ប្រធានាធិបតី​ចិន​ លោក ​ស៊ី​ ជីន​ភីង ​បាន​ប្ដេជ្ញា​ថា​ នឹង​ពង្រឹង​ការបង្ក្រាប​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​នេះ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាពិសេស​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ និង​ជំនួញធំៗនៅក្នុង​ស្រុក។មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ស៊ី​ជីន​ភីង​ថែមទាំង​បាន​បញ្ជាក់ថា លោក​នឹង​បង្កើន​ការដាក់ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​ផ្តល់​សំណូក​ណាមួយ​ទៀតផង។

យោងតាម​របាយការណ៍​ពី​ទូរទស្សន៍​រដ្ឋ CCTV ចេញពី​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​សម្រាប់​ការត្រួតពិនិត្យ​វិន័យ​កាលពី​ខែមករា​លោក​ស៊ី​ជីន​ភីង​បាន​ជំរុញឱ្យមាន​ការត្រួតពិនិត្យ​កាន់តែ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​អំពើពុករលួយ​ដល់​វិស័យ​ផ្សេងទៀត។

ក្នុងនោះ​ ប្រធានាធិបតី​ ​ស៊ី ជីនភីង ​បានបញ្ជាក់​ដោយ​ផ្ដោត​សំខាន់​លើ​វិស័យ​ហិរញ្ញវត្ថុ​ថាមពល​ហេដ្ឋារចនាសម្ព័ន្ធ​ឱសថ​និង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។

ប្រធានាធិបតី​ចិន​រូបនេះ​ប្តេជ្ញា​ម្តង​ហើយ​ម្តង​ទៀតថា​នឹងមិន​មានការ​អត់ឱន​ចំពោះ​អំពើពុករលួយ​ណាមួយ​ឡើយ ចាប់តាំងពី​លោក​បាន​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ២០១២ មក ហើយ​ការបង្ក្រាប​អំពើពុករលួយ​របស់លោក​គឺធ្វើឡើង​តាមរយៈ​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ​ក្នុង​វិស័យ​ឧស្សាហកម្មធំៗដោយ​រួមបញ្ចូល​ទាំង​វិស័យ​សុខាភិបាល​និង​ហិរញ្ញវត្ថុ​ផង។

ក្នុង​ឆ្នាំ២០២៣កន្លងទៅ​គេ​បានកត់សម្គាល់​ឃើញ​ចំនួន​មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់ ត្រូវបាន​ឃុំខ្លួន ​ខណៈដែល​ការស៊ើបអង្កេត​របស់​ប្រធាន​ធនាគារល្បីៗបាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​ទាំង​វិស័យ​ហិរញ្ញវត្ថុ​របស់​ចិន​តែម្ដង។

ទាក់ទិន​នឹង​ករណីនេះ​លោក​ស៊ី​ជីន​ភីង​ បាន​ប្ដេជ្ញា​ថា​នឹងដាក់​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ទៅលើ​អ្នក​ដែល​ត្រូវបាន​គេ​រកឃើញថា​មាន​កំហុស​ក្នុង​ការផ្តល់​សំណូក។

ប៉ុន្តែ​បើទោះបីជា​ប្រទេស​ចិន​ បាន​អនុវត្ត​ច្បាប់​ដ៏​តឹងរ៉ឹង ​ដើម្បី​ប្រឆាំង​អំពើពុករលួយ​អស់​រយៈពេល ១ ទសវត្សរ៍​ ហើយ​ក្ដី​លោក​ស៊ី​ផ្ទាល់​នៅតែ​ទទួលស្គាល់ថា​ស្ថានភាព​អំពើពុករលួយ​នៅក្នុង​ប្រទេស​នៅតែមាន​ភាពស្មុគស្មាញ​ដែលជា​ហេតុ​ធ្វើឱ្យ​លោក​ចង់​ពង្រឹង​ការបង្ក្រាប​កាន់តែខ្លាំង។

​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នោះបាន​ចាប់ផ្តើម​បន្ទាប់ពី​ការបញ្ចប់​សមាជជាតិ​លើក​ទី១៨ នៃ​បក្ស​កុម្មុយនីស្ត​ចិន ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០១២៕