លោក អាន់តូនី ប្ល៊ីនកែន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិកបានចូលជួបជាមួយមេដឹកនាំអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ ម៉ូហាំ ប៊ិនសាលម៉ាន់ (Mohammed bin Salman) នៅថ្ងៃទី៨ ខែមករា មុនពេលបន្តដំណើរទៅប្រទេសអ៊ីស្រាអែល ក្នុងដំណើរបន្សាបការរីករាលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
ក្នុងអំឡុងពេលពិភាក្សា លោក ប៊្លីនកែន បានពិភាក្សាពីជម្លោះដែលកំពុងកើនឡើងកាន់តែខ្លាំងក្នុងតំបន់ ជាពិសេសការវាយប្រហារនៅសមុទ្រក្រហមដោយក្រុមឧទ្ទាមហ៊ូធី (Houthi) គាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន ដែលបានបង្កផលប៉ះពាល់ដោយផ្ទាល់ដល់ប្រទេសអារ៉ាប៊ីសាអូឌីត។
យោងតាមមន្ត្រីជាន់ខ្ពស់មួយរូប បានលើកឡើងថា កិច្ចប្រជុំរបស់ពួកគេក៏មានការជជែកអំពីប្រធានបទសំខាន់ៗដូចជា ការសម្របសម្រួលទំនាក់ទំនងរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ដែលត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារតែវិបត្តិសង្គ្រាមកំពុងផ្ទុះឡើងនៅតំបន់ហ្កាហ្សា។
ក្នុងអំឡុងពេលកិច្ចពិភាក្សាជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម លោក ស៊ៀម៉ូហាំ ប៊ិនហ្សែ អាល់ណាយ៉ាន (Sheikh Mohamed bin Zayed Al Nahyan)នៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) លោក ប្ល៊ីនកែន បានបញ្ជាក់ពីភាពចាំបាច់ក្នុងការបញ្ឈប់ជម្លោះមិនឱ្យរីករាលដាលបន្ថែមទៀត។ នេះបើយោងតាមសេចក្តីសង្ខេបនៃកិច្ចប្រជុំ។
ដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ានេះចាប់ផ្ដើមនៅថ្ងៃអាទិត្យ ដែលដំបូងឡើយ លោក ប្ល៊ីនកែន បានធ្វើទស្សនកិច្ចកាន់ប្រទេសកាតា ហើយនៅទីនោះលោកបានថ្លែងថា ៖ «នេះគឺជាជម្លោះដែលអាចរីករាលដាលនិងអាចបណ្តាលឱ្យមានអសន្តិសុខនៅក្នុងតំបន់កាន់តែខ្លាំង»។
សង្គ្រាមនៅតំបន់ហ្គាហ្សាបានចាប់ផ្តើមដោយការវាយប្រហារពីក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលា ទៅលើប្រទេសអ៊ីស្រាអែល ដែលបណ្តាលឱ្យមានអ្នកស្លាប់ប្រមាណជា ១១៤០ នាក់ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ទីភ្នាក់ងារសារព័ត៌មានAFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។
ការទម្លាក់គ្រាប់បែកដ៏ឥតឈប់ឈររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២៨៣៥នាក់ស្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សាក្រោមការគ្រប់គ្រងរបស់ពួកហាម៉ាស។
បន្ទាប់ពីពិភាក្សាជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម លោក ប្ល៊ីនកែន បានធ្វើដំណើរទៅកាន់ទីក្រុងអាល់អ៊ូឡា (Al Ula) ដែលជាទីក្រុងបុរាណមួយនៅភាគខាងលិចប្រទេសអារ៉ាប៊ីសាអូឌីត។
ទន្ទឹមនឹងនេះដែរ ក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែន ដែលមានទំនាក់ទំនងល្អជាមួយប៉ាឡេស្ទីន បានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងគ្រាប់មីស៊ីលរហូតដល់ទៅជាង ១០០លើកទៅលើប្រទេសអ៊ីស្រាអែល និងតំបន់សមុទ្រក្រហម។ ការណ៍នេះបានបង្កឱ្យមានការរំខានដល់ផ្លូវដឹកជញ្ជូនដ៏សំខាន់នេះជាខ្លាំង។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចំនួន ១១ប្រទេសបានព្រមានពីផលវិបាកដែលអាចកើតមាន ប្រសិនបើការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនេះនៅតែបន្ត។
ដោយឡែក អារ៉ាប៊ីសាអ៊ូឌីត ក៏ត្រូវប្រឈមមុខនឹងភាពតានតឹងខ្លាំងដោយសារត្រូវដោះស្រាយទាំងជម្លោះក្រុមហ៊ូធី និងបញ្ហាសង្គ្រាមដែលអូសបន្លាយយូរមកហើយពាក់ព័ន្ធនឹងសម្ព័ន្ធភាពអន្តរជាតិដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត។
អំឡុងពេលកិច្ចប្រជុំជាមួយមេដឹកនាំអារ៉ាប៊ីសាអ៊ូឌីត សហរដ្ឋអាមេរិកបានបង្ហាញពីការចង់ដឹងថាតើអារ៉ាប៊ីសាអ៊ូឌីតនឹងទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការដូចទៅនឹងប្រទេសនៅតំបន់អារ៉ាប់មួយចំនួនផ្សេងទៀតដែរឬក៏យ៉ាងណា ប៉ុន្តែហាក់គ្មានលទ្ធផលអ្វីនោះឡើយ។
អារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសមូស្លីមធំមួយក្នុងតំបន់ ដូច្នេះការយល់ឃើញ ក៏ដូចជាការទទួលស្គាល់របស់ពួកគេចំពោះអ៊ីស្រាអែលគឺពិតជាមានឥទ្ធិពលខ្លាំងណាស់៕