាយថា ទង្វើរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន បំផ្លាញសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងរំលោភសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុន និងបុគ្គលចិន។
សេចក្តីថ្លែងការណ៍របស់ក្រសួងបន្តថា៖ «រដ្ឋាភិបាលចិននៅតែមិនផ្លាស់ប្តូរក្នុងការតាំងចិត្តដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងបូរណភាពទឹកដី និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងប្រជាពលរដ្ឋចិន»។
ការប្រកាសទណ្ឌកម្មរបស់ចិននាពេលនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកអនុម័តការលក់សេវាកម្មផ្នែកទំនាក់ទំនង និងឧបករណ៍ទាក់ទងនឹងវិស័យការពារជាតិទៅឱ្យតៃវ៉ាន់ ក្នុងតម្លៃប្រហែល ៣០០លានដុល្លារកាលពីខែមុន។ កាលនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbinបានព្រមានហើយថា ប្រទេសចិននឹងចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការលក់នេះ។
តៃវ៉ាន់ គឺជាបញ្ហាសំខាន់មួយក្នុងទំនាក់ទំនងអាមេរិក និងចិន ដែលអ្នកវិភាគបារម្ភថាអាចផ្ទុះទៅជាជម្លោះយោធារវាងមហាអំណាចទាំង២។ ចិនចាត់ទុកតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយចាត់ទុកការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះនេះ គឺជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន៕