រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយនៅថ្ងៃអង្គារទី៩ខែមករាថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន «មានស្ថិរភាព» ខណៈមហាអំណាចទាំង២ព្យាយាមដាក់ទំនាក់ទំនងឱ្យកាន់តែរឹងមាំនៅឆ្នាំ ២០២៤។
លោក វ៉ាង បាននិយាយនៅទីក្រុងប៉េកាំងថា ទោះបីជាទំនាក់ទំនងចិន-អាមេរិក បានជួបប្រទះនឹងការលំបាកយ៉ាងធ្ងន់ធ្ងរនៅដើមឆ្នាំ២០២៣ ពិតមែនក្ដី ប៉ុន្តែដោយសារតែកិច្ចខិតខំប្រឹងប្រែង «ភាគីទាំង២បានរៀបចំរចនាសម្ព័ន្ធទំនាក់ទំនង និងការសន្ទនាឡើងវិញ ហើយទំនាក់ទំនងទ្វេភាគីបានឈប់ធ្លាក់ចុះ និងមានស្ថិរភាព»។
អ្នកការទូតជើងចាស់បានបន្ថែមថា ទីក្រុងប៉េកាំងបង្ហាញជំហរដ៏ឧឡារិករបស់ខ្លួន ដោយទាមទារឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរការយល់ច្រឡំចំពោះប្រទេសចិន ហើយត្រឡប់ទៅរកគោលនយោបាយចិនដែលប្រកបដោយភាពសមហេតុផល និងភាពជាក់ស្តែង។
ទំនាក់ទំនងរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន បានក្លាយជាជូរចត់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហាចាប់តាំងពីបច្ចេកវិទ្យា និងពាណិជ្ជកម្ម រហូតដល់បញ្ហាសិទ្ធិមនុស្ស ជម្លោះតៃវ៉ាន់ និងភាពចម្រូងចម្រាស់នៅសមុទ្រចិនខាងត្បូង។
ដើម្បីបន្ធូរបន្ថយភាពតានតឹងដ៏អាក្រក់បំផុតមួយចំនួនក្នុងទសវត្សរ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ ដូចជាជំនួបនៅទីក្រុងសានហ្វ្រង់ស៊ីស្កូ កាលពីខែវិច្ឆិកាឆ្នាំមុន ដែលភាគីទាំង២អះអាងថា ប្រកបទៅដោយផ្លែផ្កាជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ការវាយតម្លៃបែបសុទិដ្ឋនិយមរបស់លោក វ៉ាង ធ្វើឡើងខណៈដែលភាពតានតឹងរវាងប្រទេសទាំង២នៅតែបន្តកើនឡើង។
ការបោះឆ្នោតសកលនៅកោះតៃវ៉ាន់ នឹងប្រព្រឹត្តទៅនៅចុងសប្ដាហ៍នេះ ខណៈតៃវ៉ាន់គឺជាបញ្ហាដ៏ធំមួយរវាងអាមេរិក និងចិន។ ចិនទាមទារតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយប្ដេជ្ញាថានឹងវាយយកដោយកម្លាំងប្រសិនបើចាំបាច់ ស្របពេលដែលសហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រសន្តិសុខដ៏សំខាន់បំផុតរបស់កោះនេះ ហើយបានព្រមានកុំឱ្យចិនធ្វើសកម្មភាពគឃ្លើន។
មិនត្រឹមតែប៉ុណ្ណេះ ភាគីទាំង២ក៏បានប៉ះទង្គិចគ្នាផងដែរជុំវិញគោលនយោបាយកាន់តែគឃ្លើនរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលចិនទាមទារស្ទើរតែទាំងមូលថាជាដែនទឹករបស់ខ្លួន៕