ចិនបានក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេបំផុតរបស់ពិភពលោកកាលពីឆ្នាំមុនជាលើកដំបូង ដោយបានទម្លាក់ប្រទេសជប៉ុនចេញពីកំពូលតារាង ដោយសារតែកំណើននៃការលក់ដាច់ខ្លាំងនៃរថយន្តអគ្គិសនីនៅក្រៅប្រទេស។
កាសែតជប៉ុន Nikkei Asia បានចុះផ្សាយ ដោយស្រង់សម្ដីសមាគមក្រុមហ៊ុនផលិតរថយន្តពីថ្ងៃពុធថា ជប៉ុនបាននាំចេញរថយន្តចំនួន ៤,៤២ លានគ្រឿងក្នុងឆ្នាំ ២០២៣ កើនឡើង ១៦ ភាគរយធៀបនឹងឆ្នាំ ២០២២។ ប៉ុន្តែយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន ចិនបាននាំចេញរថយន្ត រហូតដល់ ៤,៩១ លានគ្រឿងកាលពីឆ្នាំមុន។
តួលេខដដែលបង្ហាញថា ជប៉ុនធ្លាក់ខ្លួនពីកំពូលតារាងជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំមកនេះ រាប់តាំងពីអាល្លឺម៉ង់វ៉ាដាច់ជប៉ុនម្ដងលើការលក់រថយន្តក្នុងឆ្នាំ ២០១៦។ គេមើលឃើញថា ការវ៉ាដាច់របស់ចិន កាលពីឆ្នាំមុន គឺដោយសារតែកំណើននាំចេញឡានទៅរុស្ស៊ីរបស់ចិន ខណៈរុស្ស៊ីគឺជាទីផ្សារលក់ឡាន ដែលជប៉ុន និងលោកខាងលិចងាកចេញ ដោយ សារតែសង្គ្រាមឈ្លានពានអ៊ុយក្រែន។
កត្តាជំរុញឱ្យចិនវ៉ាដាច់ ១ ទៀតដ៏សំខាន់ គឺកំណើន ៨០ ភាគរយនៃនាំចេញរថយន្តថាមពលថ្មីរបស់ប្រទេសចិន ដែលរួមបញ្ចូលទាំងរថយន្តអគ្គិសនី។ និមិត្តសញ្ញានៃកំណើននេះ គឺក្រុមហ៊ុនឡានអគ្គិសនីចិន BYD ដែលបានវ៉ាដាច់ក្រុមហ៊ុន Tesla ក្នុងការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកជាលើកដំបូងដែលមិនធ្លាប់មាន ក្នុងអំឡុងត្រីមាសទី ៤ ឆ្នាំមុន ។
នៅឆ្នាំ ២០២២ ក្រុមហ៊ុន BYD បានប្រកាសពីសមត្ថភាពផលិតរថយន្ត ១,២៥ លានគ្រឿង ប៉ុន្តែចុងក្រោយផលិតរថយន្តរហូតដល់ ១,៨ លានគ្រឿងក្នុងឆ្នាំនោះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចិន បានរាយការណ៍ថា នៅឆ្នាំ ២០២៣ ក្រុមហ៊ុន BYD បានពង្រីកសមត្ថភាពផលិតរថយន្តប្រហែល ៣,៥ លានគ្រឿង ខណៈក្រុមហ៊ុន Tesla ផលិតបានត្រឹមតែ ២,៣៥ លានគ្រឿងប៉ុណ្ណោះ។
ទីក្រុងប៉េកាំង កំពុងសម្លឹងមើលការបង្កើនការផ្លាស់ប្តូរជាសកលទៅលើការលក់រថយន្តអគ្គិសនី ដើម្បីឱ្យប្រទេសចិនក្លាយជាមហាអំណាចឧស្សាហកម្ម ហើយការនាំមុខគេរបស់ប្រទេសក្នុងការនាំចេញរថយន្ត ត្រូវបានគេមើលឃើញថា ជាជំហានមួយឆ្ពោះទៅលើគោលដៅនេះ ដោយក្រុមហ៊ុនផលិតរថយន្តផ្សេងៗ បានផ្លាស់ប្តូរការផ្តោតលើការផលិតនៅក្រៅប្រទេស។ ចិនរំពឹងថា ចិននឹងលក់រថយន្ត ១២ លានគ្រឿងឆ្នាំ ២០៣០៕