កម្ពុជារក្សាជំហជាមិត្តនៃគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិក ដែលនឹងស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នាខែមករា ខាងមុខនេះ។
អ្នកវិភាគយល់ថា ប្រសិនបើលោក ត្រាំ យកចិត្តទុកដាក់ខ្លាំងតំបន់នេះ អាស៊ាននឹងរងសម្ពាធនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង។
ឆ្លើបតបនឹងសំណួរអ្នកសារព័ត៌មាន កាលពីថ្ងៃទី ៧ ខែវិច្ឆិកា លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាគ្មានសត្រូវទេនៅលើពិភពលោក ហើយកម្ពុជាចង់ធ្វើជាមិត្តជាមួយគ្រប់ប្រទេសទាំងតូចទាំងធំ ជាពិសេសចង់ធ្វើជាមិត្តរបស់មហាអំណាចកំពូលរបស់ពិភពលោក គឺសហរដ្ឋអាមេរិ។
លោកថា នៅឆ្នាំ ២០២៥នេះ ទំនាក់ទំនងការទូតសហរដ្ឋអាមេរិកនឹងឈានដល់ខួប ៧៥ឆ្នាំ ដែលជាឱកាសសម្រាប់ពង្រឹងទំនាក់ទំនងការទូតនេះ។
ខណៈដែលកម្ពុជាគឺជាប្រទេសសម្រួលដៃគូសន្ទនាអាស៊ាន-អាមេរិកសម្រាប់ឆ្នាំ ២០២៤-២០២៧ កម្ពុជានឹងរកមធ្យោបាយពង្រឹងទំនាក់ទំនងការទូតឲ្យរឹងមាំទាំល្អរវាងអាស៊ាន និងអាមេរិក។
លោកនិយាយថា៖ «នៅក្នុងបរិបទពិសេសនៃទំនាក់ទំនងការទូត ៧៥ឆ្នាំ កម្ពុជាប្រាថ្នាចង់ឃើញការពង្រឹងឲ្យរឹងរិតតែមាំទាំនៃទំនាក់ទំនងកម្ពុជា-អាមេរិក»។
យ៉ាងណាក៏ដោយ ប្រទេសនៅក្នុងតំបន់នេះអាចប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងរវាងចិននឹងអាមេរិក ហើយកម្ពុជានឹងពិបាកដោយសារតែស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រសំខាន់នៃការប្រកួតប្រជែងឥទ្ធិពលនៃមហាអំណាចនឹងប្រឈមមុខខ្លាំងជាងគេ។ នេះជាការលើកឡើងរបស់លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
យ៉ាងណាក៏ដោយ លោកថា ទំនាក់ទំនងរវាងអាមេរិកនិងអាស៊ានអាចមានភាពប្រសើរឡើងពីព្រោះនៅចុងឆ្នាំ ២០១៩ លោកត្រាំ ចង់ឲ្យមានកិច្ចប្រជុំដៃគូសន្ទនាអាស៊ាន-អាមេរិក ប៉ុន្តែ ជាអកុសល ជំងឺកូវីដ១៩ បានមកដល់ហើយក្រោយមកអាណត្តិរបស់លោកក៏បានផុតទៅ។
កិច្ចប្រជុំនេះក៏ត្រូវបានធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន នៅឆ្នាំ ២០២២ ដែលកម្ពុជាជាប្រធានអាស៊ាន។
លោក គិន ភា យល់ថា ការងាកមកយកចិត្តទុកដាក់របស់អាមេរិកនៅតំបន់អាស៊ាន គឺដើម្បីបន្តគោលនយោបាយប្រឆាំងជាមួយចិន ដែលចាំបាច់ត្រូវតែចាប់យកអាស៊ាន។ លោកថា កាលពី លោក ត្រាំ ធ្វើជាប្រធានាធិបតីអាមេរិកពីឆ្នាំ ២០១៧ ដល់ ២០២១នោះ ឥទ្ធិពលរបស់អាមេរិកនៅអាស៊ានបានថយចុះ ហើយឥទ្ធិពលចិនកាន់តែរះត្រដែតឡើង។
លោកនិយាយថា៖ «ដូច្នេះហើយ ខ្ញុំគិតថា គាត់អាចនឹងមានគោលនោយបាយនិងទំនាក់ទំនងជាមួយអាស៊ានខ្លាំងជាងមុន ដោយសារកត្តាភូមិសាស្ត្រនយោបាយ។ ប៉ុន្តែ វាជាទ្វេគ្រោះសម្រាប់យើង និងសម្រាប់អាស៊ាន។ នៅពេលគាត់ងាកខ្លាំងមករកអាស៊ាន ប្រហែលអាស៊ានទាំងមូល ឬប្រទេសជាសមាជិកអាស៊ាន អាចនឹងត្រូវបង្ខំឲ្យជ្រើសរើសរវាងចិននិងសហរដ្ឋអាមេរិក»។
លោកបន្តថា៖ «ប្រសិនបើដូច្នេះមែន យើងនឹងស្ថិតនៅក្នុងសម្ពាធភូមិសាស្ត្រនយោបាយមួយធ្ងន់ធ្ងរ ព្រោះពេលដំរីជល់គ្នា វាងាប់ស្រមោចសង្អារ។ ពួកប្រទេសមហាអំណាចមិនដែលចង់ឲ្យយើងនៅកណ្ដាលទេ គេចង់ឲ្យតែគាំទ្ររបៀបវារៈរបស់គេរៀងៗខ្លួន»។
ដោយឡែកចំពោះទំនាក់ទំនងកម្ពុជា និងអាមេរិក លោកយល់ថា លោក ត្រាំ អាចយកចិត្តទុកដាក់លើទំនាក់ទំនងនេះ ព្រោះលោកក៏ធ្លាប់បានសរសេរលិខិតឆ្លើយឆ្លងជាមួយអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្ដារទំនាក់ទំនងនិងទំនុកចិត្ត និងចង់បង្កើតឲ្យមានក្រុមការងារធ្វើកិច្ចការងារនេះផងដែរ។
លោក គិន ភា ក៏ឃើញដែរថា លោក ត្រាំ ទំនងជាមិនសូវខ្វាយខ្វល់ច្រើនពេករឿងកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ហើយទំនាក់ទំនងអាចនឹងប្រសើរឡើង។ លោកមើលឃើញឧបសគ្គមួយចំនួននៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
លោក គិន ភា៖ «ឧបសគ្គនៃទំនាក់ទំនងកម្ពុជា និង អាមេរិក ដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស លំហប្រជាធិតេយ្យ អីជាដើមនោះ គឺជាការមើលឃើញស្ថានភាពមួយដោយកាណុងកាំម៉ារាផ្សេងគ្នា ដែលធ្វើឲ្យកម្ពុជាមានការរង្គាសចិត្តនិងចាត់ទុកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង»។
លោកបន្តថា៖ «រឿងមួយទៀតគឺទំនាក់ទំនងជិតស្និទ្ធរបស់កម្ពុជាជាមួយចិន។ កន្លងមកសហរដ្ឋអាមេរិកចេះតែបារម្ភថា កម្ពុជាជារដ្ឋស្ថិតនៅក្រោមរបៀបវារៈរបស់ចិន (client state)។ បញ្ហាមួយទៀតគឺការប្រកួតប្រជែងភូមិសាស្ត្រនយោបាយតែម្ដង ដោយសារតែកម្ពុជាស្ថិតនៅក្នុងតំបន់យុទ្ធសាស្ត្រដែលត្រូវតែបង្ខំឲ្យជ្រើសរើសរវាងចិននិងអាមេរិក»។
លោក ថុង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ឃើញថា គោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ពិបាកទស្សន៍ទាយទុកមុនណាស់។ ដោយសារតែលោករក្សាគោលនយោបាយគាំពានិយម American first ធ្វើអ្វីៗដើម្បីផលប្រយោជន៍អាមេរិកាំង សូម្បីតែសម្ព័ន្ធមិត្តរបស់អាមេរិកខ្លួនឯងក៏ពិបាកគិតទុកមុនអំពីគោលនយោបាយរបស់លោកដែរ។
លោកយល់ថា ការប្រាស្រ័យទាក់ទងរបស់ លោក ត្រាំ ជាមួយនឹងអាស៊ានត្រូវបានគេរំពឹងថានឹងមានកម្រិត ដោយសារតែអាមេរិកនឹងបង្វែរការយកចិត្តទុកដាក់ និងធនធានរបស់ខ្លួនទៅតំបន់ផ្សេងៗទៀត។ ដូចលោក គិន ភា ដែរ លោក ម៉េងដាវីត យល់ថា សកម្មភាពរបស់សហរដ្ឋអាមេរិកជាច្រើននៅអាស៊ី រួមទាំងនៅកម្ពុជា គឺពាក់ព័ន្ធនឹងការទប់ទល់នឹងចិន។
លោកបន្តថា៖ «នេះអាចធ្វើឱ្យមានការបង្កើនសម្ពាធសេដ្ឋកិច្ច និងការទូតមកលើកម្ពុជា ពាក់ព័ន្ធនឹងទំនាក់ទំនងនឹងទីក្រុងប៉េកាំង ដែលស្របទៅនឹងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយឥទ្ធិពលចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍»៕