ក្រោយ ១ ថ្ងៃ បន្ទាប់ពីសមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សទាំង ២ គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋដែលកំពុងដឹកនាំសភា បានព្រមព្រៀងគ្នាបង្កើតច្បាប់ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលលោក ចូ បៃដិន ចាយប្រាក់ដើម្បីវិស័យការពារជាតិ និងផ្តល់ជំនួយដល់សម្ព័ន្ធមិត្តដល់កំពុងជាប់ដៃក្នុងសង្គ្រាម មន្ត្រីសេតវិមានប្រជុំគ្នាដើម្បីរិះរកវិធីជួយអ៊ុយក្រែន។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មន្ត្រីសេតវិមានរបស់រដ្ឋបាលលោក ចូ បៃដិន បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទជាមួយមេដឹកនាំនៃក្រុមហ៊ុនបណ្តាក់ទុន និងឧស្សាហកម្ម បច្ចេកវិទ្យា និងក្រសួងការពារជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងចំណាប់អារម្មណ៍របស់រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន ក្នុងការគាំទ្រដល់ការចូលប្រើប្រាស់របស់អ៊ុយក្រែនទៅកាន់ឧបករណ៍ទំនើបៗរបស់សហរដ្ឋអាមេរិក។
កាលពីថ្ងៃអាទិត្យកន្លងទៅ មេដឹកនាំនៃគណបក្សទាំង ២ ក្នុងរដ្ឋសភាបានឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងអនុម័តឱ្យរដ្ឋាភិបាលចំណាយទឹកប្រាក់ ១,៦៦ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ក្នុងនោះមានការចំណាយទៅលើវិស័យការពារជាតិធំជាងគេ។
មេដឹកនាំនៃគណបក្សទាំង ២ ក្នុងរដ្ឋសភាអាមេរិកបានប្រកាសថា កិច្ចព្រមព្រៀងនោះអនុញ្ញាតឱ្យមានការចំណាយលើវិស័យការពារជាតិចំនួន ៨៨៦,៣ ពាន់លានដុល្លារ និងទឹកប្រាក់ ៧៧២,៧ ពាន់លានដុល្លារសម្រាប់ចំណាយតាមការសម្រេចចិត្ត។ ក្រៅពីនោះក៏មានកញ្ចប់ថវិកាសម្រាប់បង្ការគ្រាអាសន្នក្នុងវិស័យសុខាភិបាល និងថវិកាសម្រាប់កាត់បន្ថយអតិផរណាផងដែរ។ នេះបើតាម Washinton Post។
នៅក្រោយកិច្ចប្រជុំកាលពីថ្ងៃចន្ទចំនួន ៥ ម៉ោង តាមរ៉យទ័រ មន្ត្រីម្នាក់ក្នុងចំណោមអ្នកបានចូលរួមប្រជុំបានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងអំឡុងពេលហៅទូរស័ព្ទថា៖«ការសន្ទនាបានផ្តោតលើប្រព័ន្ធមួយចំនួន រួមទាំងប្រព័ន្ធការពារដែនអាកាសគ្មានមនុស្សបើក របៀបទប់ទល់នឹងប្រព័ន្ធអាកាសគ្មានមនុស្សបើក ហើយបន្ទាប់មកក៏ដោះស្រាយបញ្ហាប្រឈមនៃកិច្ចការដោះមីនបន្សល់ទុកក្នុងសង្គ្រាមផងដែរ»។
មន្ត្រីរដ្ឋបាលទី២ នៃសេតវិមាន បាននិយាយថា លោក Jake Sullivan ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានកោះប្រជុំដើម្បីជំរុញឱ្យមាន «ការសង្កត់ធ្ងន់ ជាថ្មីលើការជួយ អ៊ុយក្រែនឱ្យយកឈ្នះលើបញ្ហាប្រឈមខាងបច្ចេកវិទ្យាសំខាន់ៗទាំងនេះ ដែលពួកគេបានកំណត់ថារារាំងការរីកចម្រើន និងសម្ទុះរបស់ពួកគេនៅលើសមរភូមិ»។
សមាជិកសំខាន់ៗនៃក្រុមប្រឹក្សាសន្តិសុខជាតិបានជួបជាមួយនាយកប្រតិបត្តិឧស្សាហកម្មមកពីក្រុមហ៊ុន Fortem Aerospace ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ ដូចជា ក្រុមហ៊ុន Palantir Technologies Inc (PLTR.N) និងក្រុមហ៊ុន Anduril Industries Inc ក៏ដូចជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក Skydio ក្នុងចំណោមអ្នកផ្សេងទៀតដែលត្រូវបានអញ្ជើញចូលរួមប្រជុំនៅសេតវិមាន។
ក្រុមមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីគាំទ្រអ៊ុយក្រែននឹងត្រូវបានទប់ស្កាត់ដោយគ្មានកញ្ចប់ជំនួយបន្ថែមជាង ១០០ ពាន់លានដុល្លារ ដែលប្រធានាធិបតី ចូ បៃដិន បានជំរុញឱ្យសមាជិកសភាអនុម័តដែលរួមបញ្ចូលទាំងជំនួយសន្តិសុខថ្មីប្រហែល ៥០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈដែលរដ្ឋាភិបាលលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី កំពុងប្រយុទ្ធទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី៕