នៅ​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ទៀត​ទេ​ពោលគឺ​ នៅ​ថ្ងៃទី ១៣ ខែមករា​ឆ្នាំ ២០២៤ ខាងមុខនេះ ​ប្រជាជន​កោះ​តៃវ៉ាន់ ​ប្រមាណ ១៩ លាន ៥សែន​នាក់ ​ដែល​មានសិទ្ធិ​បោះឆ្នោត​ នឹងចូលរួម​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​ តំណាង​នៅសភា ​សម្រាប់​អាណត្តិ​ក្រោយ​ទៀត​ដែល​ការបោះឆ្នោត​នេះ​ជា​ជម្រើស​មួយ​ដ៏​មាន​សារសំខាន់​របស់​ប្រជាជន​ តៃវ៉ាន់ ​ក្នុង​ការរក្សា​ស្ថេរភាព​សង្គម។នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Strait Times។

ប្រភព​ដដែល​បាន​បន្តថា ប្រជាជន​តៃវ៉ាន់​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​រប​ស់​ខ្លួន​ដែលមាន​ប្រមាណ ១១៣ កៅអី​ ក្នុងចំណោម ១៨ ម៉ឺន​ ទីស្នាក់ការ​បោះឆ្នោត​នៅ​ទូទាំង​ កោះ​តៃវ៉ាន់ ​នៅ​ពាក់កណ្តាល ​ខែមករា ​ឆ្នាំ ២០២៤ នេះ។

លោកស្រី​ សៃ​ អ៊ីង​វេន (Tsai Ing-wen) ប្រធានាធិបតី​របស់​កោះ​តៃវ៉ាន់​មកពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) នឹង​លាលែង​ពី​តំណែង​ នៅ​អំឡុង ​ខែឧសភា​ ឆ្នាំ ២០២៤ ខាងមុខនេះ​ បន្ទាប់ពី​ លោកស្រី​បាន​កាន់តំណែង​ជា​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ចំនួន២អាណត្តិ​រួច​មួយ​ហើយ។

ការបោះឆ្នោត​របស់​កោះ​តៃវ៉ាន់​អាណត្តិ​ក្រោយ​សម្រាប់​ជំនួស​តំណែង​ លោកស្រី​ សៃ អ៊ី​ងវេន​ប្រធានាធិបតី​កោះ​តៃវ៉ាន់ ​គឺមាន​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​មានដូចជា ​លោក​ ឡាយ​ឈី​ង​តេ (Lai Ching-te) អនុ​ប្រធានាធិបតី​តៃវ៉ាន់​ មកពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ, លោក ​ហ៊ូ​យ៊ូ​អ៊ី (Hou Yu-ih) មកពី​គណបក្ស​គូ​មីង​តាង​ដែលជា​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​របស់​កោះ​តៃវ៉ាន់ ​និង  ​លោក​កូ​វ៉ិ​ន​ជេ (Ko Wen-je) បេក្ខភាព​មកពី​បក្ស​ប្រជាជន​តៃវ៉ាន់ (TPP)។

លោក​ ឡាយ ​ឈី​ង​តេ​ ជា​​ បេក្ខភាព​មកពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​របស់ លោក​ស្រី ​សៃ​អ៊ី​ងវេន ដែល​លោក​គឺជា​ អតីត​វេជ្ជបណ្ឌិត​មួយរូប។ រូបលោក​បាន​ប្រឡូក​ចូលក្នុង​ឆាកនយោបាយ​ប្រមាណ ៣០ ឆ្នាំ​មកហើយ។​ លោក ក៏​ជា​សមាជិកសភា​មកពី​ខេត្ត​តៃ​ណាន​ភាគខាងត្បូង​កោះ​តៃវ៉ាន់​និង​ក្រោយមកទៀត​បានក្លាយ​ជា​អភិបាលក្រុង​នៅ​ទីនោះ​ផ្ទាល់​តែម្តង។

ចំណែក លោក ​ហ៊ូ​យ៊ូ អ៊ី ​គឺជា​អតីត​មេប៉ូលីស​កោះ​តៃវ៉ាន់។ ​រូបលោក​បាន​ប្រឡូក​ចូលក្នុង​ឆាកនយោបាយ​របស់​កោះ​តៃវ៉ាន់​ប្រមាណ ១៤ឆ្នាំ ​មកហើយ​ក្នុងនាម​ជា​អភិបាលរងក្រុង New Taipei។ ខណៈ​លោក ​កូ​វ៉ិ​ន​ជេ ​ក៏​ជា​អតីត​គ្រូពេទ្យ​វះកាត់​មួយ​រូប។ រូបលោក​បាន​ឈាន​ជើង​ចូល​ជា​អ្នក​នយោបាយ​នៅពេល​លោក​ទទួល​បាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​អភិបាល​ក្រុង Taipei ក្នុង​ឆ្នាំ ២០១៤ ​ក្នុង​នាម​ជា​បេក្ខភាព​ឯករាជ្យ​មួយរូប។

ទំនាក់​ទំនង​របស់​កោះ​តៃវ៉ាន់​ជាមួយ​ចិនដីគោក​គឺជា​បញ្ហា​មួយ​ដ៏​ក្តៅ​គគុក​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ដែល​អ្នកនយោបាយ​និង​ប្រជាជន​តៃវ៉ាន់​ទាំងអស់​ត្រូវ​ដោះស្រាយ​ជាពិសេស​ក្នុង​អំឡុងពេល​ការ​បោះឆ្នោត​ជាតិ​របស់ខ្លួន​ដូច​ពេល​នេះដែរ​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​របស់​ពួកគេ៕