ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ការសម្លាប់​មេដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុម​​សកម្មប្រយុទ្ធ​ហា​ម៉ាស់ និង​ការ​បំផ្ទុះ​គ្រាប់​បណ្តាល​ឱ្យស្លាប់ និង​របួស​ប្រមាណ​​ ៣០០ នាក់​នៅក្នុង​ប្រទេស​អ៊ី​រ៉ង់ វត្តមាន​លោក​អាន់​តូ​នី ប្ល៊ី​ន​កែន (Antony Blinken) រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​នៅ​តំបន់​មជ្ឈិមបូព៌ា​ចាប់ពី​ថ្ងៃអាទិត្យ​ត្រូវគេ​មើលឃើញថាជា​ «​ការទប់ស្កាត់​សង្គ្រាម​មិនឱ្យ​រីក​រាលដាល​» លើសពី​តំបន់​ហ្គា​ហ្សា​ដែល​ខ្ទេចខ្ទាំ​។​

​ក្រោយ​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​ប្រទេស​កាតា​ដែលមាន​ឥទ្ធិពល​លើ​ក្រុម​ហា​ម៉ាស់ រដ្ឋមន្ត្រីការបទេស​ស​ហ​រដ្ឋ​អាមេរិក​បាន​និយាយ​លួង​ចិត្ត​ប្រជាជន​​ប៉ា​ឡេ​ស្ទី​ន​ដែល​បាត់បង់​ផ្ទះសំបែង​នៅ​តំបន់​ហ្គា​ហ្សា​ថា ពួកគេ​អាច​វិលត្រឡប់​ទៅកាន់​ផ្ទះ​វិញ​។​

​ការលើកឡើង​របស់​ប្រមុខ​ការទូត​អាមេរិក​នេះ ហាក់​បាន​ច្រានចោល​ការលើកឡើង​រប​ស់​មន្ត្រី​អ៊ី​ស្រា​អែល ដែល​អំពាវនាវ​ឱ្យមាន​ការផ្លាស់​ទីលំនៅ​យ៉ាងច្រើន​នៃ​អ្នករស់នៅ​ហ្គា​ហ្សា​។​
​ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ដូ​ហា​នៃ​ប្រទេស​កាតា​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​នាយករដ្ឋមន្ត្រី​កាតា Mohammed bin Abdulrahman bin Jassim Al Thani លោក អាន់​តូ​នី ប្ល៊ី​ន​កែន បាន​និយាយថា អង្គការសហប្រជាជាតិ​អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​​អនុញ្ញាតឱ្យ​ជន​ស៊ីវិល​ភៀសខ្លួន​នៅ​ហ្គា​ហ្សា​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ពេល​អ៊ីស្រា​អែល​បន្ថយ​ការប្រយុទ្ធ​ដល់​កម្រិត​ទាប​បំផុត​។

​សារព័ត៌មាន Al Jazeera  ​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​​កាតា​បាន​ស្រង់​សម្តី​លោក ប្ល៊ី​ន​​កែន ដូច​បាន​និយាយថា «​ពួកគេ [​ជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន​] មិនអាច មិនត្រូវ ឬ​ត្រូវបាន​គាបសង្កត់​ឱ្យ​ចាក​ចេញពី​តំបន់​ហ្គា​ហ្សា​ឡើយ​»​។​

​លោក​បាន​និយាយថា ខណៈពេលដែល​អ៊ីស្រា​អែល​មាន​សិទ្ធិ​កំណត់​គោលដៅ​ក្រុម​ហា​ម៉ាស់ និង​ធានាថា ក្រុម​នេះ​មិនអាច​ចាប់ផ្តើម​ការវាយប្រហារ​ទៀត​ទេ វា​ជាការ​ចាំបាច់​ណាស់​ដើម្បី​ការពារ​ជន​ស៊ីវិល​។​

​លោក​បាន​បន្តថា​៖«​នៅពេល​ប្រតិបត្តិ​ការធ្លាក់ចុះ នោះ​នឹង​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល​ក្នុងការ​ធានាថា​ជន​ស៊ីវិល​មិន​ត្រូវបាន​រងគ្រោះ ហើយក៏​នឹង​ធានាថា​ជំនួយ​បន្ថែមទៀត​អាច​ទទួល​បាន​ដល់​មនុស្ស​ដែល​ត្រូវការ​»​។​

​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កាតា លោក Al Thani បាន​និយាយថា ពិភពលោក​កំពុងតែ​ស៊ាំ​នឹង​រូបភាព​នៃ​ការឈឺចាប់​របស់​ជន​ស៊ីវិល​នៅ​ហ្គា​ហ្សា​។​

 Al Jazeera បាន​ស្រង់​សម្តី​នាយករដ្ឋមន្ត្រី​កាតា ដែល​និយាយថា​៖«​នេះ​គឺជា​ការសាកល្បង​ដ៏​ធំ​មួយ​សម្រាប់​មនុស្សជាតិរ​បស់​យើង​»​។​

​រហូតមកដល់​ថ្ងៃអាទិត្យ សង្គ្រាម​នៅ​តំបន់​ហ្គា​ហ្សា ដែលអ៊ី​ស្រា​អែល​ដឹកនាំ​ប្រយុទ្ធប្រឆាំង​ក្រុម​ហា​ម៉ាស់ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២២ ៨៣៥​ នាក់ ក្នុងនោះ​មាន​កុមារ ៩ ៦០០ នាក់​។​

​នាយករដ្ឋមន្ត្រី​កាតា បាន​បន្តថា ការសម្លាប់ លោក Saleh al-Arouri ដែលជា​មេដឹកនាំ​នយោបាយ​ក្រុម​ហា​ម៉ាស់​ក្នុង​ទីក្រុង Beirut បាន​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កាតា ក្នុងការ​ចរចា​រវាង​ក្រុម​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រា​អែល ជុំវិញ​ការដោះលែង​អ្នក​ជាប់ឃុំ​។​

​ប្រទេស​កាតា​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​សម្រុះសម្រួល​បទ​ឈប់​បាញ់​រយៈពេល ៧​ ថ្ងៃ​រវាង​អ៊ីស្រា​អែល និង​ក្រុម​ហា​ម៉ាស់ ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ដោះលែង​ចំណាប់ខ្មាំង​ជាង ១០០​ នាក់ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​រាប់​​រយ​នាក់​ពី​គុកអ៊ី​ស្រា​អែល​។​

​ក្នុងអំឡុង​ពេលនេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ខំ​ឱ្យ​លុបចោល​ការផ្តល់​ថ្នាំ​ទៅ​មន្ទីរពេទ្យ​នៅ​ហ្គា​ហ្សា​ខាងជើង ព្រោះ​មាន​កង្វល់​ជុំវិញ​សុវត្ថិភាព​របស់​បុគ្គលិក​។​

​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម X ថា​បុគ្គលិក​របស់ខ្លួន​ត្រូវ​លុបចោល​ការធ្វើដំណើរ​លើក​ដំបូង​ទៅកាន់​មន្ទីរពេទ្យ Al-Awda ដោយសារតែ​បញ្ហា​សន្តិសុខ​។​

​អង្គការ​បាន​និយាយថា​៖«​អង្គការ​សុខភាព​ពិភពលោក​បាន​លុប​ចោល​បេសកកម្ម​ដែល​បាន​គ្រោងទុក​ទៅកាន់​មន្ទីរពេទ្យ Al-Awda និង​ឃ្លាំង​ចែកចាយ​ថ្នាំ​នៅ​ភាគ​ខាងជើង​ហ្គា​ហ្សា​ជា​លើក​ទី ​៤ ចាប់តាំងពី​ថ្ងៃទី​ ២៦ ខែធ្នូ [២០២៣] ពីព្រោះ​យើង​មិន​បានទទួល​ការធានា​សុវត្ថិភាព និង​សុវត្ថិភាព​»៕