កាលពីទី ៧ ខែមករា ឆ្នាំ២០២៤ លោកស្រី គីម យ៉ូចុង (Kim Yo Jong) ដែលត្រូវជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានប្រកាសថា កូរ៉េខាងជើងនឹងធ្វើការវាយប្រហារផ្នែកយោធាភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុណាមួយដែលអាចកើតឡើង។ ការប្រកាសនេះស្របពេលដែលកូរ៉េខាងជើងបានបាញ់គ្រាប់កាំភ្លើងធំនៅជិតព្រំដែនជាមួយកូរ៉េខាងត្បូងអស់រយៈពេល៣ថ្ងៃជាប់ៗគ្នា។
ការលើកឡើងនេះផងដែរ ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាង ៦០ ជុំកាលពីថ្ងៃសៅរ៍ នៅជិតព្រំដែនសមុទ្រដែលកំពុងមានជម្លោះ។ ការបាញ់យ៉ាងច្រើនគ្រាប់នេះ បានកើតឡើងបន្ទាប់ពីមានការបាញ់ប្រហារដូចគ្នានេះដែរ ពោលគឺជាង ២០០ ជុំកាលពីថ្ងៃមុន។
បន្ថែមលើនេះ កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងជើងបានបាញ់ប្រហែល ៩០ ជុំបន្ថែមទៀត នេះបើយោងតាមកូរ៉េខាងត្បូង។ យ៉ាងណាក៏ដោយ កងទ័ពកូរ៉េខាងជើងបានបញ្ជាក់ថា ការបាញ់កាំភ្លើងធំរបស់ពួកគេទាំងនេះគឺស្របទៅនឹងតំបន់ព្រំដែន មិនបានបង្កការគំរាមកំហែងដល់កូរ៉េខាងត្បូងឡើយ។
លោកស្រី គីម យ៉ូចុងដែលជាស្ត្រីដ៏មានឥទ្ធិពលម្នាក់ក្នុងរបបលោក គីម ជុងអ៊ុនបានរំឭកឡើងវិញថា កងទ័ពប្រជាជនកូរ៉េ (កូរ៉េខាងជើង) បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពយោធា។ នេះបើយោងតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន KCNA។
លោកស្រី បាននិយាយ ដោយប្រើឈ្មោះផ្លូវការរបស់កងទ័ពកូរ៉េខាងជើងថា៖ «ដូចដែលបានប្រកាសរួចមកហើយថាកងទ័ពប្រជាជនកូរ៉េនឹងបើកការវាយប្រហារផ្នែកយោធាភ្លាមៗ ប្រសិនបើសត្រូវហ៊ានបង្កហេតុត្រឹមតែបន្តិចបន្តួចក៏ដោយ»។
កូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធានៅដែនសមុទ្ររបស់ខ្លួន ដែលជាការឆ្លើយតបទៅនឹងការបាញ់ផ្លោងកាំភ្លើងធំរបស់កូរ៉េខាងជើងកាលពីថ្ងៃសុក្រ ប៉ុន្តែយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ពួកគេមិនមានគម្រោងធ្វើសមយុទ្ធបន្តទៀតបន្ទាប់ពីការបាញ់ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍នោះទេ។
ការធ្វើសមយុទ្ធនៅជិតព្រំដែនរបស់ភាគីទាំង២ កាលពីថ្ងៃសុក្របានជំរុញឱ្យមានការប្រកាសព្រមានដល់ប្រជាជននៅកូរ៉េខាងត្បូងឱ្យស្វែងរកកន្លែងជ្រកកោនការពារខ្លួន ដូចជារូងក្រោមដីដើម្បីការពារពីគ្រាប់បែកបើទោះបីជាមិនមានការរាយការណ៍ថាមានគ្រាប់ផ្លោងឆ្លងកាត់ព្រំដែនសមុទ្រក៏ដោយ។
ដោយឡែក លោកស្រី គីម បាននិយាយថា កូរ៉េខាងជើងមិនបានបាញ់ផ្លោងកាំភ្លើងធំទេកាលពីថ្ងៃសៅរ៍។ ផ្ទុយទៅវិញ លោកស្រីបានអះអាងថា ការផ្ទុះនោះគឺគ្រាន់តែជាការរៀបចំឡើងដោយចេតនាដើម្បីបំភាន់ភ្នែកតែប៉ុណ្ណោះ។
ប៉ុន្តែ យោធាកូរ៉េខាងត្បូងបានច្រានចោលសេចក្តីថ្លែងការណ៍របស់លោកស្រី គីម ដោយជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពដែលកំពុងបង្កើនភាពតានតឹងនៅជិតព្រំដែនជាបន្ទាន់៕