មេដឹកនាំសហភាពអឺរ៉ុបបើកកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ រកវិធីជួយផ្តល់មូលនិធិដល់រដ្ឋាភិបាលលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលកំពុងប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី ហើយនឹងអស់ថវិកាក្នុងដំណើរការរដ្ឋជាប្រក្រតីនៅខែមីនាខាងមុខនេះ។
ការប្រជុំរបស់មេដឹកនាំអឺរ៉ុបនាពេលនេះក៏ជាកិច្ចខិតខំប្រឹងប្រែងស្វែងរកការបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលជាមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងតែងតែជំទាស់ការផ្តល់មូលនិធិទៅឱ្យអ៊ុយក្រែន ឱ្យចូលរួមក្នុងផែនការផ្តល់ហិរញ្ញប្បទានស្ថិរភាពដល់អ៊ុយក្រែន។
ទោះបីជាបរាជ័យក្នុងការបញ្ចុះបញ្ចូលមេដឹកនាំហុងគ្រីលើកនេះ មេដឹកនាំអឺរ៉ុបភាគច្រើនក៏បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សាច់ប្រាក់ដល់រដ្ឋាភិបាលលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដោយគ្មានវត្តមានប្រទេសហុងគ្រីដែរ ដោយប្រើប្រាស់វិធីផ្សេងទៀត។ នេះបើយោងតាមសេចក្តីរាយការណ៍របស់រ៉យទ័រ។
ផែនការដែលគ្រោងផ្តល់មូលនិធិដល់ប្រទេសអ៊ុយក្រែន គឺគ្របដណ្តប់សម្រាប់ឆ្នាំ ២០២៤-២០២៧ ជាមួយនឹងប្រាក់កម្ចីចំនួន ៣៣ ពាន់លានអឺរ៉ូ (៣៦ ពាន់លានដុល្លារ) និងជំនួយឥតសំណងចំនួន ១៧ ពាន់លានអឺរ៉ូ។ ប្រាក់នេះត្រូវបានមកពីថវិកាសហភាពអឺរ៉ុបដើម្បីផ្តល់មូលនិធិដែលអាចព្យាករបានកាន់តែច្រើនដល់ក្រុងកៀវ ខណៈដែលរដ្ឋាភិបាលអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
សហភាពអឺរ៉ុបបានជួយអ៊ុយក្រែនចាប់តាំងពីទីក្រុងម៉ូស្គូបានឈ្លានពានក្នុងឆ្នាំ ២០២២ ប៉ុន្តែរហូតមកដល់ពេលនេះ វាបានឆ្លងកាត់កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលដែលតម្រូវឱ្យមានការយល់ព្រមពីថ្នាក់ជាតិជារៀងរាល់ឆ្នាំ ហើយចំណាយកាន់តែច្រើន និងលំបាកស្មុគស្មាញជាងការផ្តល់មូលនិធិតាមរយៈថវិការបស់សហភាពអឺរ៉ុប។
ស្ថិរភាពនៃការផ្តល់ហិរញ្ញប្បទានរយៈពេល ៤ ឆ្នាំដែលថវិការបស់សហភាពអឺរ៉ុបនឹងផ្តល់គឺមានសារៈសំខាន់ជាងនៅពេលដែលជំនួយហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក ដែលជាប្រទេសផ្តល់ជំនួយដ៏ធំមួយដល់អ៊ុយក្រែនមានភាពមិនច្បាស់លាស់ដោយសារតែការមិនចុះសម្រុងគ្នា នៅក្នុងសភាសហរដ្ឋអាមេរិក។
ដើម្បីប្រើប្រាស់ថវិការបស់សហភាពអឺរ៉ុប ប្រទេសសមាជិកទាំង ២៧ ត្រូវតែយល់ព្រមហើយហុងគ្រីដែលបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូ ចង់ប្រើសិទ្ធិវេតូលើការចំណាយជារៀងរាល់ឆ្នាំ។ ប្រទេសសហភាពអឺរ៉ុបចំនួន ២៦ ផ្សេងទៀតបានច្រានចោលការទាមទាររបស់ហុងគ្រី ហើយពួកគេ និងហុងគ្រីបានប្រឈមមុខដាក់គ្នាចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៣ មកម្ល៉េះ។
កិច្ចប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍ ដែលហៅថា ដើម្បីដោះស្រាយបញ្ហា គឺជាឱកាសចុងក្រោយដើម្បីឈានដល់ការសម្រេចកិច្ចព្រមព្រៀងមួយ មុនពេលបោះបង់ថវិកាសហភាពអឺរ៉ុប ដែលជាមធ្យោបាយផ្តល់មូលនិធិដល់អ៊ុយក្រែន ហើយត្រឡប់ទៅរកហិរញ្ញប្បទានកាន់តែស្មុគស្មាញ ចំណាយខ្ពស់ និងអាចព្យាករតិចតួច ដែលធ្លាប់បានប្រើពីមុនមក។
សហភាពមិនអាចរង់ចាំយូរទៀតទេ ព្រោះអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងអស់សាច់ប្រាក់ដើម្បីដំណើរការមុខងាររដ្ឋតាមធម្មតាក្នុងខែមីនាខាងមុខនេះ។
ដើម្បីបំពេញតាមការទាមទាររបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Orban មួយផ្នែក មេដឹកនាំអឺរ៉ុបនឹងស្នើឱ្យមានការជជែកដេញដោលប្រចាំឆ្នាំអំពីរបៀបដែលជំនួយរបស់សហភាពអឺរ៉ុបត្រូវបានចាយដោយអ៊ុយក្រែន ដោយមិនផ្តល់ឱ្យហុងគ្រីនូវសិទ្ធិវេតូលើប្រាក់នេះ។ នេះបើតាមរ៉យទ័រ៕