ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់វៀតណាម VinFast កាលពីថ្ងៃសៅរ៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើតរោងចក្រផលិតរថយន្តដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនមួយនេះមានមហិច្ឆតាស្វែងរកឱកាសដើម្បីជ្រៀតចូលទីផ្សាររថយន្តធំលំដាប់ទី៣របស់ពិភពលោក។
បើយោងតាមសេចក្តីថ្លែងការណ៍រួមមួយបានឱ្យដឹងថាភាគីក្រុមហ៊ុន VinFast និងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌាបានយល់ព្រមសម្រេចលើការវិនិយោគក្នុងរង្វង់ទឹកប្រាក់រហូតដល់២ពាន់លានដុល្លារភ្ជាប់ជាមួយនឹងការប្តេជ្ញាចិត្តវិនិយោគ៥០០លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំដំបូងនៃគម្រោងនេះ។
សេចក្តីថ្លែងការណ៍រួមនេះបានបញ្ជាក់បន្ថែមថាការសាងសង់រោងចក្រផលិតរថយន្ត EV និងអាគុយសម្រាប់គម្រោងមួយនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះហើយដោយគម្រោងនេះអាចបង្កើតការងារបានពីចន្លោះ៣ ០០០ ទៅ៣ ៥០០ ការងារនៅក្នុងតំបន់ពោលគឺរដ្ឋ Tamil Nadu។
ក្រុមហ៊ុនVinFastបានបង្កើតឡើងក្នុងឆ្នាំ២០១៧ និងចាប់ផ្តើមបង្កើតរថយន្តអគ្គិសនី តាំងពីឆ្នាំ២០២១ មក។ VinFastបានប្រកាសផែនការបង្កើនការវិនិយោគជាច្រើននៅក្រៅប្រទេសក្នុងនោះក្រុមហ៊ុនវៀតណាមមួយនេះក៏បានបង្ហាញខ្លួនជាលើកដំបូងនៅលើផ្សារហ៊ុន Nasdaq កាលពីខែសីហាឆ្នាំ២០២៣ មុនពេលបង្ហាញផែនការពង្រីកវត្តមានរបស់ខ្លួននៅប្រទេសឥណ្ឌាមួយខែបន្ទាប់។
ចំណែករដ្ឋ Tamil Nadu ដែលត្រូវបានគេដាក់ឈ្មោះថា Detroit of Asia មានវត្តមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើននៅទីនោះ រួមទាំងក្រុមហ៊ុន BYD របស់ចិនក្រុមហ៊ុនផលិតកង់អគ្គិសនីរបស់ឥណ្ឌា Ola Electric និង Ather រួមទាំងVinfastនេះផងដែរ។
ក្រុមហ៊ុន VinFast បាននិយាយថាគម្រោងនៅរដ្ឋ Tamil Nadu ជាគម្រោងដែលខ្លួនរំពឹងថានឹងវិវត្តទៅជាមជ្ឈមណ្ឌលផលិតរថយន្ត EV លំដាប់ទីមួយនៅក្នុងតំបន់ជាមួយនឹងសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់ ១៥០០០០ គ្រឿង បើធៀបនឹង ២៥០០០០ ដែលជារោងចក្រចម្បងរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។
គិតត្រឹមពេលនេះរថយន្តអគ្គិសនីមានត្រឹមតែប្រហែល ២ ភាគរយប៉ុណ្ណោះនៃការលក់រថយន្តសរុបនៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុនប៉ុន្តែរដ្ឋាភិបាលឥណ្ឌា បានកំពុងកំណត់គោលដៅឱ្យឈានដល់៣០ភាគរយនៅឆ្នាំ២០៣០ ហើយក៏កំពុងព្យាយាមទាក់ទាញគម្រោងវិនិយោគពីបណ្តាលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផងដែរ។
តាមរយៈសេចក្តីថ្លែងការណ៍រដ្ឋាភិបាលរដ្ឋ Tamil Nadu បានប្តេជ្ញាផ្តល់ដីដែលបោសសម្អាតរួចរាល់សម្រាប់ រោងចក្រផលិតរួមទាំងធានាដល់ការផ្គត់ផ្គង់ថាមពលដោយគ្មានការរំខាននិងការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕