អង់គ្លេសដែលជាសត្រូវចម្បងរបស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន នៅថ្ងៃទី ៧ ខែមករានេះ បានឱ្យដឹងថា ខ្លួនគ្រោងនឹងចំណាយប្រាក់ ៣០០ លានផោន សម្រាប់អភិវឌ្ឍន៍កម្មវិធីថ្មីមួយដើម្បីផលិតឥន្ធនៈនុយក្លេអ៊ែរកម្រិតខ្ពស់ចុងក្រោយដែលសមរម្យសម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រផលិតថាមពលជំនាន់ក្រោយ ខណៈ អង់គ្លេស ស្វែងរកការដកខ្លួនពីការពឹងផ្អែកលើវិស័យថាមពលលើប្រទេសរុស្ស៊ី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា អង់គ្លេសគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាង ២០ រួមទាំងសហរដ្ឋអាមេរិក បារាំង និងកូរ៉េខាងត្បូងផងដែរ ដែលថ្មីៗនេះបានចុះហត្ថលេខាលើការសន្យាដើម្បីបង្កើនសមត្ថភាពនុយក្លេអ៊ែរពិភពលោកបីដងរហូតដល់ឆ្នាំ ២០៥០ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីកាត់បន្ថយការបំភាយកាបូនដែលបំផ្លាញអាកាសធាតុ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី៧ ខែមករា ចក្រភពអង់គ្លេសបាននិយាយថា ការវិនិយោគថ្មីរបស់ខ្លួននឹងជួយគាំទ្រដល់ការផលិតក្នុងស្រុកនូវសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់បានកម្រិតទាប (HALEU) ដែលជាប្រភេទឥន្ធនៈដែលបច្ចុប្បន្នផលិតក្នុងកម្រិតពាណិជ្ជកម្មដោយប្រទេសរុស្ស៊ីតែប៉ុណ្ណោះ។
ប្រទេសជាច្រើននៅតំបន់អឺរ៉ុប រួមទាំងអង់គ្លេសដែលទើបចាកចេញពីអឺរ៉ុប បានព្យាយាមកាត់បន្ថយការពឹងផ្អែកថាមពលលើមហាអំណាចរុស្ស៊ី ចាប់តាំងពីកងកម្លាំងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
នាយកដ្ឋានសន្តិសុខថាមពលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការចាប់ផ្តើមកម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូម HALEU នឹងអាចឱ្យចក្រភពអង់គ្លេសផ្គត់ផ្គង់ទៅកាន់ពិភពលោកជាមួយនឹងប្រេងឥន្ធនៈនុយក្លេអ៊ែរពិសេស និងធ្វើឱ្យរុស្ស៊ីរបស់លោកពូទីននៅដាច់ដោយឡែក»។
សេចក្តីថ្លែងការណ៍បាននិយាយថា រោងចក្រផលិតដំបូងគេគ្រោងនឹងដំណើរការនៅដើមទសវត្សរ៍ឆ្នាំ២០៣០ នៅភាគពាយព្យនៃប្រទេសអង់គ្លេស៕