ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានអនុម័តទំនើបកម្មយោធាដំណាក់កាលទី៣ដែលរួមមានការទិញនាវាមុជទឹកដំបូងរបស់ប្រទេសនេះ ដើម្បីការពារអធិបតេយ្យភាពដែនទឹកសមុទ្ររបស់ខ្លួននៅក្នុងជម្លោះជាមួយចិន។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានស្រង់សម្ដីអ្នកនាំពាក្យកងទ័ពជើងទឹកសម្រាប់ដែនសមុទ្រហ្វីលីពីនខាងលិច លោក Roy Trinidad ដែលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ដំណាក់កាលទី៣នៃការធ្វើទំនើបកម្មយោធា បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រពីវិស័យការពារផ្ទៃក្នុង ទៅវិស័យការពារក្រៅ របស់ហ្វីលីពីន។
លោក Trinidad បាននិយាយថា៖«យើងមិនមែនជាកងទ័ពជើងទឹកធំទេ ប៉ុន្តែយើងនឹងមានកងទ័ពជើងទឹកដែលនឹងថែរក្សាសិទ្ធិ និងអធិបតេយ្យភាពទឹកដីរបស់យើង»។
លោកគូសបញ្ជាក់ថា ដំណាក់កាលទី៣នៃផែនការទំនើបកម្ម ដែលបានធ្វើការកែសម្រួលដើម្បីធ្វើឱ្យវាកាន់តែសមស្របទៅនឹងតម្រូវការរបស់ប្រទេស ត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវចំណាយប្រាក់ ៣៥,៦២ ពាន់លានដុល្លារ ហើយនឹងត្រូវអនុវត្តក្នុងរយៈពេលជាច្រើនឆ្នាំ។
គេមើលឃើញថា ការប្រកាសលើគម្រោងនេះ ធ្វើឡើង ខណៈមានភាពតានតឹងកាន់តែខ្លាំងជាមួយចិន ជុំវិញជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង ដោយហ្វីលីពីន រាប់តំបន់ជម្លោះទាំងនោះនៅសមុទ្រចិនខាងត្បូងទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចិន និងហ្វីលីពីន បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកខ្លាំង ជុំវិញការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូង ដែលប្រទេសទាំង២ទាមទារលើដែនអធិបតេយ្យត្រួតស៊ីគ្នា។
លោក Trinidad មិនអាចនិយាយភ្លាមៗថា តើមាននាវាមុជទឹកប៉ុន្មានគ្រឿង ដែលហ្វីលីពីន មានបំណងចង់បាន ប៉ុន្តែលោកបង្ហើបថា នឹងមានច្រើនជាង ១ គ្រឿង។ លោកបន្តថា ប្រទេសបារាំង អេស្បាញនិងអ៊ីតាលីជាដើម បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការផ្គត់ផ្គង់ហ្វីលីពីននូវនាវាមុជទឹក។ បច្ចុប្បន្ន ប្រទេសជិតខាងអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជាឥណ្ឌូនេស៊ី និងវៀតណាម មានកម្មវិធីនាវាមុជទឹករួចទៅហើយ។
បើតាមអ្នកនាំពាក្យដដែល ដំណាក់កាលទី៣ នៃទំនើបកម្មយោធារបស់ហ្វីលីពីន នឹងស្វែងរកការបង្កើនសមត្ថភាពយោធានៅលើសមុទ្រហ្វីលីពីនខាងលិច ដែលគេស្គាល់ជាទូទៅថាជាសមុទ្រចិនខាងត្បូង។
កាលពីខែមុន រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយថា ការទិញគ្រឿងយោធាផ្សេងៗក្រោមដំណាក់កាលទី៣ នឹងផ្តោតលើការរៀបចំសមត្ថភាព រាប់ចាប់ពីការយល់ដឹងអំពីដែនការស៊ើបការណ៍សម្ងាត់ សមត្ថភាពទប់ទល់ក្នុងដែនសមុទ្រ និងលំហអាកាស៕