មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់អនុសាសន៍ឱ្យចក្រភពអង់គ្លេស គួរតែចៀសវាងការកាត់បន្ថយពន្ធបន្ថែមដោយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអង់គ្លេសនឹងមានតម្រូវការចំណាយទៅលើសេវាសាធារណៈកើនឡើង និងការវិនិយោគលើសពីផែនការដែលមានស្រាប់របស់រដ្ឋាភិបាល។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី IMF បានធ្វើការវាយតម្លៃចុងក្រោយទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោកជារួម។
មូលនិធិរូបិយវត្ថុអន្តរជាតិបានបញ្ជាក់ថាការកាត់បន្ថយការចំណាយដោយរតនាគារជាតិអង់គ្លេសសម្រាប់ឆ្នាំនេះគឺមិនឆ្លុះបញ្ចាំងពីភាពជាក់ស្ដែងទេ។ យ៉ាងណាក៏ដោយ អធិការបតី លោក ចេរ៉េមី ហាន់ (Jeremy Hunt) បាននិយាយថាការកាត់បន្ថយពន្ធអាចជំរុញកំណើនសេដ្ឋកិច្ចបានច្រើន។លោកថែមទាំងបានបង្ហាញពីគម្រោងថានឹងកាត់បន្ថយពន្ធបន្ថែមទៀតនៅក្នុងថវិកាខែមីនាខាងមុខនេះ។
IMF គឺជាស្ថាប័នអន្តរជាតិមួយដែលមានប្រទេសសមាជិកចំនួន១៩០ប្រទេស ដែលក្នុងនោះក៏មានចក្រភពអង់គ្លេសផងដែរ។ សមាជិកទាំងអស់តែងតែខិតខំធ្វើការសហការគ្នាចេញសេចក្ដីណែនាំ ឬអនុសាសន៍ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានស្ថិរភាព។
តួនាទីសំខាន់មួយក្នុងចំណោមតួនាទីជាច្រើនរបស់ស្ថាប័នIMF គឺផ្តល់ការណែនាំដល់សមាជិករបស់ខ្លួនលើវិធីសាស្ត្រលើកកម្ពស់សេដ្ឋកិច្ចរបស់ពួកគេ។ជាការកត់សម្គាល់ថ្មីៗនេះ IMF បានព្យាករកំណើនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសនៅឆ្នាំក្រោយថានឹងធ្លាក់ចុះពី២%ទៅ១,៦%។
សេដ្ឋកិច្ចចក្រភពអង់គ្លេសនៅឆ្នាំ២០២៣ កន្លងទៅ និងនៅឆ្នាំ២០២៤ នេះ ត្រូវបានគេរំពឹងថានឹងមានកំណើនទាបជាង០,៥% និង០,៦% ដែលតួលេខនេះបានធ្វើឱ្យអង់គ្លេសមានកំណើនសេដ្ឋកិច្ចយឺតបំផុតទី២ ក្នុងចំណោមក្រុមប្រទេសG7 បន្ទាប់ពីប្រទេសអាល្លឺម៉ង់។
មូលនិធិ IMF ក៏បានព្យាករពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារអង់គ្លេសដែលអាចនឹងធ្លាក់ចុះទាបបើធៀបនឹងការរំពឹងទុករបស់ទីផ្សារប្រមាណជា ៥,២៥% នៅក្នុងឆមាសទី១ នៃឆ្នាំនេះហើយអាចនឹងថយចុះ០,៥% នៅឆមាសទី។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលអង់គ្លេសបានច្រានចោលការណែនាំរបស់IMF ជុំវិញការកាត់បន្ថយពន្ធដោយអះអាងថាកំណើនសេដ្ឋកិច្ចរបស់អង់គ្លេសមានភាពប្រសើរឡើងគឺដោយសារតែការកាត់បន្ថយពន្ធលើការវិនិយោគរបស់អាជីវកម្មគោលដៅ។
លោកហាន់ នឹងទទួលបានតួលេខហិរញ្ញវត្ថុបន្ថែមទៀតពីភ្នាក់ងារព្យាករណ៍ឯករាជ្យរបស់រដ្ឋាភិបាល ហៅកាត់ថាOBR ដែលនឹងបង្ហាញពីចំណុចដែលត្រូវកាត់បន្ថយពន្ធឬចំណុចដែលត្រូវបង្កើនចំណាយបន្ថែម។ដោយឡែក លោករីឆាដ ហ៊ូច (Richard Hughes) ប្រធានOBR បានរិះគន់ផែនការចំណាយក្រោយការបោះឆ្នោតរបស់រដ្ឋាភិបាលថាមិនមានឯកសារជាក់លាក់ និងមិនគ្រប់គ្រាន់។
ប្រសិនបើរដ្ឋាភិបាលនៅបន្តផែនការចំណាយដោយកាត់បន្ថយពន្ធ ហើយសេដ្ឋកិច្ចមានភាពប្រសើរឡើងនោះ លោក អធិការបតី ហាន់ អាចនឹងមានភាពបត់បែនកាន់តែច្រើនក្នុងការបំពេញតាមគោលដៅនៃការខ្ចីប្រាក់ចំនួន២០ប៊ីលានផោនក្នុង១ឆ្នាំ។
ប៉ុន្តែ វិទ្យាស្ថានសម្រាប់ការសិក្សាសារពើពន្ធ (IFS) បានព្រមានថាអ្នកនយោបាយអាចនឹងត្រូវពិចារណាឡើងវិញអំពីការកាត់បន្ថយពន្ធដែលបានសន្យាដោយសារតែបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចអាចកើតចេញពីការសម្រេចចិត្តក្នុងស្ថានភាពលំបាកបែបនេះ ដូចទៅនឹងទសវត្សរ៍ឆ្នាំ១៩៥។
លោកខាល អេមើសុន (Carl Emmerson) នាយករង IFS បានសម្តែងការព្រួយបារម្ភអំពីសមត្ថភាពរបស់អធិការបតីក្នុងការបំពេញគោលដៅកាត់បន្ថយបំណុលក្នុងរយៈពេល៥ឆ្នាំតាមការព្យាកររបស់IMF ។ លោក អេមើសុនបានស្នើឱ្យពន្យារពេលកាត់បន្ថយពន្ធរហូតដល់ពេលបំណុលមានការថយចុះហើយការកាត់បន្ថយចំណាយត្រូវមានភាពច្បាស់លាស់។
លោក ហាន់ ដែលជាសមាជិកសភាអភិរក្សនិយមបានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចដែលបណ្ដាលមកពីការបន្ធូរបន្ថយពន្ធខណៈដែលលោកដារ៉េន ចូន (Darren Jones) មកពីគណបក្សពលករ បានរិះគន់ក្រុមអភិរក្សនិយមថាកំពុងបរាជ័យផ្នែកសេដ្ឋកិច្ច។
IMF បានព្យាករពីនិន្នាការវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោកដោយរំពឹងថានឹងមានកំណើន៣,១% នៅឆ្នាំនេះកើនឡើងពីការប៉ាន់ប្រមាណលើកមុនចំនួន ២,៩%។ កំណើននេះគឺដោយសារមានការរួមចំណែកច្រើនពីសហរដ្ឋអាមេរិកម៉ិកស៊ិកនិងឥណ្ឌា។ ដោយឡែកកំណើនសេដ្ឋកិច្ចរបស់រុស្ស៊ីក៏នឹងកើនដល់២,៦% បើទោះជាមានការដាក់ទណ្ឌកម្មក៏ដោយខណៈដែលកំណើនរបស់ចិនត្រូវបានគេព្យាករថានឹងកើន ៤,៦%។
IMF ក៏បានសង្កត់ធ្ងន់លើស្ថិរភាពតម្លៃខណៈដែលពិភពលោកកំពុងជួបបញ្ហាប្រឈមជាសកលរួមទាំងការព្រួយបារម្ភអំពីវិស័យអចលនទ្រព្យរបស់ប្រទេសចិននិងភាពតានតឹងនៅមជ្ឈិមបូព៌ា។IMF ក៏បានជំរុញឱ្យធនាគារកណ្តាលគ្រប់ប្រទេស ផ្តោតលើការកាត់បន្ថយអតិផរណាដោយរំពឹងថានឹងមានការថយចុះជាសកលពី៦,៨%ទៅ៥,៨%នៅឆ្នាំនេះ៕