​​ប្រមុខ​​កង​ទ័ព​​​​អ៊ុយក្រែន​ លោក ​Valery Zaluzhny ត្រូវបាន​​គេរាយការណ៍​ថា ត្រូវបាន​បណ្តេញ​ចេញ​ពី​តំណែង​​​​តាំងពី​ថ្ងៃចន្ទ​មក​​ម្ល៉េះ​ ប៉ុន្តែ​​មិន​ទាន់​មាន​សេចក្តី​ប្រកាស​​ជាផ្លូ​វ​ការ​នៅឡើយ​។​​

បណ្តាញ​ទូរទស្សន៍​ខ្សែ​កាប CNN ​របស់​អាមេរិក ​បាន​ដក​ស្រង់​​សម្តី​ប្រភព​២រូប ដែល​ដឹង​រឿង​នេះ ​​ដោយ​អះអាងថា ​​លោក Valery Zaluzhny ដែល​ជា​មេទ័ព​ដ៏​មាន​ប្រជាប្រិយ​របស់​អ៊ុយ​ក្រែ​ន​ ត្រូវបាន​កោះហៅ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​ការិយាល័យ​ប្រធានាធិបតី​កាលពី​ថ្ងៃ​ចន្ទ ហើយ​​ប្រាប់ថា​​រូប​លោក​​​ត្រូវបាន​បណ្តេញចេញ។ 

​សេចក្តី​រាយការណ៍​របស់ Financial Times ដែលបានរាយការណ៍​កាល​ពីថ្ងៃ​​​ទី​៣០​ខែ​មករា​ ក៏បាន​​អះអាង​ពី​ការ​បណ្តេញ​ចេញ​ពី​​​តួនាទី​មេបញ្ជាការ​កង​ទ័ព​​​​អ៊ុយក្រែន​ដែរ ហើយលោក​ត្រូវ​បាន​ប្រគល់​តួនាទី​ជា​​ទីប្រឹក្សា​​ក្រសួង​ការពារ​ជាតិវិញ។ 

​ទោះបី​ជា​យ៉ាងណា មាន​ប្រភព​​ចំនួន​ ៤ ​​​ដែល​​ Financial Times រាយការណ៍អះអាង​ថា ​លោកមេទ័ព​ Valery Zaluzhny បាន​បដិសេធ​ទទួល​យក​​​​​បែប​នោះ​។ 

​​តាមសេចក្តី​រាយការណ៍​នោះ ប្រភព​២ បាន​បញ្ជាក់​ថា ​ប្រធានាធិបតី​ អ៊ុយក្រែន​ លោក​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ​បាន​បញ្ជាក់​ទៅ​​​លោក ​Zaluzhny ថា មិន​​ថា​តួនាទី​អ្វី​ដែល​គាត់​ព្រម​ទទួល​ទេ ប៉ុន្តែ​គាត់​ត្រូវ​បាន​​​ដក​ចេញ​ពី​តួនាទី​ប្រមុខ​កង​ទ័ព​​។​

​​ប្រភព​ប្រាប់​​ CNN​ វិញបាន​លើក​ឡើង​ថា ​​ក្រឹត្យ​ប្រធានាធិបតី​ត្រូវ​បាន​​រំពឹងទុក​នៅ​ចុង​សប្តាហ៍​នេះ ដែល​​នេះ​​នឹង​ក្លាយ​ជាការ​រង្គោះរង្គើ​យោធា​ដ៏​ធំ​បំផុត​​ដែល​លោក​ប្រធានាធិបតី​​​​​ ហ្សេឡេនស្គី​បានធ្វើ។ 

ភាព​តានតឹង​ត្រូវបាន​គេ​និយាយថា​បាន​កើនឡើង​ជាពិសេស​នៅពេលដែល ​មេទ័ព​អ៊ុយក្រែន លោក Zaluzhny បាន​ពណ៌នា​សង្គ្រាម​ជាមួយ​រុស្ស៊ី​ថា​«ជា​ភាព​ទាល់​ច្រក​» នៅក្នុង​បទ​សម្ភាសន៍​​ ​និង​​អត្ថបទ​​ជាមួយ​​ទស្សនា​វ​ដ្តី The Economist ​ដែលចេញ​ផ្សាយ​កាល​ពី​​​ខែ​វិច្ឆិកា។

កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​ប្រធានាធិបតី លោក Serhiy Nykyforov បាន​ប្រាប់ CNN និង​អ្នកផ្សេង​ទៀតថា ពាក្យ​ចចាមអារ៉ាម​អំពី​ការបណ្តេញចេញ​របស់​មេ​ទ័ព​គឺ​មិន​ពិត​ទេ។ 

ក្រសួងការពារជាតិ​​អ៊ុយក្រែន​ក៏បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​​ដែល​សរសេរថា «អ្នកសារព័ត៌មាន​ជាទីគោរព ចម្លើយភ្លាមៗទៅកាន់​អ្នក​គ្រប់គ្នា គឺ​ថា «ទេ នេះ​មិនមែនជា​ការពិត​ទេ»។


ប៉ុន្តែ​យោងតាម​ប្រភព​មួយ នៅឯ​ការជួបជុំ​តូច​មួយ​នៅ​ការិយាល័យ​ប្រធានាធិបតី​កាលពី​ថ្ងៃ​ចន្ទ ក៏មាន​ការចូលរួម​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ ​លោក Rustem Umerov ផងដែរនោះ​ ប្រធានាធិបតី​បានប្រកាសថា​គាត់៖ ​«បានធ្វើការ​សម្រេចចិត្ត​បណ្តេញ​អគ្គមេបញ្ជាការ​នៃ​កងកម្លាំងប្រដាប់អាវុធ»។ ព័ត៌មាន​​នេះ​គឺ​ស្របតាម​របាយការណ៍​ផ្សេងទៀត រួមទាំង​នៅក្នុង​កាសែត Washington Post និង Financial Times ផងដែរ៕