លទ្ធផលពីការស្ទង់មតិក្នុងចំណោមប្រជាជនថៃបានឱ្យដឹងថា ប្រជាជនភាគច្រើននៅតែមើលឃើញភាពវឹកវរផ្នែកនយោបាយដែលអាចកើតឡើងក្នុងឆ្នាំ ២០២៤ បើទោះបីជាពេលនេះគណបក្សភឿថៃបានឡើងកាន់អំណាចផ្លូវការ ដោយផាត់ចោលគណបក្សឆ្ពោះទៅមុខ (MFP) ដែលឈ្នះឆ្នោតឱ្យស្ថិតនៅក្រៅរដ្ឋាភិបាល។
៤៥,៧ ភាគរយនៃអ្នកដែលបានចូលរួមក្នុងការស្ទង់មតិយល់ថាការមិនចុះសម្រុងគ្នាក្នុងចំណោមអ្នកនយោបាយនឹងនៅតែបន្តកើតមានដដែលខណៈដែល ២៨,៤ ភាគរយទៀតយល់ថាឆ្នាំ ២០២៤ ស្ថានការណ៍នយោបាយថៃនឹងមានភាពច្របូកច្របល់កាន់តែខ្លាំង។
ការស្ទង់មតិនោះបានបង្ហាញទៀតថាប្រហែល ១៤,៣ ភាគរយបានព្យាករថាស្ថានភាពនឹងធូរស្រាលនៅឆ្នាំ ២០២៤ ហើយ ៧ ភាគរយរំពឹងថានឹងមិនមានភាពច្របូកច្របល់អ្វីនោះទេ។ក្រៅពីនោះអ្នកស្ទង់មតិប្រហែល ៤,៧ ភាគរយគឺមិនចាប់អារម្មណ៍ឬមិនឆ្លើយតប។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមទូរស័ព្ទនៅចន្លោះថ្ងៃទី ១២ ខែធ្នូ ដល់ថ្ងៃទី ២០ ខែធ្នូក្នុងចំណោមជនជាតិថៃចំនួន ១ ៣១០ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។
ដោយឡែកនយោបាយរបស់ថៃបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុងក្នុងឆ្នាំ ២០២៣ បន្ទាប់ពីភាពចម្រូងចម្រាសក្នុងអំឡុងពេលនៃការបោះឆ្នោត។ នៅទីបំផុតទៅគណបក្សភឿថៃបានជាប់ឆ្នោតដោយមានលោកសេដ្ឋាថាវីស៊ីន ជានាយករដ្ឋមន្ត្រី។
លទ្ធផលបោះឆ្នោតឆ្នាំ ២០២៣ ឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្ដូរជោគវាសនារបស់ប្រជាជាតិថៃទាំងមូលក្រោយប្រទេសនេះស្ថិតក្រោមការគ្រប់គ្រងនៃរបបយោធាអស់ជិត ១ ទសវត្សរ៍។
មិនត្រឹមតែប៉ុណ្ណោះអតីតនាយករដ្ឋមន្ត្រី លោកថាក់ស៊ីនស៊ីណាវ៉ាត្រា ក៏បានវិលត្រឡប់ចូលស្រុកទេសវិញក្រោយបានចាកចេញអស់រយៈពេល ១៥ ឆ្នាំ ដោយសារការធ្វើទុក្ខបុកម្នេញដោយសារកត្តានយោបាយនាពេលនោះ។
ប៉ុន្តែយ៉ាងណានយោបាយថៃដែលហាក់រកកន្លែងសំចតឃើញទៅហើយនោះ ហាក់នៅតែប្រឈមនឹងបញ្ហាចម្រូងចម្រាសមួយចំនួនផ្សេងទៀតដែលរួមមានការហូរចេញនៃមូលនិធិបរទេស និងការបន្តជាប់គាំងផ្នែកនយោបាយ។
តាមការស្ទង់មតិនោះ មនុស្សប្រហែល ៣៩ ភាគរយព្យាករថានាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីននឹងបន្តកាន់តំណែងក្នុងឆ្នាំ ២០២៤ ខណៈដែល ២០ ភាគរយទៀតថា អាចនឹងមានការរុះរើគណៈរដ្ឋមន្ត្រី។
សាលក្រមចំនួន ២ ក៏នឹងត្រូវលើកពេលមកដើមឆ្នាំនេះដោយតុលាការនឹងកាត់ក្តីលើសំណុំរឿងទី ១ នៅថ្ងៃទី ២៤ មករា ពាក់ព័ន្ធការកាន់កាប់ភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយ និងនៅថ្ងៃទី ៣១ មករា ពាក់ព័ន្ធប្រឆាំងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងលោក Pita Limjaroenrat ជាមេដឹកនាំគណបក្សឆ្ពោះទៅមុខ (MFP)៕