ប្រាក់ចំណូលសារពើពន្ធសរុបរបស់ប្រទេសចិន បានកើនឡើង ៦,៤ ភាគរយក្នុងឆ្នាំ ២០២៣ បើធៀបទៅនឹងឆ្នាំ ២០២២។ ការណ៍នេះបានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ពីការកើនឡើងត្រឹមតែ ០,៦ ភាគរយ ក្នុងអំឡុងពេលដែលប្រទេសចិនរងផលប៉ះពាល់ដោយវិបត្តិជំងឺរាតត្បាតកូវីដ ១៩ ឆ្នាំ ២០២២។ នេះបើយោងតាមសេចក្តីរាយការណ៍របស់អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនលោក វ៉ាង តុងវ៉ី (Wang Dongwei) នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងក្នុងថ្ងៃព្រហស្បតិ៍នេះ។
សេដ្ឋកិច្ចរបស់ប្រទេសចិន បានជួបនឹងការលំបាកក្នុងការងើបឡើងវិញជាបន្តបន្ទាប់ ដោយសារទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ដោយអត្រាបរិត្តផរណាកើនឡើងជាបន្តបន្ទាប់តម្លៃអចលនទ្រព្យក៏ធ្លាក់ចុះក្នុងរយៈពេលយូរហើយបញ្ហាប្រឈមភូមិសាស្ត្រនយោបាយក៏កំពុងបន្ត ដែលជាហេតុនាំឱ្យមានការអំពាវនាវដល់រដ្ឋាភិបាល ឱ្យដាក់ចេញគោលនយោបាយគាំទ្រសេដ្ឋកិច្ចជាបន្ទាន់។
នៅឆ្នាំ ២០២៣ ការចំណាយសារពើពន្ធរបស់ចិនបានកើនឡើង ៥,៤%។ នេះបើយោងតាមការលើកឡើងរបស់លោក វ៉ាង។ លោកក៏បានលើកឡើងថា «រដ្ឋាភិបាលគ្រោងនឹងបន្តចំណាយក្នុងកម្រិតមួយជាក់លាក់ក្នុងឆ្នាំ ២០២៤ ។ ការងើបឡើងវិញនៃប្រាក់ចំណូលសារពើពន្ធរបស់ប្រទេសចិន សម្រាប់ឆ្នាំ ២០២៣ គឺបានមកពីការកែលម្អគោលនយោបាយសេដ្ឋកិច្ចនិងការដែលសេដ្ឋកិច្ចអាចងើបឡើងវិញដោយសារការកាត់បន្ថយពន្ធនិងថ្លៃសេវាផ្សេងៗយ៉ាងច្រើនក្នុងឆ្នាំ២០២២»។
លោកបានបន្តថា ចំណូលថវិកាសាធារណៈដែលចិនប្រមូលបាន មានរហូតដល់ទៅ ២,៩៣ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
លោកបានបញ្ជាក់បន្ថែមថា «សេដ្ឋកិច្ចរបស់ចិនក្នុងខេត្តទាំង ៣១ មានកំណើនចំណូលសារពើពន្ធគួរឱ្យកត់សម្គាល់»។ យ៉ាងណាក៏ដោយការស្ទង់មតិផ្លូវការមួយកាលពីពេលថ្មីៗនេះ បានបង្ហាញថាសេដ្ឋកិច្ចចិននៅដើមឆ្នាំ ២០២៤ កំពុងមានដំណើរការតិចតួច និងទាមទារការគាំទ្រពីគោលនយោបាយរដ្ឋាភិបាលបន្ថែម។ ការស្ទង់មតិនេះបានគូសបញ្ជាក់ពីការធ្លាក់ចុះនៃសកម្មភាពផលិតកម្មកាលពីខែមុនដែលភាគច្រើនដោយសារតែតម្រូវការចុះខ្សោយជាបន្តបន្ទាប់។
វិបត្តិអចលនទ្រព្យនៅប្រទេសចិន ក៏បានប៉ះពាល់ដល់ចំណូលសារពើពន្ធរបស់រដ្ឋាភិបាលក្នុងតំបន់ដោយសារប្រាក់ចំណូលពីការលក់ដីរដ្ឋគឺជាប្រភពចំណូលចម្បងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះ ដើម្បីដោះស្រាយហានិភ័យបំណុលដែលកំពុងកើនឡើងប្រទេសចិន បានដាក់ចេញវិធានការឱ្យរដ្ឋបាលក្នុងតំបន់ដែលជំពាក់បំណុលច្រើន ពន្យារពេលឬផ្អាកគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលទទួលមូលនិធិគាំទ្រពីរដ្ឋមួយចំនួននេះបើយោងតាមការរាយការណ៍ដោយសារព័ត៌មាន Reuters កាលពីខែមុន។
មន្ត្រីរដ្ឋាភិបាលចិនជាច្រើនបានប្តេជ្ញាអនុវត្តគោលនយោបាយសារពើពន្ធយ៉ាងសកម្មនៅឆ្នាំ២០២។ ការប្តេជ្ញាចិត្តនេះធ្វើឡើងបន្ទាប់ពីការអនុម័តដាក់ចេញនូវមូលបត្របំណុលរដ្ឋាភិបាលចំនួនប្រមាណជាជាង ១៤០ ពាន់លានដុល្លារសហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំមុន ដើម្បីគាំទ្រដល់លើទីផ្សារមូលបត្រ ដោយរំពឹងថាការចំណាយសារពើពន្ធនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចទាំងមូល។
ប្រទេសចិនអាចនឹងមានឱនភាពថវិកាចំនួន ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៤ ដែលតួលេខនេះមានការថយចុះពីគោលដៅដែលធ្លាប់បានប៉ាន់ប្រមាណក្នុងឆ្នាំ ២០២៣ ចំនួន ៣,៨%។ យោងតាមការរាយការណ៍កាលពីខែមុនដោយសារព័ត៌មាន Reuters បានឱ្យដឹងថាចិនអាចនឹងប្រើប្រាស់បំណុលក្រៅថវិកាជាតិ (Off-budget Debt) សម្រាប់បំពេញបន្ថែមទៅលើចំណាយសារពើពន្ធរបស់ខ្លួន៕