ភ្នំពេញ៖ នៅក្នុង​របាយការណ៍​​​ដែល​ចេញផ្សាយ​ដោយ​អង្គការ​យូណេស្កូ​ក្នុង​ឆ្នាំ២០២៤​នេះ វិបត្តិ​សកល​នៃ​និ​ទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​អ្នកសារព័ត៌មាន​បាន​ឈានដល់​កម្រិត​ថ្មី​គួរឱ្យ​ព្រួយបារម្ភ​។​

ចន្លោះ​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០២៤ អ្នកកាសែត​ជាង ១៧០០ នាក់​ត្រូវបាន​សម្លាប់​នៅ​ជុំវិញ​ពិភពលោក ហើយ​ប្រហែល ៨៥ ភាគរយ​នៃ​ករណី​មិនបាន​បញ្ជូនទៅ​តុលាការ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គ​ការអប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ (​យូណេស្កូ​)​។​

​ដោយឡែក មាន​អ្នកកាសែត​ចំនួន ១៦២ នាក់​ត្រូវបាន​សម្លាប់​ក្នុង​ឆ្នាំ២០២២​ និង២០២៣ កើនឡើង ៣៨ភាគរយ​។ ទិន្នន័យ​របស់យូណេស្កូនេះ បានគូសបញ្ជាក់​ពី​ការគំរាមកំហែង​ដែល​ប្រឈមមុខ​ដោយ​អ្នកជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​។​

​របាយការណ៍​ដែល​បានចេញ​ផ្សាយ​នៅទិវា​​អន្តរជាតិ​ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​អ្នកសារព័ត៌មាន បង្ហាញ​ពី​ការពិត​ដ៏​គួរឱ្យ​សោកសៅ​ដែល​អ្នកកាសែត​ម្នាក់​ត្រូវបាន​សម្លាប់​រៀងរាល់​បួន​ថ្ងៃ​ម្តង​នៅ​ទូទាំង​ពិភពលោក​។​

​ទោះបីជា​មានការ​រីកចម្រើន​ខ្លះ​ក៏ដោយ ក៏​យុត្តិធម៌​នៅតែ​ពិបាក​សម្រាប់​ជនរងគ្រោះ​ភាគច្រើន ដោយសារ ៨៥ភាគរយនៃ​ករណី​នៅតែ​មិនអាច​ដោះស្រាយបាន​។

​អត្រា​និ​ទណ្ឌ​ភាព​ខ្ពស់​នេះ ធ្វើឱ្យជះ​ឥទ្ធិពល​​វែងឆ្ងាយ​លើ​វិជ្ជាជីវៈ ដោយ​បំបាក់ទឹកចិត្ត​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការ​បំបិទ​សម្លេង ដែល​អាច​បង្ហាញ​ពី​អំពើពុករលួយ ការរំលោភបំពាន ឬ​ការរំលោភ​សិទ្ធិមនុស្ស​។​

អង្គការ​យូណេស្កូ​បន្ត​ថា​៖ «​​បួន​ឆ្នាំ​គឺជា​ពេលវេលា​ដ៏​យូរ​សម្រាប់​ករណី​ដែល​ត្រូវ​ដោះស្រាយ​។ ការពន្យារពេលស្វែង​រក​​យុ​ត្តិ​ធម៌​គឺស្មើរ​នឹង​មិនរក​​​យុត្តិធម៌»​។​

​ដើម្បី​ប្រារឰ​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​អ្នកសារព័ត៌មាន អង្គការ​សង្គមស៊ីវិល​​ក្នុងប្រទេស​កម្ពុជា​បានចេញ​សេចក្តីថ្លែងការណ៍​រួម​នៅ​ថ្ងៃទី១ ខែវិច្ឆិកា ជំ​រុញឱ្យ​រដ្ឋាភិបាល​ប្រយុទ្ធ​ប្រឆាំងនឹង​និ​ទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​អ្នកសារព័ត៌មាន​។​

​យោងតាម​កំណត់ត្រា​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកកាសែត​ចំនួន ១៥ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩៤ ដោយមាន ១២ នាក់​ជា​គោលដៅ​ខណៈដែល​រាយការណ៍​អំពី​បញ្ហា​រសើប​។​

​យោងតា​មឯកសារ​របស់​សមាគម​សម្ព័ន្ធ​អ្នកកាសែត​កម្ពុជា (CamboJA)​ ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៤​ អ្នកសារព័ត៌មាន​កម្ពុ​ជា​ចំនួន ៤៦ នាក់​បាន​ប្រឈមមុខ​នឹង​ការយាយី រួមទាំង​ការគំរាមកំហែង​ផ្លូវច្បាប់ ការឃុំខ្លួន និង​ការរំលោភ​លើ​រាងកាយ។​

​ប្រទេស​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់​លេខ ១៥១ ក្នុងចំណោម​ប្រទេស​ចំនួន ១៨០ ក្នុង​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ ២០២៤ របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ដោយ​ដាក់​វា​ក្នុងចំណោម​ប្រទេស​ដែល​សារព័ត៌មាន​ត្រូវបាន​គេ​ចាត់ទុកថា «​ធ្ងន់ធ្ងរ​»។​

យ៉ាងណាមិញ លោក​ ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ឱ្យដឹងថា ក្នុងរបាយការណ៍របស់ក្រសួងព័ត៌មានរយៈពេល ៧ឆ្នាំចុងក្រោយនេះ គឺមិនមានអ្នកសារព័ត៌មានណាមួយត្រូវសម្លាប់ក្នុងពេលបំពេញការងារប្រកប​ដោយ​វិជ្ជាជីវៈ​ ក្រមសីលធម៌​ជា​អ្នក​សារព័ត៌មាន​នោះទេ។

លោក​បាន​និយាយថា ក្រសួង​ព័ត៌មាន​បាន​កត់​សម្គាល់​ឃើញថា មាន​ក្រុម​ជន​មួយ​ចំនួន​ដែល​ជ្រក​ក្រោម​ស្លាក​សាព័ត៌មាន​បាន​ប្រព្រឹត្ដិ​ទង្វើ​ខុស​ក្រម​សីលធម៌ និង​យក​អាជីព​សារព័ត៌មាន​ធ្វើ​ជា​មុខ​របរ​ក្នុង​ការ​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ហើយ​ពេល​ខ្លះ​បាន​ប្រព្រឹត្ដិ​បទល្មើស​ព្រហ្មទ័ណ្ឌ​ ដូចជា ការ​កំហែង​ទារ​ប្រាក់ និង​បទល្មើស​ផ្សេង​ទៀត​ ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​មាន​ចែង​ជា​ធរមាន។

លោក អស្នារិទ្ធ ​បាន​អះអាង​ថា បទល្មើស​ទាំង​នេះមិនត្រូវបាន​ចាត់​ទុក​ជា​ការ​អនុវត្ដ​វិជ្ជាជីវៈ​នោះទេ​ និង​មិន​ត្រូវបានចាត់​ទុក​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​នៃរបប​​សារព័ត៌មាន​នោះដែរ​។

លោក​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា​៖ «​ម្លោះហើយ! គេមិន​ត្រូវបកស្រាយ​ថា វាជា​ការ​រំលោភបំពាន​ ឬក៏​រឹតត្បឹត​សេរីភាពសារព័ត៌មាន​ ឬ​សេរីភាព​បញ្ចេញ​មតិ​ឡើយ​»។ 

សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល ដែល​មាន​អង្គការចំនួន ២១ បានលើកឡើង​ពី​វប្បធម៌និទណ្ឌភាពនេះ ដែលប៉ះពាល់​ហួសពីអ្នកសារព័ត៌មាន រហូត​ដល់​សកម្មជន អ្នកការពារសិទ្ធិមនុស្ស និងមេដឹកនាំសហជីព។

សម្ព័ន្ធនេះទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យដែលគាំទ្រស្តង់ដាអន្តរជាតិ ជាពិសេសដោយលើកឡើងពីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិស្តីពីសុវត្ថិភាពអ្នកសារព័ត៌មាន។

ជាការ​ឆ្លើយតប លោក អស្នារិទ្ធ ​បានថ្លែងថា ចំពោះ​និទណ្ឌភាព មិន​មែន​ជាការ​កំណត់​តាម​ចិត្ដ​ដោយ​បុគ្គល​ណា​ម្នាក់​នោះទេ លុះត្រា​តែ​បុគ្គល​ត្រូវបាន​សង្ស័យ​នោះ​មិន​ត្រូវបាន​នាំយក​មក​ផ្ដន្ទាទោស​។ ប៉ុន្ដែ​បើ​បុគ្គល​នោះ​កំពុង​ស្ថិត​ក្នុង​ការ​នីតិវិធីទាំង​សមត្ថកិច្ច​នគរបាល អាជ្ញធរ​ពាក់ព័ន្ធ ​តុលាការ​មិន​ទាន់​បិទ​ការ​ស៊ើប​អង្កេត វា​មិន​ត្រូវបានចាត់​ទុក​ជា​និទណ្ឌភាព។

អ្នកសារព័ត៌មានបំពេញការងារនៅក្នុងហេតុការណ៍វាយប្រហារភារវកម្មនៅកេនយ៉ា។ រូបថត យូណេស្កូ

លោក​បាន​ឱ្យដឹងថា​ ក្រសួង​បាន​សម្របសម្រួល​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិវាទ និង​បញ្ហា​នានា សរុប​ចំនួន ២០​ករណី និង​កំពុង​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរ​ការផ្តល់​មេធាវី​ការពារ​ក្តី​ក្នុង​នីតិវិធីតុលាការ​លើករ​ណី​វិវាទ​មួយចំនួនទៀត​។

លោក អស្នារិទ្ធ បាន​បន្ត​ថា​៖ «ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ ក្រសួង​បាន​សម្របសម្រួល​ដោះស្រាយ​បណ្តឹង​ពាក់ព័ន្ធ​នឹង​កំហុស​វិជ្ជាជីវៈ​ចំនួន​ ​១៧​ករណី ដោយបាន​ផ្តល់​ការអប់រំ​និង​តម្រង់​ទិសលើ​ការប្រតិបត្តិ​ក្រមសីលធម៌ និង​និយាម​វិជ្ជាជីវៈ​សារព័ត៌មាន​ជា​ធរមាន​»។

លោក​បញ្ជាក់​ថា​៖ «កិច្ច​គាំពារ​ដល់​អ្នកសារព័ត៌មាន​ជា​អាទិភាព​ចំបង​មួយ​របស់​ក្រសួង​ព័ត៌មាន និង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់​ទំនុកចិត្ត​និង​ការការពារ​ដល់​អ្នកសារព័ត៌មាន ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​អនុវត្ត​តួនាទី​និង​ភារកិច្ច​ក្នុង​ក្របខណ្ឌ​ដែល​ច្បាប់​កំណត់​»។​

របាយការណ៍​របស់​អង្គការ​យូណេស្កូ ​បាន​បង្ហាញ​ថា ខណៈពេលដែល​តំបន់​អាស៊ីអាគ្នេយ៍​មិនត្រូវ​បានលើក​យកមក​វែកញែក​​ឱ្យ​ច្បាស់លាស់​នៅក្នុង​របាយការណ៍​នោះ វា​ចែករំលែក​បញ្ហា​ប្រឈម​ទូទៅ​ជាមួយ​តំបន់​ជិតខាង​ទាក់ទង​នឹង​អំពើហិង្សា​លើ​អ្នកសារព័ត៌មាន និង​ការរារាំង​នៃ​ការបញ្ចេញមតិ​ដោយ​សេរី​។​

​ប្រទេស​ដែល​ជួបប្រទះ​ភាពចលាចល​នយោបាយ ឬ​ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​របស់​រដ្ឋាភិបាល ដូចជា​ប្រទេស​មី​យ៉ាន់​ម៉ា នៅតែ​បន្ត​ប្រឈមមុខ​នឹង​បញ្ហា​ក្នុងការ​ការពារ​សេរីភាព​សារព័ត៌មាន​។​

​របាយការណ៍​នេះ​ បាន​ឱ្យដឹង​ថា៖ «​អ្នកសារព័ត៌មាន​នៅ​អាស៊ីអាគ្នេយ៍​ជារឿយៗ​ធ្វើការ​ក្នុង​បរិយាកាស​អរិភាព ដែល​ការភ័យខ្លាច​នៃ​ការសង​សឹក ឬ​ការកាត់ទោស​នៅតែ​ជាការ​ពិត​ប្រចាំថ្ងៃ​»។​

អ្នកសារព័ត៌មានប៉ាឡេស្ទីនចុះយកព័ត៌មាននៅតំបន់សមរភូមិផ្ទាល់។ រូបថត យូណេស្កូ

​ឥទ្ធិពល​ដ៏​ត្រជាក់​នៃ​និ​ទណ្ឌ​ភាព​គឺអាច​យល់បាន​៖ នៅពេលដែល​យុត្តិធម៌​ត្រូវបាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត សារព័ត៌មាន​ក្លាយជាទៅជា​មុខ​សញ្ញា​​ដ៏​គ្រោះថ្នាក់ ហើយ​ការ​សរសេរ​រឿង​រ៉ាវ​ស្ដីពី​ការពិត និង​ការទទួលខុសត្រូវ​ត្រូវបាន​បង្ក្រាប​។​

​ក្រៅពី​ការវាយដំ​លើ​រាងកាយ ការចាប់​ជំរិត និង​ការបាត់​ខ្លួន អ្នកកាសែតនៅលើ​ពិភពលោក​​ក៏​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ការស្លាប់​នៅក្នុង​មន្ទីរឃុំឃាំង​ផងដែរ ជាមួយនឹង​ការស្លាប់​ចំនួន ៥ នាក់​ត្រូវបាន​កត់ត្រា​នៅក្រោម​កាលៈទេសៈ​ទាំងនេះ​។​

​ក្នុងចំណោម​អ្នកស្លាប់​បាត់បង់​ជីវិត អ្នកសារព័ត៌មាន​ជា​ស្ត្រី​ប្រឈម​នឹង​គ្រោះថ្នាក់​ពិសេស​។ ក្នុង​ឆ្នាំ ២០២២ ចំនួន​អ្នកកាសែត​ស្រី​ដែល​ត្រូវបាន​សម្លាប់​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៧​ មក ដោយមាន​អ្នកស្លាប់​ចំនួន ១០ នាក់​។​

​ទិន្នន័យ​របស់​អង្គការ​យូណេស្កូ​ បង្ហាញថា ការវាយប្រហារ​លើ​អ្នកសារព័ត៌មាន​បាន​កើនឡើង​នៅក្នុង​ប្រទេស​ដែលមាន​ជម្លោះ ជាមួយនឹង​ការសម្លាប់​ចំនួន ៧២ ក្នុងចំណោម ១៦២​ នាក់៕