នៅក្នុងសវនាការមួយស្ថិតនៅវិមានរដ្ឋសភា ហៅថា កាពីតូលហ៊ីល (Capitol Hill) កាលពីថ្ងៃពុធ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានថ្លែងសុំទោសដល់ក្រុមគ្រួសារ ដែលបានលើកឡើងថាកូនៗរបស់ពួកគេបានរងគ្រោះ ដោយសារតែការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដែលជាបណ្ដាញសង្គមរបស់ក្រុមហ៊ុន Meta និងបណ្ដាញសង្គមដទៃទៀត។
ការថ្លែងសុំទោសរបស់លោក Zuckerberg ធ្វើឡើងនៅអំឡុងពេលសវនាការរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកស្តីពីផលប៉ះពាល់នៃបណ្តាញសង្គមលើកុមារដែលក្នុងនោះ មានការពិភាក្សាអំពីបញ្ហាជាច្រើន ដោយផ្ដោតសំខាន់ទៅលើការកេងប្រវ័ញ្ចកុមារតាមអ៊ីនធឺណិត។
សវនាការនេះ ធ្វើឡើងដោយមានវត្តមានចូលរួមពីនាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញសង្គមផ្សេងៗ ដូចជាបណ្ដាញសង្គម Discord បណ្ដាញសង្គម Snap បណ្ដាញសង្គម X និងបណ្ដាញសង្គម TikTok ជាដើម។ ក្នុងសវនាការក៏មានការចាក់បញ្ចាំងវីដេអូរបស់កុមារជាច្រើនដែលបានចែករំលែកបទពិសោធន៍របស់ពួកគេ ពាក់ព័ន្ធនឹងការគំរាមកំហែងនិងការរំលោភបំពានលើអ៊ីនធឺណិត។
ប្រធានគណៈកម្មាធិការសវនាការ លោក ឌីក ដឺប៊ីន (Dick Durbin) បានរិះគន់វេទិកាបណ្ដាញសង្គមខាងលើថាមិនបានចាត់វិធានការដើម្បីការពារកុមារហើយសមាជិកព្រឹទ្ធសភាលោក លីនសី ហ្ក្រាហាំ (Lindsey Graham) បានចោទប្រកាន់លោកZuckerberg ថាជាមនុស្សមានឈាមប្រឡាក់នៅលើដៃដោយសារតែបណ្ដាញសង្គមរបស់លោកកំពុងសម្លាប់ជីវិតមនុស្ស។គួរបញ្ជាក់ថា ក្រុមគ្រួសារដែលរងគ្រោះក៏បានចូលរួមនៅក្នុងសវនាការនោះ និងបានចែករំលែករឿងរ៉ាវកូនៗរបស់ពួកគេផងដែរ។
នៅពេលមានការសាកសួរទៅកាន់លោក Zuckerberg ដោយសមាជិកព្រឹទ្ធសភា លោក ចូស ហាឡេយ (Josh Hawley)ថាតើគាត់ចង់ធ្វើការសុំទោសដល់ជនរងគ្រោះដែរឬទេ លោក Zuckerberg ក៏បានថ្លែងសុំទោសដោយផ្ទាល់ភ្លាមៗទៅកាន់ក្រុមគ្រួសារដែលមានវត្តមាននៅក្នុងសវនាការនោះទាំងអស់។
លោក Zuckerberg បាននិយាយថា៖«ខ្ញុំសុំទោសចំពោះអ្វីគ្រប់យ៉ាងដែលអ្នកបានឆ្លងកាត់»។ លោកបានបន្ថែមថា៖«គ្មាននរណាម្នាក់ចង់ឆ្លងកាត់រឿងរ៉ាវដែលគ្រួសាររបស់អ្នកបានរងទុក្ខនោះទេហើយនេះជាមូលហេតុដែលយើងប្រឹងប្រែងវិនិយោគយ៉ាងច្រើនហើយយើងនឹងបន្តការខិតខំប្រឹងប្រែងលើវិស័យនេះបន្ថែមដើម្បីប្រាកដថាគ្មាននរណាម្នាក់ដែលត្រូវឆ្លងកាត់រឿងរ៉ាវដែលគ្រួសាររបស់អ្នកធ្លាប់បានរងគ្រោះនោះទេ»។
លោក Zuckerberg និងនាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀតបានគូសបញ្ជាក់ពីវិធានការសុវត្ថិភាពកុមារតាមអ៊ីនធឺណិតរបស់ពួកគេរៀងៗខ្លួន។ជាក់ស្ដែង ក្រុមហ៊ុន Meta បានរាយការណ៍ថា ខ្លួនបានចំណាយទឹកប្រាក់រហូតដល់ទៅ ៥ ប៊ីលានដុល្លារសហរដ្ឋអាមេរិកទៅលើប្រព័ន្ធសុវត្ថិភាពនិងសន្តិសុខក្នុងឆ្នាំ២០២។
ពួកគេក៏បានសម្តែងការប្តេជ្ញាចិត្តក្នុងការសហការជាមួយសមាជិកសភាឪពុកម្តាយអង្គការសង្គមស៊ីវិលក្នុងការអនុវត្តច្បាប់ផ្សេងៗដើម្បីការពារអនីតិជន។យ៉ាងណាក៏ដោយលោក Zuckerberg មិនយល់ព្រមចំពោះសំណើរបស់សមាជិកព្រឹទ្ធសភា លោក ហាឡេយ ដែលចង់ឱ្យមានការបង្កើតមូលនិធិសំណងសម្រាប់ជនរងគ្រោះនោះទេ។
កន្លងមក ចំនួនសមាជិកសភាកាន់តែច្រើនបានចាប់ផ្ដើមជំរុញឱ្យមានវិធានការទប់ស្កាត់រូបភាពរំលោភបំពានផ្លូវភេទលើកុមារតាមអ៊ីនធឺណិតនិងធ្វើយ៉ាងណា ឱ្យវេទិកាបច្ចេកវិទ្យាទាំងអស់មានទំនួលខុសត្រូវចំពោះការការពារកុមារ ដូច្នេះ សវនាការព្រឹទ្ធសភានេះគឺជាការបោះជំហានឆ្ពោះទៅរកការអនុម័តច្បាប់ ដើម្បីដោះស្រាយភាពអសកម្មនៃបទប្បញ្ញត្តិមួយចំនួនដែលមិនបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកនេះ៕