តុលាការខេត្ត Kien Giang នៅភាគខាងត្បូងនៃប្រទេសវៀតណាម កាលពីថ្ងៃពុធ បានកាត់ទោសបុរស ៣ នាក់ ឱ្យជាប់គុកអស់មួយជីវិត ពាក់ព័ន្ធនឹងការបាញ់មនុស្ស ២ នាក់ឱ្យស្លាប់ និង ៤ នាក់រងរបួសធ្ងន់ធ្ងរ ដោយសារតែជម្លោះដីធ្លីនៅលើកោះត្រល់ (កោះភូកុក-Phu Quoc)។
បើតាមការចុះផ្សាយរបស់កាសែត VnExpress ពិរុទ្ធជនទាំង ៣ នាក់ មានឈ្មោះ Doan Thien Long អាយុ ២៣ ឆ្នាំឈ្មោះ Nguyen Van Thai អាយុ ៣៦ ឆ្នាំ និងឈ្មោះ Bui Duc Ngoc អាយុ ៣២ ឆ្នាំ។ ពួកគេត្រូវបានរកឃើញថាមានពិរុទ្ធពីបទ«ឃាតកម្ម» និង«ការប្រើប្រាស់អាវុធយោធាដោយខុសច្បាប់»។
បុរស២នាក់ទៀតដែលពាក់ព័ន្ធ ត្រូវបានកាត់ទោសដូចគ្នា ដោយម្នាក់ឈ្មោះPham Anh Hieu ត្រូវជាប់គុក ២០ ឆ្នាំ និងម្នាក់ឈ្មោះ Bui Minh Trung ត្រូវជាប់គុក ១៤ ឆ្នាំ។
ហេតុការណ៍បាញ់ប្រហារបានផ្ដើមចេញពីចម្លោះដីធ្លីរវាងប្រជាជនមូលដ្ឋាន និងបុរស២នាក់ មកពីខេត្ត Ca Mau ជាប់ព្រំដែនខេត្ត Kien Giang ដែលជាខេត្តនៃកោះត្រល់។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២២មនុស្សជាង ៥០ នាក់ ដែលធ្វើការឱ្យបុរសទាំង២នាក់មកពីខេត្ត Ca Mau បានធ្វើដំណើរកន្លែងដីជម្លោះលើកោះ Phu Quoc តាមឡានចំនួន ៨ ដើម្បីដោះស្រាយជម្លោះ ប៉ុន្តែបានប្រដាប់ដោយកាំភ្លើង និងកាំបិត ខណៈដែលមានកម្មករជាច្រើននាក់កំពុងសង់ផ្ទះវីឡានៅលើដីជម្លោះនោះ។
ពេលកំពុងប៉ះទង្គិចគ្នា ក្រុមបុរសពីខេត្ត Ca Mau បានបាញ់ប្រហារទៅលើបុរស ៦ នាក់ បណ្ដាលឱ្យ ២ ស្លាប់ និង ៤ នាក់ទៀតរងរបួសធ្ងន់។ ខ្សែវីដេអូពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ជនដៃដល់ បានធ្វើការបាញ់ប្រហារយ៉ាងហោចណាស់ ចំនួន ១២ គ្រាប់។
បើតាមគណៈវិនិច្ឆ័យ ម្នាក់ឈ្មោះ Long ដែលត្រូវជាប់គុកអស់មួយជីវិតមានភាពសកម្មជាងគេអំឡុងពេលបាញ់ប្រហារ ដោយបានបាញ់ប្រហារចំនួន ៣ ដង ទៅលើជនរងគ្រោះចម្ងាយប្រហែលពី ១០-១៥ ម៉ែត្រ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង « ៦ នាក់រងរបួស»។
ចំណែកឯម្នាក់ឈ្មោះ Ngoc ដែលត្រូវទទួលទោសដូចគ្នាវិញ បានដើរតួយ៉ាងសំខាន់នៅពេលញុះញង់បញ្ឆេះកំហឹង និងរៀបចំយានជំនិះឱ្យបក្សពួករបស់ខ្លួន ធ្វើដំណើរទៅកន្លែងកើតហេតុ ហើយបានប្រគល់កាំភ្លើងទៅឱ្យលោក Long ដោយបញ្ជាថាឱ្យ «ការពារមេ» របស់ខ្លួន។ ចំពោះពិរុទ្ធត្រូវជាប់គុកអស់មួយជីវិតម្នាក់ទៀត ឈ្មោះ Thai ត្រូវបានតុលាការកំណត់ថា មានតួនាទីជាអ្នកដឹកនាំ និងអ្នករៀបចំ ដែលបានផ្តល់អាវុធដល់ចុងចោទផ្សេងទៀត និងផ្តួចផ្តើមការប្រយុទ្ធ។
លោក Hieu ដែលត្រូវជាប់គុក ២០ ឆ្នាំវិញដឹងថានឹងមានភាពវឹកវរអាចបង្កការប្រយុទ្ធគ្នា ប៉ុន្តែនៅតែ ចង់បញ្ចប់ការវាស់វែងដីជម្លោះ ហើយជ្រើសរើសមិនខ្វល់នឹងផលវិបាក។ យ៉ាងណាមិញ លោកHieu មិនបានដឹកនាំ ឬបញ្ជាអ្នកដទៃឲ្យប្រព្រឹត្តបទល្មើសនោះទេ។
ដីធ្លីមានជម្លោះ ដំបូងឡើយគឺជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ Nguy Van Khieu។ ក្រោយមក ដីនេះត្រូវបានលក់ទៅឱ្យបុរសម្នាក់ឈ្មោះ Khuc Van Doai ក្នុងតម្លៃ១១ ប៊ីលានដុង (៤៥០ ០០០ ដុល្លារ) ប៉ុន្តែលោកDoaiបានបង់ប្រាក់ត្រឹមតែ១,១ ប៊ីលានដុងប៉ុណ្ណេះ ហើយលែងបង់ប្រាក់តទៀត។
មិនត្រឹមតែប៉ុណ្ណោះ លោកDoaiបានពុះដីជាឡូតិ៍តូចៗ ហើយលក់ទៅឱ្យអ្នកផ្សេង ដែលធ្វើឱ្យលោក Khieu ជួលមេធាវីម្នាក់ និងមនុស្ស២នាក់ទៀត ឲ្យជួយដោះស្រាយ។ពេលមនុស្សរបស់លោក Khieu ចុះទៅវាស់វែងដី មនុស្សរបស់លោក Doai បានចេញរារាំង។
ក្រោយមក លោក Khieu បានសុំឱ្យម្នាក់ឈ្មោះ Thai ដែលមកពីក្រុមទំនើងដ៏ល្បី ត្រួតពិនិត្យការពារដីជម្លោះ ដើម្បីឱ្យក្រុមការងារបញ្ចប់ការវាស់វែង ជាថ្នូរនឹងប្រាក់ ៤ ប៊ីលានដុង។ Thai បានបបួលក្មេងទំនើងផ្សេងទៀតឱ្យរួមដៃជាមួយខ្លួន ហើយពួកគេនោះហើយ ដែលត្រូវជាប់ទោសនៅទីបំផុត ចំពោះការប្រព្រឹត្តបទឧក្រិដ្ឋក្នុងសំណុំរឿងនេះ៕