កសិករអាល្លឺម៉ង់ចាប់ពីថ្ងៃចន្ទ បានប្រើប្រាស់ត្រាក់ទ័របិទផ្លូវក្នុងការតវ៉ាមួយដែលគ្រោងធ្វើរយៈពេល ១ សប្តាហ៍ នៅទូទាំងប្រទេសប្រឆាំងនឹងផែនការបញ្ចប់ជំនួយផ្នែកកសិកម្មដល់កសិករ។ ចំណែករដ្ឋាភិបាលវិញ បានអះអាងថា ការតវ៉ាដ៏កម្រនេះជាការសហការញុះញង់ និងកេងចំណេញផ្នែកនយោបាយដោយក្រុមគណបក្សស្តាំនិយម។
ក្បួនត្រាក់ទ័រ និងរថយន្តដឹកទំនិញដែលខ្លះតុបតែងដោយបដាតវ៉ាដែលសរសេរថា «គ្មានស្រាបៀរទេ បើគ្មានកសិករ» និងខ្លះទៀតដាក់ផ្ទាំងបដាពីគណបក្សស្តាំនិយមអាល្លឺម៉ង់ (AfD) បានប្រមូលផ្តុំគ្នានៅលើដងផ្លូវក្នុងសីតុណ្ហភាពក្រោម ០ អង្សារសេ នៅមុនពេលព្រឹកព្រលឹម ខណៈពេលដែលក្រុមអ្នកតវ៉ាខ្លះទៀតបានប៉ះទង្គិចជាមួយប៉ូលិស និងអ្នកនយោបាយជួរមុខរបស់រដ្ឋាភិបាលដែលលើកឡើងថា ភាពចលាចលនេះបង្កឡើងដោយក្រុមជ្រុលនិយម។
ប៉ូលិសអាល្លឺម៉ង់បាននិយាយថាផ្លូវថ្នល់ និងផ្លូវហាយវ៉េ ត្រូវបានបិទនៅទីតាំងជាច្រើនទូទាំងប្រទេសរួមទាំងច្រកព្រំដែនជាច្រើនជាមួយប្រទេសបារាំងដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍នៅពេលព្រឹកថ្ងៃចន្ទ។
ក្រុមកសិករបានហៅការតវ៉ានេះថាជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលលើគម្រោងលុបចោលការឧបត្ថម្ភក្នុងវិស័យកសិកម្មនិងព្រៃឈើ ពោលគឺជាគម្រោងដកការឧបត្ថម្ភលើប្រេងម៉ាស៊ូតសម្រាប់កសិកម្មជាជំហានៗក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។
កសិករម្នាក់មកពីទីក្រុងបាវ៉ារៀលោក Ralf Huber បាននិយាយថា៖ «សម្រាប់កសិដ្ឋានដូចខ្ញុំគម្រោងនេះនឹងធ្វើឱ្យយើងខាតបង់ប្រហែល ១ ម៉ឺនអឺរ៉ូ ហើយវានឹងក្លាយជាមហន្តរាយដ៏ធ្ងន់ធ្ងរសម្រាប់អាជីវកម្មរបស់យើង»។
លោក Hermann Blinkert មកពីវិទ្យាស្ថានអាល្លឺម៉ង់សម្រាប់ចម្លើយសង្គមថ្មី (INSA) បាននិយាយថារដ្ឋាភិបាលកំពុងជាប់គាំង ព្រោះមើលទៅវាអាក្រក់ណាស់ ប្រសិនបើកាត់ផ្តាច់ប្រាក់ឧបត្ថម្ភផ្នែកកសិកម្មទាំងស្រុង ក៏ប៉ុន្តែវានឹងកាន់តែអាក្រក់ទៅទៀតបើជម្លោះបែបនេះនៅតែបន្ត។
គណបក្ស AfD ដែលត្រូវបានគេស្គាល់ថា ជាគណបក្សស្តាំនិយម និងជាគណបក្សដែលសង្ឃឹមទទួលបានលទ្ធផលល្អនៅក្នុងការបោះឆ្នោតតាមរដ្ឋជាច្រើននៅឆ្នាំនេះនោះ បានបង្ហាញការគាំទ្រចំពោះការតវ៉ារបស់កសិករដើម្បីបង្ហាញថា ខ្លួនមិនពេញចិត្តចំពោះការដឹកនាំបច្ចុប្បន្ន។
បច្ចុប្បន្ននេះបើយោងតាមការស្ទង់មតិដោយ INSA គណបក្ស AfD កំពុងកាន់កាប់សំឡេងឆ្នោត ២៣ ភាគរយនាំមុខគណបក្សដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន SPD របស់លោក Scholz និងដៃគូចម្រុះ ២ គឺគណបក្ស Greens និង Free Democrats។
ក្នុងគម្រោងកាត់ផ្តាច់ជំនួយផ្នែកកសិកម្មដែលបច្ចុប្បន្នជួយកសិករបានក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៩០០ លានអឺរ៉ូ (៩៨០ លានដុល្លារ) ក្នុង ១ ឆ្នាំនេះក្រុមកសិករបាននិយាយថា វាជាបន្ទុកដ៏អយុត្តិធម៌ហើយនឹងរុញច្រានឱ្យពួកគេចេញពីអាជីវកម្មនេះថែមទៀត៕