ឥណ្ឌាបានដាក់ពង្រាយយ៉ាងហោចណាស់នាវាចម្បាំងរាប់សិបគ្រឿងនៅភាគខាងកើតនៃសមុទ្រក្រហមដើម្បីត្រៀមការពារសន្តិសុខប្រឆាំងនឹងចោរសមុទ្រនិងបានស៊ើបអង្កេតនាវាជាង ២៥០ គ្រឿង ខណៈមហាអំណាចលោកខាងលិចផ្តោតលើការវាយប្រហារក្រុមហ៊ូធី (Houthi) របស់យេម៉ែន គាំទ្រដោយអ៊ីរ៉ង់។
គួរជម្រាបថា ឥណ្ឌាមិនបានចូលរួមជាមួយក្រុមការងារដឹកនាំដោយសហរដ្ឋអាមេរិកដែលមានប្រទេសមហាអំណាចជាច្រើនចូលរួមជុំវិញបញ្ហាសមុទ្រក្រហមទេហើយក៏មិនមាននាវាចម្បាំងនៅទីនោះដែរ។
ប៉ុន្តែបច្ចុប្បន្នមន្ត្រីឥណ្ឌា បាននិយាយថាខ្លួនមាននាវាចម្បាំងជួរមុខ ២គ្រឿងនៅឈូងសមុទ្រ Aden និងនាវាចម្បាំងយ៉ាងហោចណាស់១០គ្រឿងនៅភាគខាងជើងនិងខាងលិចសមុទ្រអារ៉ាប់រួមជាមួយនឹងយន្តហោះស៊ើបការណ៍។ហើយនេះគឺជាការដាក់ពង្រាយកងទ័ពដ៏ធំបំផុតរបស់ឥណ្ឌានៅក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា សមត្ថភាពផលប្រយោជន៍និងកេរ្តិ៍ឈ្មោះដែលកំពុងកើនឡើងរបស់ប្រទេសឥណ្ឌាបានធានាពីជំនួយរបស់ខ្លួនក្នុងស្ថានភាពលំបាក។
ក្នុងកម្មវិធីសាធារណៈមួយនៅថ្ងៃទី៣០ ខែមករា រដ្ឋមន្ត្រីរូបនេះ បានថ្លែងថា៖ «យើងនឹងមិនត្រូវបានចាត់ទុកថាជាប្រទេសដែលមានការទទួលខុសត្រូវទេនៅពេលដែលមានរឿងអាក្រក់កើតឡើងនៅប្រទេសជិតខាង»។
ប្រទេសជាច្រើនមានវត្តមានទ័ពជើងទឹកក្នុងតំបន់រួមមាន សហរដ្ឋអាមេរិក បារាំងនិង ចិន ប៉ុន្តែ មន្ត្រីឥណ្ឌានិយាយថា វត្តមានរបស់ឥណ្ឌាគឺធំជាងគេ។
មន្ត្រីយោធានិងការពារជាតិឥណ្ឌាបាននិយាយថា បុគ្គលិកកងទ័ពជើងទឹក រួមទាំងកងកុម្ម៉ង់ដូពិសេស បានស៊ើបអង្កេតកប៉ាល់និងទូកតូចៗជាង ២៥០ គ្រឿង ក្នុងរយៈពេល ២ ខែចុងក្រោយនេះខណៈដែលចោរសមុទ្រវិលត្រឡប់មកវិញបន្ទាប់ពីអវត្តមានរយៈពេល ៦ ឆ្នាំ។
មន្ត្រីឥណ្ឌាបាននិយាយថាយ៉ាងហោចណាស់ឧប្បត្តិហេតុចំនួន ១៧ នៃការប្លន់ការប៉ុនប៉ងប្លន់និងវិធីសាស្ត្រគួរឱ្យសង្ស័យត្រូវបានកត់ត្រាដោយកងទ័ពជើងទឹកឥណ្ឌាចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។
ក្រុមហ៊ូធីរបស់យេម៉ែនចាប់តាំងពីខែវិច្ឆិកាបានវាយប្រហារលើកប៉ាល់ជាច្រើននៅសមុទ្រក្រហមដែលជាផ្នែកមួយនៃផ្លូវដែលដើរតួ១២ភាគរយនៃចរាចរណ៍ដឹកជញ្ជូនផ្លូវទឹករបស់ពិភពលោកហើយការវាយប្រហារនេះត្រូវបានពួកគេចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រប៉ាឡេស្ទីនក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល។
ក្រុមការងារដឹកនាំដោយសហរដ្ឋអាមេរិកដែលកំពុងការពារនាវានៅក្នុងសមុទ្រក្រហម បានបើកការវាយប្រហារនៅទូទាំងប្រទេសយេម៉ែនសំដៅលើកងកម្លាំងហ៊ូធី ក្នុងខែមករាឆ្នាំ២០២៤នេះ ខណៈអ្នកជំនាញឥណ្ឌាបាននិយាយថាជម្លោះកំពុងរីករាលដាលហួសសមុទ្រក្រហមហើយ៕