ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ កាលពីថ្ងៃទី ៦ មករា កន្លងទៅ បានចោទប្រកាន់ប្រទេសចិន ថាបានគំរាមកំហែងសុវត្ថិភាពវិស័យអាកាសចរណ៍ តាមរយៈការបង្ហោះបាឡុងចារកម្ម នៅពីលើដែនកោះនេះ។
យ៉ាងណាមិញ ការបង្ហោះបាឡុងរបស់ចិន នេះធ្វើឡើង ស្របពេលដែលការបោះឆ្នោតប្រធានាធិបតីរបស់ តៃវ៉ាន់ កាន់តែកៀកចូលមកដល់។ ម្ល៉ោះហើយ តៃវ៉ាន់ ចាត់ទុកទង្វើរបស់ចិនដីគោក បែបនេះ ថា ជាការគំរាមកំហែងដល់សន្តិសុខប្រជាជាតិកោះតៃវ៉ាន់ទាំងមូល។
តៃវ៉ាន់ ឯណោះក៏កំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពយោធា និង នយោបាយរបស់ចិននៅមុនការបោះឆ្នោតប្រធានាធិបតី និងបោះឆ្នោតសភា នៅថ្ងៃទី ១៣ ខែមករា។ កោះ តៃវ៉ាន់ បានអះអាងថា ប្រទេសចិន កំពុងដាក់សម្ពាធផ្នែកយោធា និង សេដ្ឋកិច្ចដល់ខ្លួនដែលស្មើទៅនឹងការប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោត។
ជាការជ្រៀតជ្រែកសម្រាប់កោះតៃវ៉ាន់ ប៉ុន្តែ សម្រាប់ចិន ការលូកដៃចូលក្នុងរឿងបោះឆ្នោតនេះជាការឈឺឆ្អាលលើបញ្ហារួម។ ជាបញ្ហារួមព្រោះចិនចាត់ទុកកោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន ខណៈតៃវ៉ាន់ ច្រានចោលការទាមទារនេះ។
អនុប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ដែលជាបេក្ខជនប្រធានាធិបតីរបស់បក្សកាន់អំណាច (DPP) បាននិយាយថាចិនកំពុងតែប្រើប្រាស់អាវុធចិត្តសាស្ត្រដាក់តៃវ៉ាន់និងពិភពលោកតាមរយៈការបំផុសព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់។
បើទោះជាយ៉ាងនេះក្ដីលោក Lai Ching-te នៅតែមានជំនឿចិត្តចំពោះប្រជាជនតៃវ៉ាន់ទាំង២៣លាននាក់និងនៅតែបង្ហាញចំហរមិនចុះញមជាមួយរបបផ្ដាច់ការរបស់ចិនដីគោក។
ដោយឡែក ចិន ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនូវបច្ចេកទេសក្នុងការប្រើប្រាស់បាឡុងចារកម្មដើម្បីស៊ើបការសម្ងាត់នានា។
កាលពីខែកុម្ភៈ ឆ្នាំមុន អាមេរិក ក៏បានបាញ់ទម្លាក់បាឡុងរបស់ចិនផងដែរ ប៉ុន្តែត្រូវបានចិនបដិសេដថា បាឡុងនោះមិនមែនជាបាឡុងចារកម្មនោះទេ ហើយវាបានរសាត់ទៅដល់តំបន់នោះដោយចៃដន្យតែប៉ុណ្ណោះ។
ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៣ ក្រសួងការពារជាតិរបស់តៃវ៉ាន់ បានរាយការណ៍នូវករណីជាច្រើននៃបាឡុងរបស់ចិន ដែលហោះពាសពេញច្រកសមុទ្ររបស់ខ្លួន។
ក្រសួងការពារជាតិថែមទាំងបាននិយាយ កាលពីសប្តាហ៍មុន ទៀតថា បាឡុងមួយចំនួនបានហោះនៅក្បែរមូលដ្ឋានទ័ពអាកាសសំខាន់៕