បេសកកម្ម​សង្កេតមើល​ព្រះអាទិត្យ​របស់​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃទី៦ ខែមករា​ឆ្នាំ២០២៤ បាន​ឈានចូល​ទៅក្នុង​គន្លង​រប​ស់​ព្រះអាទិត្យ​ បន្ទាប់ពី​ការធ្វើដំណើរ​រយៈពេល ៤ ខែ​ ហើយក៏​ជា​ជោគជ័យ​ចុងក្រោយ​បំផុត​សម្រាប់​មហិច្ឆតា​រុករក​អវកាស​របស់​ប្រទេស​ដែលមាន​ប្រជាជន​ ច្រើន​បំផុត​នៅលើ​ពិភពលោក​មួយ​នេះ។

បេសកកម្ម Aditya-L1 របស់​ឥណ្ឌា​ត្រូវ​បាន​ដាក់ឱ្យ​ដំណើរ​ការកាលពី​ខែកញ្ញា​ឆ្នាំ​២០២៣ ហើយ​បច្ចុប្បន្ននេះ ​កំពុង​ផ្ទុក​​ឧបករណ៍​ជាច្រើន​ដើម្បី​វាស់​ស្ទង់​ និង​សង្កេត​មើល​ស្រទាប់​ខាងក្រៅ​​របស់​ព្រះអាទិត្យ។

រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​​របស់​​​ឥណ្ឌា​ លោក ​Jitendra Singh បានឱ្យដឹង​នៅលើ​បណ្តាញ​សង្គម​ថា​ការស៊ើបអង្កេត​នេះ​បាន​ឈានដល់​គន្លង​​ចុងក្រោយ​របស់ខ្លួន​ហើយ «ដើម្បី​ស្វែងរក​អាថ៌កំបាំង​នៃ​ទំនាក់ទំនង​រវាង​ព្រះអាទិត្យ​​ និង​ផែនដី»។

សហរដ្ឋអាមេរិក​ និង​ទីភ្នាក់ងារ​អវកាស​​អឺរ៉ុប​បាន​បញ្ជូន​យានអវកាស​ជាច្រើន​ទៅកាន់​មជ្ឈមណ្ឌល​ប្រព័ន្ធ​ព្រះអាទិត្យ​ចាប់តាំងពី​កម្មវិធី Pioneer របស់​ Nasa​ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០​។

ចំណែក​នៅ​អាស៊ី​ ប្រទេស​ជប៉ុន​ និង​ចិន​​បាន​ដាក់​បេសកកម្ម​សង្កេតមើល​ព្រះអាទិត្យ​​របស់ខ្លួន​បាន​ត្រឹម​គន្លង​ផែនដី​ប៉ុណ្ណោះ។ ដោយឡែក​បេសកកម្ម​ចុង​ក្រោយ​បង្អស់​របស់​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​ គឺជា​បេសកកម្ម​ដំបូង​គេ ប្រចាំ​ទ្វីបអាស៊ី​ដែល​បានដាក់​យានអវកាស​​ចូល​ក្នុង​គន្លង​ជុំវិញ​ព្រះអាទិត្យ​ដោយ​ជោគជ័យ។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ លោក ​Narendra​ Modi បាន​​អបអរ​សាទរ​ដោយ​​លើក​​ឡើង​​​ថា ​វា​ជា​អ្វីដែល​តំណាងឱ្យ​ប្រទេស​របស់ខ្លួន​ថ្មី​មួយទៀត ពោលគឺ​នៅក្នុង​កម្មវិធី​អវកាស។ លោក​បាន​បន្ថែម​នៅ​លើ​​បណ្តាញ​សង្គម​ថា ​វា​គឺជា​សក្ខីភាព​មួយ​ចំពោះ​ការលះបង់​ឥតឈប់ឈរ​របស់​​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា។

យាន ​​Aditya​ ដែល​ត្រូវបាន​គេ​ដាក់​ឈ្មោះ​​តាម​អាទិទេព​ព្រះអាទិត្យ​ហិណ្ឌូ​បានធ្វើដំណើរ​ចម្ងា​យ ១,៥ លាន​គីឡូម៉ែត្រ​ ពី​ផែន​ដី​ ខណៈ​នៅតែ​សល់​តែ ១% ទៀត​ប៉ុណ្ណោះ​​នៃ​ចម្ងាយ​រវាង​ភពផែនដី​របស់​មនុស្សជាតិ​​ និង​ផ្កាយ​ដែល​នៅ​ចំ​កណ្តាល​​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ។

បេសកកម្ម​នេះ​ក៏មាន​គោលបំណង​ស្វែង​យល់​ពី​សក្តានុពល​នៃ​បាតុភូត​ព្រះ​អាទិត្យ​​ផ្សេងទៀត​តាមរយៈ​ការថត​រូបភាព​ និង​វាស់​ភាគល្អិត​នៅក្នុង​បរិយាកាស​ខាង​លើ​​របស់​ព្រះអាទិត្យ។ ឥណ្ឌា​មាន​កម្មវិធី​អវកាស​ដែលមាន​តម្លៃ​ទាប​បំផុត​មួយ​ហើយ​ទំហំ​ និង​សម្ទុះ​នៃ​កម្មវិធី​របស់​ប្រទេស​​នេះ​បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់​តាំងពី​បានបញ្ជូន​យានអវកាស​ដំបូង​ចូល​ទៅ​ក្នុង​គន្លង​វិលជុំ​វិញ​​​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ២០០៨៕