ជម្លោះ​ការ​ទូត​​​រវាង​​​​បស្ចិម​លោក ​​និង​​​រុស្ស៊ី​​កំពុង​តែ​អង្រួន​​ក្រុម​ប្រឹក្សាសន្តិសុខ​​អង្គការ​សហប្រ​ជាជាតិ​ ​(UNSC) ជុំវិញ​ការ​​​ផ្គត់ផ្គង់​អាវុធ​​ដល់​រុស្ស៊ី​​ពី​សំណាក់​កូរ៉េខាងជើង​ និង​​​​ការ​ផ្គត់​ផ្គង់​អាវុធ​​របស់​លោកខាង​លិច​​ដល់​អ៊ុយក្រែន​។ 

សមាជិក​​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​​​នៃ​អង្គការ​សហ​ប្រជាជាតិ​នឹង​ពិភាក្សា​​​​អំពី​​ការផ្គត់ផ្គង់​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​ដល់​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃទី១០ ​​ខែ​មករា ខណៈ​​​ស្ថាប័ន​​​កំពូល​មួយ​នេះ​​​ក៏​នឹង​​បើក​កិច្ច​ប្រជុំ​​​លើ​ការ​​ស្នើ​​របស់​​រុស្ស៊ី​​លើ​កា​រផ្គត់ផ្គង់​អាវុធ​​​របស់​បស្ចិមលោកដល់​ប្រទេសអ៊ុយក្រែន ​​ដែលរុស្ស៊ី​​​ឈ្លាន​ពាន​​អស់​រយៈពេល​ជិត​​២ឆ្នាំ​។​

យោង​តាម​ការ​ផ្សាយ​របស់​ kyiv​independent.com​ លោក Sergiy Kyslytsya តំណាង​​អចិន្រៃ្តយ៍​របស់​​ប្រទេសអ៊ុយ​ក្រែ​ន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ X ​​​ឱ្យ​ដឹង​ថា ​ក្រុម​ប្រឹក្សា​​អង្គការ​សហ​ប្រជាជាតិ​​​នឹង​បើក​កិច្ច​ប្រជុំ​​​លើ​កា​រផ្គត់ផ្គង់​អាវុធ​របស់​កូរ៉េខាង​ជើង​ បន្ទាប់​ពី​អ៊ុយក្រែន​បាន​ប្តឹង​​។

សារព័ត៌មាន​ខាង​លើ បាន​ដក​ស្រង់​​ខ្លឹម​សារ​ដែល​​លោក Kyslytsya ថា៖​«បញ្ហា​នៃ​ការផ្គត់ផ្គង់​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េ​ខាងជើង​ដល់​ប្រទេស​រុស្ស៊ី និង​ការប្រើប្រាស់​របស់​ពួកគេ​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន នឹង​ក្លាយ​ជា​ប្រធានបទ​នៃ​ការពិភាក្សា​នៅ​ថ្ងៃទី១០ ​ខែមករា នៅក្នុង​កិច្ចប្រជុំ​ដែល​បាន​កោះប្រជុំ​ដោយ​មាន​ការសម្របសម្រួល​ជាមួយ​អ៊ុយ​ក្រែ​ន​ដោយ​សមាជិក​ដៃគូ​នៃ​ក្រុមប្រឹក្សាសន្តិសុខ»។​

​ប៉ុន្តែ​​ដើម្បី​វាយ​បក​តាម​មធ្យោបាយ​​​​ការ​ទូត ក្រសួង​ការ​បរទេសរុស្ស៊ី​ក៏​បាន​ដាក់​ពាក្យ​​ប្តឹង​​ទៅ​ក្រុម​​ប្រឹក្សា​​​សន្តិសុខ​​​អង្គការ​សហប្រជា​ជាតិ​​ដើម្បី​​​ដោះ​ស្រាយ​​​លើ​ការ​ផ្គត់ផ្គង់​អាវុធ​របស់​ប្រទេស​លោក​ខាងលិច​​​​ដល់​ប្រទេសអ៊ុយក្រែន​​។ 

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​​រុស្ស៊ី​ TASS បាន​ផ្សាយ​នៅ​​ថ្ងៃ​ទី​​៦ ​ខែ​មករា​ ដោយ​​ដក​ស្រង់​ប្រភព​មួយ​នៅ​​អង្គការ​សហ-​ប្រជា​ជាតិ​​​ ​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហ​ប្រជាជាតិ​​នឹង​បើក​កិច្ច​ប្រជុំ​​​នៅ​ថ្ងៃទី​២២ ​ខែ​មករា​ ទាក់​ទង​នឹង​ការផ្គត់ផ្គង់​អាវុធ​របស់​លោក​ខាងលិច​ដល់​អ៊ុយក្រែ​ន​ តប​តាម​ការ​ស្នើ​របស់​ភាគី​ប្រទេសរុស្ស៊ី​​។

TASS ​បាន​ផ្សាយ​ថា​៖«កិច្ចប្រជុំ​ស្តីពី​ការផ្គត់ផ្គង់​សព្វាវុធ​របស់​​លោក​ខាងលិច​ត្រូវបាន​ស្នើឡើង​​សម្រាប់​ថ្ងៃទី២២ ខែ​មករា»​។

យោង​តាម kyiv​independent ភាគី​​​អ៊ុយក្រែន​​បាន​ស្នើ​ទៅ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​​​ ​បន្ទាប់ពី​ការ​ថ្លែង​​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក Linda Thomas-Greenfield ដែល​បាន​អះអាង​ថា​​ សហរដ្ឋអាមេរិ​ក​មាន​ព័ត៌មាន​ថ្មី​អំពី​សព្វាវុធ​ដែល​រុស្ស៊ី​ទទួលបាន​ពី​ប្រទេស​ទី​៣ដើម្បី​គាំទ្រ​ការ​បំផ្លាញ​​អ៊ុយ​ក្រែ​ន។ 

យោងតាម​លោក Thomas​Greenfield ថ្មីៗនេះ កូរ៉េ​ខាង​ជើង​​បាន​ផ្ទេរ​កាំជ្រួច​ និង​មី​ស៊ី​ល​​ផ្លោង​រាប់សិប​គ្រឿង​ទៅកាន់​ប្រទេស​រុស្ស៊ី។

រុស្ស៊ី​​ និង​អ៊ុយក្រែន​ បាន​បើក​ការ​ប្រយុទ្ធ​​ដោយផ្លោង​ដាក់​គ្នា​​​យ៉ាង​​​ខ្លាំង​នៅ​​មុន​​ឆ្លងឆ្នាំ​២០២៣​ ដែល​សម្លាប់​​ និង​បង្ក​របួស​ដល់​ជន​ស៊ីវិល​ច្រើន​​នាក់។​

មន្ត្រី​អ៊ុយក្រែន លោក Kyslytsya បាន​លើក​ឡើង​ថា​ សហរដ្ឋអាមេរិក​ជឿថា «រុស្ស៊ី​នឹង​​​ប្រើប្រាស់​មី​ស៊ី​ល​បន្ថែម​ពី​កូរ៉េ​ខាងជើង ដើម្បីបំផ្លាញ​ហេដ្ឋា​រចនាសម្ព័ន្ធ​ស៊ីវិល​របស់​អ៊ុយក្រែ​ន​ កាន់តែច្រើន និង​សម្លាប់​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន»។

អាមេរិក​វាយតម្លៃថា ជា​ថ្នូរ​នឹង​​ការផ្គត់ផ្គង់​មី​ស៊ី​ល​ផ្លោង​​ដល់​ប្រទេសរុស្ស៊ី​ កូរ៉េ​ខាងជើង​​ស្វែងរក​យន្តហោះ​ចម្បាំង​​រុស្ស៊ី មី​ស៊ី​ល​​​បាញ់​ពី​ដី​ទៅ​អាកាស រថពាស​ដែក សម្ភារ​ផលិត​មី​ស៊ី​ល​ផ្លោង និង​បច្ចេកវិទ្យា​យោធាទំនើបៗ​ផ្សេង​ទៀត។

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​​រុស្ស៊ី​លោកស្រី Maria Zakharova បាន​​​លើក​ឡើង​ថា ការចោទប្រកាន់​របស់​បណ្តាប្រទេស​លោកខាងលិច​អំពី​កិច្ច​សហប្រតិបត្តិការ​ប​ច្ចេក​ទេស​យោធា​ខុសច្បាប់​រវាង​រុស្ស៊ី និង​កូរ៉េខាងជើង គឺ​គ្មាន​មូលដ្ឋាន និង​គ្មាន​ហេតុផល៕