រយៈពេល​ ១ សប្តាហ៍​​​ ក្រោយ​សម្លាប់​​មេដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហាម៉ាស់​ក្នុង​ប្រទេស​លីបង់ កង​ទ័ព​​​អ៊ីស្រាអែល ​បាន​​​​បន្ត​​សម្លាប់​មេទ័ព​កំពូលរបស់​​​​ពួក​សកម្ម​​ប្រយុទ្ធ​​ហេស​បូ​ឡា​ហ៍​​​ ដែល​គាំទ្រ​​ក្រុមហាម៉ាស់​​​ក្នុងការ​វាយប្រហារ​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​លី​បង់ ​កាលពី​ថ្ងៃទី៨ ខែមករា​។ យោង​សេចក្តី​រាយការណ៍​​របស់រ៉យទ័រ​។ 

​សារ​ព័ត៌មាន​នេះ​បាន​ដក​ស្រង់​ប្រភព​ជាន់ខ្ពស់​នៅ​ប្រទេស​លី​បង់​ដែល​បាន​និយាយថា លោក Wissam Tawil គឺជា​វរ​​​ជន​ដ៏​ឆ្នើម​បំផុត​​របស់​ក្រុម​ ហេសបូឡាហ៍ ​និង​ជា​មេបញ្ជាការ​កងកម្លាំងពិសេស​របស់​ក្រុម​ហេសបូឡាហ៍​ ហៅ​កាត់​ថា​ «Radwan» ​ត្រូវបាន​សម្លាប់​ក្នុង​ជម្លោះ​​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​​អ៊ីស្រាអែល​។ លោក Tawil បាន​ដើរតួនាទី​នាំមុខគេ​ក្នុងការ​ដឹកនាំ​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ភាគខាងត្បូង។

​​អ្នក​ប្រយុទ្ធ​​​ជាង១៣០​នាក់​របស់​​ក្រុម​ហេស​បូឡាហ៍​​​ រួមទាំង​សមាជិក Radwan ត្រូវ​បាន​សម្លាប់​នៅក្នុង​​​​ការ​​ប្រយុទ្ធ​​គ្នា​​​រយៈពេល​៣ខែ​​ ​ចាប់តាំងពី​​ក្រុមហាម៉ាស់​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​​​ហេសបូឡាហ៍បាន​វាយប្រហារ​អ៊ីស្រាអែល​ពី​តំបន់ហ្គាហ្សា​​កាលពី​ថ្ងៃទី៧​ខែតុលា។ 

មរណភាពរបស់​​លោក Wissam Tawil ​បាន​ក្លាយ​ជា​​ការប្រឈមមុខ​ដាក់​គ្នា​ដ៏​សាហាវ​បំផុត​រវាង​អ៊ីស្រាអែល និង​ក្រុម​ហេស​បូ​ឡា​ហ៍​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​​ចាប់​តាំងពី​ពួកគេ​បានធ្វើ​សង្គ្រាម​ក្នុង​ឆ្នាំ២០០៦មក។ នេះ​​បើ​តាម​ព័ត៌មាន​រ៉យទ័រ​។ 

មនុស្ស​រាប់ម៉ឺន​នាក់​នៅ​សងខាង​ព្រំដែន​បាន​ភៀសខ្លួន ហើយ​ការប្រយុទ្ធ​គ្នា​បាន​បង្កើន​ក្តីបារម្ភ​អំពី​ជម្លោះ​ដែលកាន់តែ​រីក​ធំឡើង​​​​រវា​ង​ប្រទេសលីបង់ ​និង​អ៊ីស្រាអែល​។​

ប្រភព៣ ​នៅក្នុង​ប្រទេស​លី​បង់​បាន​និយាយថា លោក Tawil និង​យុទ្ធជន​ក្រុមហេសបូឡាហ៍​​ម្នាក់ទៀត​​បាន​ស្លាប់​នៅពេលដែល​រថយន្ត​ដែល​ពួកគេ​ជិះ​ត្រូវបាន​វាយប្រហារ​នៅក្នុង​ភូមិ Majdal Selm មាន​ចម្ងាយ​ប្រហែល ៦គីឡូម៉ែត្រ​​ពី​ព្រំដែន។

​កាល​ពី​សប្តាហ៍​មុន​​​​ប្រទេសលីបង់​និង​​​អាជ្ញាធរ​​ប៉ាឡេស្ទីន​​ បាន​អះអាង​​ដូ​ចគ្នា​ថា អ៊ីស្រាអែល​បាន​​សម្លាប់​​មេដឹកនាំ​នយោបាយ​ជាន់ខ្ពស់​របស់​ក្រុម​ហាម៉ាស់ គឺ​លោក​ Saleh al-Arouri ក្នុង​កា​រវាយ​ប្រហារ​តាមផ្លូវ​អាកាស​​​​ដោយ​ប្រើ​ដ្រូន ប៉ុន្តែ​អ៊ីស្រាអែល​​​មិនបាន​ទាំង​ទទួល​ស្គាល់​​និង​បដិសេធ​លើ​រឿង​នេះ​ទេ។ 

ទោះយ៉ាងណា ​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​ បានចេញ​មុខ​បដិសេធ​ថា អ៊ីស្រាអែល​មិនបាន​ធ្វើរឿងនោះទេ៕