ក្រុម​ហ៊ុន​អាកាសចរណ៍​ អាឡាស្កា អ៊ែរឡាញស៍​ (Alaska Airlines) បាន​ឱ្យ​ដឹង​ថា​ ខ្លួន​បាន​លុប​ជើង​ហោះ​ហើរ​ចំនួន​​ ១៧០ ជើង​ កាល​ពី​ថ្ងៃ​អាទិត្យ​ និង​៦០ ជើង​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​ បន្ទាប់​ពី​​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​ (FAA) ​បាន​បញ្ជា​ឱ្យ​ផ្អាក​ការ​ហោះ​ហើរ​នៃ​​ធុន​យន្តហោះ​​ប៊ូអ៊ីង​737 MAX 9 ​ចំនួន​ ១៧១​ គ្រឿង​​​ ដើម្បី​ដំណើរ​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ 

ក្រុម​ហ៊ុន​អាកាសចរណ៍​ដដែល​ បាន​និយាយ​ថា​ ការ​លុប​ជើង​ហោះ​ហើរ​​នឹងអាច​​បន្ត​​​ចូល​ទៅ​​​​សប្ដាហ៍​ក្រោយ​ទៀត​​​ ខណៈ​វា​​បាន​ប៉ះ​ពាល់​ដល់​ភ្ញៀវ​អ្នក​ដំណើរ​​ជិត​ ២៥ ០០០ នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​។ យ៉ាង​ណា​មិញ​ ក្រុមហ៊ុន​នៅ​តែ​បន្ត​ប្រតិបត្តិការ​ជើង​ហោះ​ហើរ​ ដោយ​យន្តហោះ​ធុន​ផ្សេង​ទៀត​។ 

កាល​ពី​ថ្ងៃ​សៅរ៍​ FAA ​​បាន​បញ្ជា​ឱ្យ​ផ្អាក​ការ​ហោះ​​ហើយរ​ជា​​​បណ្តោះ​អាសន្ន​នូវ​ធុន​យន្តហោះ​ប៊ូអ៊ីង737 MAX 9 ​ចំនួន​ ១៧១​ គ្រឿង ដែល​កំពុង​ប្រតិបត្តិការ​ទូទាំង​ពិភព​លោក​។ 

វិធាន​ការ​នេះ​ ដាក់​ចេញ​ឡើង​ក្រោយ​​​​យន្ត​ហោះ​737 MAX 9 ​មួយ​គ្រឿងរបស់ Alaska Airlines ​​​ បាន​បង្ខំ​ចុះ​ចត​ដោយ​សារ​តែ​បង្អួច​​​ខាងឆ្វេង​នៃ​តួ​យន្តហោះ​បាន​របើក​ដា​ច់​​ទៅ​តាម​ខ្យល់​​ ពេល​កំពុង​ហោះ​ហើរ​ចេញ​ពី​ក្រុង​ផតឡែនដ៍​ នៃ​រដ្ឋ​អូរីហ្គែន​ ឆ្ពោះ​ទៅ​ក្រុង​អនថារីយ៉ូ នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ កាល​ពី​ថ្ងៃ​សុក្រ​។ ​អ្នក​បើក​យន្តហោះ​ បាន​បង្ខំត្រឡប់​​ចុះ​ចតវិញ​​ដោយ​សុវត្ថិភាព​ ជា​មួយ​នឹង​អ្នក​ដំណើរ​ ១៧១ នាក់​ និង​ក្រុម​ការងារ​លើ​យន្តហោះ​ ៦ នាក់​ផ្សេង​ទៀត​។  

អ្នក​នាំ​ពាក្យ​ FAAបាន​និយាយ​​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​​ក្រុម​ហ៊ុន​អាកាស​ចរណ៍នានា​ ​អាច​ប្រតិបត្តិការ​ហោះ​ហើរ​​យន្ត​ហោះ​ម៉ាក​ 737 MAX 9 ឡើង​វិញ​ ទាល់​តែ​ FAA បញ្ជាក់​ថា វា​មាន​​សុវត្ថិភាព​គ្រប់​គ្រាន់​។ 

នៅ​សហរដ្ឋ​អាមេរិក​ មាន​តែ​ក្រុម​ហ៊ុន​ Alaska Airlines និង​ក្រុមហ៊ុន​អាកាសចរណ៍​​ យូណាយធីដ អ៊ែរឡាញស៍​ (United Airlines) ប៉ុណ្ណោះ​ ដែល​​ប្រើ​ប្រាស់​យន្តហោះ​​ប៊ូអ៊ីង​ 737 Max 9 ។ ក្រុមហ៊ុន​ Alaska Airlinesមាន​យន្តហោះ​ 737 Max 9 ចំនួន​ ៦៥ គ្រឿង​ ហើយ​ក្រុមហ៊ុន​ United Airlines មាន​ ៧៩ គ្រឿង​៕