ប្រទេសចិន នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានរាយការណ៍ ពីឧប្បត្តិហេតុចារកម្មមួយដែលពាក់ព័ន្ធនឹងភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេស (MI6) ដោយបញ្ជាក់ថា ពួកគេបានប្រើប្រាស់មនុស្សម្នាក់នៅក្នុងប្រទេសចិនដើម្បីប្រមូលយកព័ត៌មានសម្ងាត់ពីចិន។
ករណិចុងក្រោយនេះ បានបន្ថែមភាពតានតឹងកាន់តែខ្លាំងឡើង តាមរយៈការចោទប្រកាន់គ្នាទៅវិញទៅមកពីបទចារកម្មដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ពួកគេរៀងៗខ្លួន។
ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិនបានចែករំលែកសារនៅលើគណនី WeChat របស់ខ្លួនថា បុគ្គលម្នាក់ដែលមាននាមត្រកូលថា ហួង (Huang)ដែលដឹកនាំទីភ្នាក់ងារប្រឹក្សាយោបល់ក្រៅប្រទេស បានមានទំនាក់ទំនងជាមួយក្រុមស៊ើបការណ៍សម្ងាត់MI6 របស់អង់គ្លេសចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ។
ភ្នាក់ងារ MI6 បានបញ្ជាឱ្យលោក ហួងធ្វើដំណើរទៅកាន់ប្រទេសចិនជាច្រើនដង ដោយប្រើអត្តសញ្ញាណក្លែងបន្លំ ដើម្បីលួចប្រមូលព័ត៌មានសម្ងាត់សម្រាប់ផ្ដល់ឱ្យក្រុមចារកម្មអង់គ្លេស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ចិន។
រដ្ឋាភិបាលចិនបានបន្ថែមថា ភ្នាក់ងារ MI6 ក៏បានផ្តល់ការបណ្តុះបណ្តាលជំនាញស៊ើបការណ៍សម្ងាត់យ៉ាងអាជីពទៅដល់លោក ហួង នៅចក្រភពអង់គ្លេស និងកន្លែងផ្សេងទៀត ហើយក៏មានផ្ដល់ឧបករណ៍ចារកម្មពិសេសៗ សម្រាប់ប្រើប្រាស់ក្នុងដំណើរការប្រមូលព័ត៌មានសម្ងាត់ពីប្រភពផ្សេងៗគ្នា។
រដ្ឋាភិបានចិនបានរៀបរាប់ថា បន្ទាប់ពីការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ពួកគេបានរកឃើញភស្តុតាងយ៉ាងច្បាស់ថា លោក ហួងគឺពិតជាកំពុងជាប់ពាក់ព័ន្ធក្នុងករណីធ្វើចារកម្មនេះមែន។
ចិនបានចាត់វិធានការតាមផ្លូវច្បាប់ទៅលើរូបលោក ប៉ុន្តែមិនបានបង្ហាញពីភ្នាក់ងារប្រឹក្សាដែលពាក់ព័ន្ធនោះទេប៉ុន្តែការិយាល័យការបរទេសអង់គ្លេសមិនបានឆ្លើយតបនឹងការរកឃើញរបស់ចិននេះនៅឡើយទេ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលអង់គ្លេសធ្លាប់បានអះអាងចោទប្រកាន់ថា អ្នកស៊ើបការណ៍សម្ងាត់របស់ប្រទេសចិនកំពុងដាក់គោលដៅទៅលើមន្ត្រីក្នុងតួនាទីសំខាន់ៗក្នុងនយោបាយអង់គ្លេសក្នុងវិស័យការពារជាតិ និងអ្នកជំនួញជាច្រើន ដើម្បីទទួលបានព័ត៌មានសម្ងាត់ក្នុងប្រតិបត្តិការពិសេសមួយចំនួន។
ថ្មីៗនេះ អ្នកស្រាវជ្រាវនៅសភាអង់គ្លេសម្នាក់ដែលទទួលរងការចោទប្រកាន់ពីអង់គ្លេស បានបដិសេធថា ខ្លួនមិនមែនជាចារកម្មរបស់ចិននោះទេ។ ប្រទេសចិនក៏បានធ្វើការរិះគន់ការចោទប្រកាន់របស់អង់គ្លេស ហើយបានជំរុញឱ្យអង់គ្លេសបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងឈប់ធ្វើការចោទប្រកាន់ដោយចេតនាប្រឆាំងនឹងពួកគេ។
កន្លងមកនេះ ប្រទេសចិនកំពុងចាត់វិធានការជាច្រើនដើម្បីប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន ដោយបានលាតត្រដាងករណីចារកម្មមួយចំនួនផងដែរ។
រដ្ឋាភិបាលចិនកំពុងដាស់តឿនប្រជាពលរដ្ឋរបស់ខ្លួនទាំងក្នុងប្រទេស និងក្រៅប្រទេស ពីហានិភ័យនៃការចូលពាក់ព័ន្ធក្នុងចារកម្ម។ រដ្ឋាភិបាលចិនក៏កំពុងផ្សព្វផ្សាយឱ្យមនុស្សជួយខិតខំប្រឹងប្រែងប្រឆាំងចារកម្ម ដោយរាយការណ៍ពីករណីណាដែលគួរឱ្យសង្ស័យ។
បច្ចុប្បន្ននេះ ប្រទេសចិនកំពុងបង្ក្រាបក្រុមហ៊ុនប្រឹក្សាបរទេស និងក្រុមហ៊ុនមួយចំនួនទៀត ដោយសារពួកគេបារម្ភថាក្រុមហ៊ុនទាំងអស់នេះអាចនឹងលាតត្រដាងព័ត៌មានសម្ងាត់របស់រដ្ឋចិន។ ការធ្វើបែបនេះបានធ្វើឲ្យក្រុមហ៊ុនបរទេសដែលប្រតិបត្តិការក្នុងប្រទេសចិនមានការព្រួយបារម្ភជាខ្លាំង៕