លោក អាន់តូនីញ៉ូ តាចានី (Antonio Tajani) រដ្ឋមន្ត្រីការបរទេសអ៊ីតាលី កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ បានផ្តល់យោបល់ឱ្យសហភាពអឺរ៉ុបគួរតែបង្កើតកងកម្លាំងយោធារួមគ្នាមួយ ដែលមានសមត្ថភាពក្នុងការជួយធានា និងការពាររក្សាសន្តិភាព ក៏ដូចជាការការពារមិនឱ្យមានជម្លោះកើតឡើង។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៊ីតាលីមួយឈ្មោះថា La Stampa លោក តាចានី បាននិយាយថា កិច្ចសហប្រតិបត្តិការអឺរ៉ុបកាន់តែឈានជិតទៅរកវិស័យការពារជាតិ ដែលវាគឺជាគោលនយោបាយអាទិភាពមួយសម្រាប់គណបក្ស Forza Italia ដែលលោកកំពុងដឹកនាំ។
លោកលើកឡើងថា៖«ប្រសិនបើយើងចង់ក្លាយជាអ្នករក្សាសន្តិភាពជូនពិភពលោក នោះយើងត្រូវការយោធាអឺរ៉ុបរួមគ្នាមួយ។ ការធ្វើដូចនេះគឺសម្រាប់អនុវត្តគោលនយោបាយការបរទេសរបស់អឺរ៉ុបប្រកបដោយប្រសិទ្ធភាព»។ នេះបើយោងតាមបទសម្ភាសន៍របស់លោកដែលបានចេញផ្សាយកាលពីថ្ងៃទី ៧ ខែមករា។
លោកបានបន្ថែមថា៖«នៅក្នុងពិភពលោកមួយដែលមានប្រទេសមហាអំណាចធំៗ ដូចជាសហរដ្ឋអាមេរិក ចិន ឥណ្ឌា និងរុស្ស៊ី ហើយវិបត្តិនៅក្នុងតំបន់មួយចំនួនដែលកំពុងរីកដុះដាលចាប់តាំងពីតំបន់មជ្ឈិមបូព៌ារហូតដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ដូច្នេះ ពលរដ្ឋដែលមកពីប្រទេសដូចជាអ៊ីតាលី អាល្លឺម៉ង់ បារាំង ឬស្លូវេនីជាដើម អាចស្វែងរកការការពារបានតែពីសហភាពអឺរ៉ុបតែប៉ុណ្ណោះ»។
កន្លងមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់សហភាពអឺរ៉ុបទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ជាពិសេសបន្ទាប់ពីការបើកការវាយប្រហាររបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែនកាលពីជិត ២ ឆ្នាំមុនដែលគេមើលឃើញថា រុស្ស៊ីសំដៅទៅអឺរ៉ុប៕