ទីក្រុងសានឌីហ្គោ៖ ២ ថ្ងៃក្រោយបាត់ខ្លួនក្នុងអំឡុងពេលជិះឧទ្ធម្ភាគចក្រត្រឡប់ទៅកាន់បញ្ជាការកងទ័ពជើងអាកាសយោធាអាមេរិកបានប្រកាសពីការបាត់បង់ជីវិតរបស់ទាហានទាំង ៥ នាក់ ដែលមានវត្តមាននៅលើជិះឧទ្ធម្ភាគចក្រនោះ។
បើតាមអាជ្ញាធរ ឧទ្ធម្ភាគចក្រនោះមានឈ្មោះថា CH-53E Super Stallion បានបាត់ខ្លួនកាលពីយប់ថ្ងៃទី ៦ ខែកុម្ភៈ ក្នុងអំឡុងពេលត្រឡប់ទៅស្ថានីយកងទ័ពអាកាស (Marine Corps Miramar) ក្នុងទីក្រុង San Diego បន្ទាប់ពីការហ្វឹកហាត់នៅឯមូលដ្ឋានទ័ពអាកាស Creech ភាគពាយព្យនៃទីក្រុង Las Vegas។
តាមរយៈការបញ្ជាក់ពីយោធាអាមេរិកកាលពីថ្ងៃទី ៨ កុម្ភៈកន្លងទៅនេះ ទាហានអាមេរិកចំនួន ៥ នាក់នៅលើឧទ្ធម្ភាគចក្រ បានធ្លាក់ក្នុងអំឡុងពេលអាកាសធាតុមានព្យុះនៅលើភ្នំនៅជាយក្រុង San Diego។
យ៉ាងណាមិញ ទំនាក់ទំនងចុងក្រោយបង្អស់ជាមួយឧទ្ធម្ភាគចក្រនោះ គឺនៅអំឡុងម៉ោង ១១ កន្លះយប់ ថ្ងៃទី ៦ កុម្ភៈ នៅមុនពេលដែលឧទ្ធម្ភាគចក្រហោះចូលកាន់តំបន់ដែលកំពុងមានភ្លៀង និងព្រឹលធ្លាក់ខ្លាំង។
តាមរយៈហេតុការណ៍នេះ ឧត្តមសេនីយ៍Michael J. Borgschulte មេបញ្ជាការកងទ័ពអាកាសផ្នែកទី ៣ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះគឺជារឿងដ៏គួរឱ្យសោកស្ដាយបំផុត ដែលយើងបានបាត់បង់ទាហានឆ្នើមចំនួន ៥នាក់ ត្រឹមតែពេលមួយពព្រិចភ្នែក»។
លោក Borgsulte បានបន្តទៀតថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃទាហានរបស់យើង និងប្តេជ្ញាធានានូវការគាំទ្រ និងការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារជនរងគ្រោះក្នុងអំឡុងពេលដ៏លំបាកនេះ។ បើទោះបីជា ការបម្រើការក្នុងជួរកងទ័ពជារឿងគ្រោះថ្នាក់ ប៉ុន្តែការបាត់បង់សមាជិកណាម្នាក់នៅតែជារឿង ដ៏គួរឱ្យសោកសៅ»។
លោក Timothy Loranger អតីតជាងមេកានិកយន្តហោះរបស់កងទ័ព បានឱ្យដឹងថា ការហោះចូលតំបន់គ្រោះថ្នាក់បែបនេះ សឹងតែជារឿងធម្មតាហើយសម្រាប់ក្រុមទាហានក្នុងពេលហ្វឹកហាត់ ប៉ុន្តែដោយឡែក នេះជាមិនស្ថិតក្នុងករណីហ្វឹកហាត់នោះទេ ដូច្នេះហើយតើវាជាកំហុសរបស់អ្នកបើកបរយន្ដហោះដែលចង់សាកល្បងឬយ៉ាងណា?
លោកបន្តថា បញ្ហាបច្ចេកទេសរបស់យន្ដហោះ នៅក្នុងអាកាសធាតុមិនអំណោយផលក៏នឹងធ្វើឱ្យការហោះហើរ កាន់តែពិបាកថែមទៀត ដូច្នេះបើសិនជាអ្នកបើកបរមិនមានភាពស្ទាត់ជំនាញគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានការណ៍ មានភាគរយច្រើនដែលយន្ដហោះនោះអាចធ្លាក់។
អ្នកជំនាញរូបនេះបន្តទៀតថា បញ្ហានេះទាមទារការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ដើម្បីឈានទៅរកការសន្និដ្ឋានមួយ ដែលត្រឹមត្រូវបំផុត។
គួរបញ្ជាក់ថា តំបន់ដែលឧទ្ធម្ភាគចក្របានធ្លាក់នោះជាតំបន់ភ្នំខ្ពស់បំផុតទីពីររបស់ទីក្រុង San Diego ដែលមានកម្ពស់ ជិត ២ពាន់ម៉ែត្រ គ្របដណ្តប់លើផ្ទៃដី ១ ៨៦០ គីឡូម៉ែត្រក្រឡា និងមានសភាពចោទខ្លាំងទៀតផង។
យ៉ាងណាក៏ដោយ ស្របតាមច្បាប់របស់យោធា ឈ្មោះរបស់ទាហាននឹងមិនត្រូវបានបញ្ចេញ រហូតដល់រយៈពេល ២៤ ម៉ោងបន្ទាប់ពីសាច់ញាតិទាំងអស់ទទួលបានដំណឹង។
គួររំឭកផងដែរថា ក្នុងឆ្នាំ ២០១៨ ទាហានជើងអាកាស៤នាក់នៅរដ្ឋហ្វ្លរីដា បានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភភាគចក្រ នៅជិតព្រំដែន រដ្ឋកាលីហ្វ័រនីញ៉ា និងប្រទេសម៉ិកស៊ិក ក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់។ ប៉ុន្តែយ៉ាងណា អាជ្ញាធរបានដាក់បន្ទុកទៅលើអ្នកបើកបរយន្ដហោះ ដែលមានបញ្ហាបច្ចេកទេសក្នុងពេលបើកបរ។
ក្រោយមកក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ទៅក្រុមហ៊ុនពីរ ដោយបានចោទប្រកាន់ថាក្រុមហ៊ុននោះ មិនបានផ្ដល់លក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ រហូតបង្កចេញជាហេតុការណ៍នោះ៕