ប៉ូលិសវៀតណាមបានចាប់ខ្លួនបុរសនៅខេត្ត Quang Ngai ម្នាក់ ដែលជាប់ចោទថាជាឃាតករសម្លាប់មនុស្ស ៦ នាក់ កាលពី ៤៣ ឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃសៅរ៍ ទី ៦ ខែមករា ឆ្នាំ ២០២៤។
បុរសម្នាក់នោះ ឈ្មោះ Phan Thanh Viet អាយុ ៧១ ឆ្នាំ។ លោកត្រូវបានចាប់ខ្លួននៅទីក្រុង Ca Mau ភាគខាងត្បូងប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ ដោយប៉ូលិសខេត្ត Quang Ngai ដើម្បីស៊ើបអង្កេតពីបទប្លន់សម្លាប់។
VnExpress បានចុះផ្សាយដោយស្រង់សម្ដីអ្នកស៊ើបអង្កេតម្នាក់ ដែលបាននិយាយថា រូប-រាងរបស់លោក Viet មិនសូវជាផ្លាស់ប្ដូរប៉ុន្មានទេក្នុងរយៈពេល ៤៣ ឆ្នាំ ចុងក្រោយ ដែលគេតាមចាប់ខ្លួនលោកនេះ។ លោកមានលក្ខណៈសម្គាល់ជាច្រើន រួមទាំងអត់មានម្រាមដៃមួយចំនួន។ អ្នកស៊ើបអង្កេតបន្តថា លោក Viet បានសារភាពភ្លាមៗចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន នៅពេលចាប់ខ្លួន។
នៅខែមេសា ឆ្នាំ ១៩៨១ លោក Viet និងបក្ខពួក ៤ នាក់ផ្សេងទៀតនៅខេត្ត Quang Ngai បានបង្កើតផែនការ ដើម្បីបញ្ចុះបញ្ចូលឱ្យប្រជាជនធ្វើចំណាកស្រុកទៅក្រៅប្រទេសតាមទូក ហើយសម្លាប់ពួកគេដើម្បីលួចទ្រព្យសម្បត្តិ។
បក្ខពួកទាំង ៥ នាក់ដដែល បានជីករណ្ដៅមួយនៅលើឆ្នេរសមុទ្រ ហើយបន្ទាប់មកបានល្បួងមនុស្សដែលមានបំណងចំណាកស្រុកចំនួន ៦ នាក់ ឱ្យទៅម្ដុំនោះ ដោយប្រាប់ពួកគេថា នឹងមានកប៉ាល់មួយមកដឹកពួកគេចេញទៅនៅពេលយប់។
ប៉ុន្តែពេលជនរងគ្រោះបង្ហាញខ្លួន ក្រុមរបស់លោក Viet ក៏បានសម្លាប់ពួកគេចោលទាំងអស់ ហើយបោះសាកសពជនរងគ្រោះចូលទៅក្នុងរណ្ដៅដែលខ្លួនជីកសម្រាប់កប់។ ក្រោយមក បក្ខពួកឧក្រិដ្ឋជនទាំង ៥ នាក់ដដែល បានលួចមាស និងប្រមូលរបស់របរផ្សេងទៀត ដើម្បីចែកគ្នា មុនពេលពួកគេរត់គេចខ្លួនទៅច្រើនកន្លែង៕