កងកម្លាំងនៃរបបយោធាមីយ៉ាន់ម៉ាដែលបរាជ័យផ្ទួនៗក្នុងសមរភូមិនៅភាគខាងជើងប្រទេសជាប់ប្រទេសចិន បណ្តាលឱ្យបាត់បង់តំបន់មួយចំនួនទៅលើក្រុមតស៊ូដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានបង្កើនការវាយបកលើក្រុមតស៊ូ។
សាក្សីក្នុងតំបន់ និងក្រុមសិទ្ធិមនុស្សបានអះអាងកាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាទៅលើភូមិមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ បានសម្លាប់ជនស៊ីវិលយ៉ាងតិច ១៧ នាក់ រួមទាំងកុមារ ៩ នាក់ក្នុងនោះ។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានច្រានចោលការចោទប្រកាន់ ហើយការវាយប្រហារ បានកើតឡើងទៅលើតំបន់Sagaing ក្នុងភូមិ Kanan នៃក្រុង Khampat ដែលស្ថិតជិតព្រំដែននៃរដ្ឋម៉ានីពួររបស់ប្រទេសឥណ្ឌា។
សាក្សីម្នាក់ ដែលជាប្រជាជនក្នុងភូមិរងគ្រោះ និងជាអ្នកដែលជួយប្រតិបត្តិការសង្គ្រោះ បានប្រាប់ AP ថា ការវាយប្រហារបានកើតឡើងដោយ មានយន្តហោះចម្បាំង ១ គ្រឿង ទម្លាក់គ្រាប់បែកចំនួន ៣ គ្រាប់ ទៅលើអគារក្បែរសាលារៀន បណ្ដាលឱ្យមនុស្ស ១៧ នាក់ស្លាប់ និងប្រមាណ ២០ នាក់ផ្សេងទៀតរងរបួស។
ទីភ្នាក់ងារសារព័ត៌មានអនឡាញឯករាជ្យ KhitThit Media និងបណ្ដាញព័ត៌មានផ្សាយជាភាសាភូមា BBC បានរាយការណ៍ពីការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យ ប៉ុន្តែរដ្ឋាភិបាលយោធាបានបដិសេធការទទួលខុសត្រូវដោយអះអាងថា វាជាព័ត៌មានមិនពិត ដែលផ្សាយដោយ KhitThit Media ដែលមានទំនោរគាំទ្រក្រុមតស៊ូប្រឆាំងនឹងរដ្ឋាភិបាលយោធា។
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានផ្សាយកាលពីយប់ថ្ងៃអាទិត្យ ដោយស្រង់សម្តីជាអនាមិកពីមន្ត្រីនៃតំបន់កើតហេតុថា គ្មានយន្តហោះណាហោះហើរកាត់តំបន់នេះទេកាលពីព្រឹកថ្ងៃអាទិត្យ។
មីយ៉ាន់ម៉ាបានធ្លាក់ទៅក្នុងភាពវឹកវរផ្នែកនយោបាយក្រោយក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅដើមខែកុម្ភៈ ឆ្នាំ ២០២១។ រដ្ឋប្រហារបានបង្កើតជាចលនាប្រឆាំងរបបយោធា ដែលធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងជម្លោះ។
ក្រោយរដ្ឋប្រហារ រដ្ឋាភិបាលយោធាបានបង្កើនការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមតស៊ូ រួមមាន កងកម្លាំងប្រដាប់អាវុធការពារប្រជាជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមទ័ពព្រៃជនជាតិភាគតិច៕