ក្រោយពីបង្រ្កាបបក្សប្រឆាំងយ៉ាងចាស់ដៃដោយគ្មានវត្តមានបក្សប្រឆាំងចូលរួមក្នុងការបោះឆ្នោត ដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានឈ្នះឆ្នោត សម្រាប់អាណត្តិ ៤ ឆ្នាំបន្តទៀត ដោយគណបក្ស Awami League របស់លោកស្រីឈ្នះអាសនៈចំនួន ១៦៥ ក្នុងចំណោមអាសនៈចំនួន ២២៤ ដែលបានប្រកាស។
មានការកត់សម្គាល់ថា ខណៈដែលគណបក្សរបស់លោកស្រីទទួលបានសំឡេងភាគច្រើនដាច់ខាត ខណៈអ្នកទៅបោះឆ្នោតតិចនៅក្នុងការបោះឆ្នោតសកលដែលត្រូវបានធ្វើពហិការដោយក្រុមប្រឆាំងដ៏សំខាន់។
ស្ថាប័នបោះឆ្នោតរបស់ប្រទេសបង់ក្លាដែស បាននិយាយកាលពីថ្ងៃចន្ទថាគណបក្ស Awami League ឈ្នះអាសនៈចំនួន១៦៥ ក្នុងចំណោមអាសនៈចំនួន ២២៤ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យជាមួយនឹងលទ្ធផលនៃអាសនៈដែលនៅសល់នៅតែមិនត្រូវបានប្រកាស។
នេះបើយោងតាមលទ្ធផលក្រៅផ្លូវការដែលចេញផ្សាយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត។
គណបក្សជាតិនិយមបង់ក្លាដែស (BNP) ដែលជាគណបក្សប្រឆាំងដ៏សំខាន់មួយដែលបានចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៨ ប៉ុន្តែពួកគេបានបោះបង់ការចូលរួមការបោះឆ្នោតក្នុងឆ្នាំ២០២៤នេះ ដោយសារនាយករដ្ឋមន្ត្រីកំពុងកាន់អំណាច គឺលោកស្រី SheikhHasina បានបដិសេធការទាមទាររបស់ពួកគេឱ្យលាលែងពីតំណែង និងអនុញ្ញាតឱ្យមានអាជ្ញាធរអព្យាក្រឹតដើម្បីរៀបចំការបោះឆ្នោត។
គណបក្ស BNP បានអំពាវនាវឱ្យមានការធ្វើកូដកម្មរយៈពេល២ថ្ងៃនៅទូទាំងប្រទេសរហូតដល់ថ្ងៃអាទិត្យដោយសុំឱ្យប្រជាជនចៀសវាងការបោះឆ្នោត។
លោកស្រី Hasina បានចោទក្រុមប្រឆាំងថាបានញុះញង់ឱ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានធ្វើឱ្យកក្រើកក្រុងដាកាចាប់តាំងពីចុងខែតុលា និងបានសម្លាប់មនុស្សយ៉ាងហោចណាស់១៤នាក់។
ប្រជាជនបង់ក្លាដែសភាគច្រើនមិនបានចូលរួមទៅបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ដែលត្រូវបានបំផ្លាញដោយអំពើហិង្សា។ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក KaziHabibulAwal បាននិយាយថា អ្នកចូលរួមបោះឆ្នោតមានប្រហែល ៤០ ភាគរយ នៅពេលដែលការបោះឆ្នោតត្រូវបានបិទការិយាល័យ បើធៀបនឹងជាង ៨០ភាគរយ នៅក្នុងការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០១៨។
ការបោះឆ្នោតត្រូវបានរៀបចំឡើង សម្រាប់អាសនៈសភា ដែលជាប់ឆ្នោតដោយផ្ទាល់ចំនួន ២៩៩ កៅអី ដែលមានអ្នកបោះឆ្នោតជិត ១២០ លាននាក់ជ្រើសរើសពីបេក្ខជនប្រកួតប្រជែងជិត ២០០០ នាក់។
លោកស្រី នាយករដ្ឋមន្ត្រី Hasina ដែលមានអាយុ៧៦ឆ្នាំត្រូវបានផ្តល់ការគាំទ្រដោយឱ្យកិត្តិយសចំពោះការបង្វែរសេដ្ឋកិច្ចរបស់ប្រទេសបង់ក្លាដែស និងឧស្សាហកម្មកាត់ដេរដ៏សំខាន់។ ប៉ុន្តែអ្នករិះគន់ចោទលោកស្រីពីបទផ្តាច់ការ ការរំលោភសិទ្ធិមនុស្ស ការបង្ក្រាបសេរីភាពនៃការបញ្ចេញមតិ និងការគាបសង្កត់អ្នកប្រឆាំង។
សេដ្ឋកិច្ចប្រទេសនៅអាស៊ីខាងត្បូងនេះក៏បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើង ដោយបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងអាហារនាំចូលកើនឡើងនិងបង្ខំឱ្យបង់ក្លាដែសក្នុងឆ្នាំ២០២៣ ងាកទៅខ្ចីប្រាក់ពីមូលនិធិរូបិយវត្ថុអន្តរជាតិសម្រាប់ថវិកាចំនួន ៤,៧ ពាន់លានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ច៕