​ក្នុង​ខួប​ ៣ ​ឆ្នាំ ​នៃ​ការធ្វើ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ បានប្រកាស​ដាក់ទណ្ឌកម្ម​ទៅលើ​អង្គភាព​ចំនួន ​២ និង​បុគ្គល​ជាច្រើន​នាក់​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយនឹង​របប​យោធា​មី​យ៉ាន់​ម៉ា ខណៈ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី រយៈពេល​ ៣ ​ឆ្នាំនេះ គ្មាន​រកឃើញ​ដំណោះស្រាយ​នយោបាយ​ណាមួយ​ឡើយ​។ នេះ​បើតាម​ការរាយការណ៍រ​បស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រ​។​

​ការដាក់ទណ្ឌកម្ម​បន្ថែម​កាលពី​ថ្ងៃ​ពុធ គឺជា​យន្តការ​ចុងក្រោយបង្អស់​ដែល​សហរដ្ឋអាមេរិក កំណត់​គោលដៅ​លើ​ប្រភពធនធាន​ផលិត​អាវុធ​របស់​របប​យោធា ក៏ដូចជា​ប្រភពធនធាន ដែល​របប​យោធា​យកទៅ​ប្រើប្រាស់​ក្នុងការវាយប្រហារ​ក្រុម​ប្រដាប់អាវុធ​ប្រឆាំង ដោយ​សម្លាប់​ទាំង​ជន​ស៊ីវិល​ជាច្រើន​នាក់​។​

​ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា អង្គភាព​រង​ទណ្ឌកម្ម​ថ្មី​រួមមាន ក្រុមហ៊ុន Shwe Byain Phyu Group និង​ម្ចាស់​ក្រុមហ៊ុន​នេះ លោក Thein Win Zaw ប្រពន្ធ​របស់លោក និង​កូនៗ ២ នាក់​ទៀត​។

​ក្រសួង​រតនាគារ​បន្ត​ថា ក្រុមហ៊ុន​នេះ​បាន​នាំចូល និង​ចែកចាយ​ប្រេង​សម្រាប់​របប​យោធា និង​មាន​ទំនាក់ទំនង​ចែក​រំលែក​ប្រាក់ចំណេញ​ជាមួយគ្នា ជាមួយ​​នឹង​ក្រុមហ៊ុន​យោធា Myanmar Economic Holdings Ltd (MEHL) ដែល​អាមេរិក​បានដាក់​ទណ្ឌកម្ម​ក្នុង​ឆ្នាំ​ ២០២១​។

​ក្នុង​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ផងដែរ អាមេរិក​បានកំណត់​គោលដៅ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​គ្រប់គ្រង​ដោយ​ MEHL គឺ​ក្រុមហ៊ុន Five Star Line ដោយ​ចោទថា ក្រុមហ៊ុន​នេះ​បាន​ដឹកជញ្ជូន​វត្ថុធាតុដើម​បម្រើឱ្យ​ការផលិត​អាវុធ​ក្នុងស្រុក​របស់​របប​យោធា​។

​ក្រសួង​រតនាគារ​បាន​និយាយថា ក្រុមហ៊ុន Shwe Byain Phyu Group និង​ក្រុមហ៊ុន ​Five Star Line  បាន​បើក​លទ្ធភាព​ទិញ​រូបិយប័ណ្ណ​បរទេស និង​នាំចូល​ប្រេង និង​វត្ថុ​ធាតុ​ផ្សេងទៀត ក្នុងនាម​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក Matthew Miller បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖ «​យើង​កំពុង​ចាត់វិធានការ​នេះ ដើម្បី​កំណត់​គោល​​ដៅ​ប្រភព​ចំណូល​របស់​របប​នេះ ដែល​គាំទ្រ​សកម្មភាព​យោធា​ប្រឆាំងនឹង​ជន​ស៊ីវិល​»​។​

​ការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក​ជាទូទៅ ធ្វើឡើង​ដោយ​យន្តការ​បង្កក​ទ្រព្យសកម្ម​នៅ​សហរដ្ឋអាមេរិក​របស់​ក្រុមហ៊ុន ឬ​បុគ្គល​ដែលជា​គោលដៅ​ក៏ដូចជា​រារាំង​ប្រជាជន ឬ​ក្រុមហ៊ុន​អាមេរិក ពី​ការ​មាន​ទំនាក់ទំនង​ជាមួយ​គោលដៅ​ទាំង​នោះ​។​

​ទណ្ឌកម្ម​ថ្មី ធ្វើឡើង​ខណៈ​មេ​​ដឹកនាំ​របប​យោធា លោក Min Aung Hlaing ស្ថិតនៅក្រោម​សម្ពាធ បន្ទាប់​ពី​ការបរាជ័យ​ក្នុង​សមរភូមិ​ជាមួយ​ក្រុម​ឧទ្ទាម​ជា​បន្តបន្ទាប់ ដោយ​ក្រុម​តស៊ូ​ប្រដាប់អាវុធ​ទាំងនោះ បាន​ចូលកាន់​កាប់​លើ​ទីក្រុង​យ៉ាងហោចណាស់​ចំនួន ៣៥ រាប់​តាំងពី​ខែតុលា ឆ្នាំមុន​មក​។  

​ប្រទេស​មី​យ៉ាន់​ម៉ា​ត្រូវបាន​ជាប់គាំង​នៅក្នុង​ជម្លោះ ចាប់តាំងពី​យោធា​បាន​ដណ្តើម​អំណាច​នៅក្នុង​រដ្ឋប្រហារ​ថ្ងៃ ទី​ ១ ខែកុម្ភៈ ឆ្នាំ ​២០២១៕