ស្ថានការណ៍ចិន និងតៃវ៉ាន់ នៅតែក្តៅគគុកនៅឡើយចាប់តាំងពីការជាប់ឆ្នោតរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដឹកនាំដោយលោក Lai Ching-te ដែលគេដឹងថា មិនរណប និងមិនមានជំហរទន់ភ្លន់នៅចំពោះមុខការគំរាមម្តងហើយម្តងទៀតរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយនៅថ្ងៃអាទិត្យទី១១ ខែកុម្ភៈថា ខ្លួនបានរកឃើញបាឡុងរបស់ចិនចំនួន ៨ ហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ដែលក្នុងនោះបាឡុងចំនួន ៥ បានហោះឆ្វែលជុំវិញកោះតៃវ៉ាន់តែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ២ថ្ងៃចុងក្រោយនេះតៃវ៉ាន់បានរាយការណ៍ថាមានបាឡុងចិនហោះចូលដែនអាកាសរបស់ខ្លួនកាន់តែច្រើនឡើង។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនស្តីពីសកម្មភាពយោធារបស់ចិន ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួនបានប្រទះឃើញបាឡុងដំបូងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ និងប្រទះឃើញបាឡុង ១ ទៀត នៅរសៀលថ្ងៃដដែល។
គិតមកដល់ថ្ងៃអាទិត្យនេះបាឡុងចំនួន៥បានហោះឆ្លងកាត់ភាគខាងជើងនិងកណ្តាលនៃកោះតៃវ៉ាន់។ នេះបើយោងតាមផែនទីដែលផ្តល់ដោយក្រសួងការពារជាតិតៃវ៉ាន់។
តៃវ៉ាន់ដែលត្រូវបានចិនអះអាងថាជាទឹកដីរបស់ខ្លួនបានត្អូញត្អែរតាំងពីខែធ្នូឆ្នាំ២០២៣ពីការបង្ហោះបាឡុងរបស់ចិនដោយនិយាយថាវាគឺជាការគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍និងជាការប៉ុនប៉ងធ្វើសង្គ្រាមចិត្តសាស្ត្រ។
យ៉ាងណាមិញក្រសួងការពារជាតិចិនមិនបានធ្វើសេចក្ដីអត្ថាធិប្បាយចំពោះរឿងនេះទេ។ទាំងប្រទេសចិននិងតៃវ៉ាន់ពេលនេះកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដែលជាពិធីបុណ្យដ៏សំខាន់បំផុតនៅក្នុងចំណោមអ្នកប្រើប្រាស់ភាសាចិននៅទូទាំងពិភពលោក។
ប៉ុន្តែកាលពីខែមុនរដ្ឋាភិបាលចិន បានច្រានចោលការត្អូញត្អែរម្តងហើយម្តងទៀតរបស់តៃវ៉ាន់ ពីការបង្ហោះបាឡុងនៅក្បែរៗកោះតៃវ៉ាន់ ដោយនិយាយថាការបង្ហោះនោះធ្វើឡើងក្នុងគោលបំណងធ្វើឧតុនិយមប៉ុណ្ណោះពោលគឺមិនទាក់ទងអ្វីនឹងបញ្ហានយោបាយទេ។
យ៉ាងណាក៏ដោយយន្តហោះចម្បាំងរបស់ចិនបាននិងកំពុងធ្វើប្រតិបត្តិការជារៀងរាល់ថ្ងៃនៅច្រកសមុទ្រតៃវ៉ាន់ហើយជារឿយៗថែមទាំងបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនរបស់ខ្លួនជាមួយតៃវ៉ាន់ទៀតផង។សម្រាប់ចិនការឆ្លងកាត់ព្រំដែនទឹកគឺជារឿងធម្មតាព្រោះចិនចាត់ទុកថាតៃវ៉ាន់ជាផ្នែករបស់ខ្លួនដូច្នេះហើយចិនមិនគោរពខ្សែបន្ទាត់ព្រំដែនណាមួយទេ។
តៃវ៉ាន់កាលពីខែមុនបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីសម្រាប់អាណត្តិថ្មីដែលជាលទ្ធផលគណបក្សប្រជាធិបតេយ្យនៅតែបន្តឈ្នះឆ្នោត។ការណ៍នេះបានធ្វើឱ្យចិនសង្កៀតធ្មេញកាន់តែខ្លាំងដាក់តៃវ៉ាន់។
លោក Lai Ching-te ដែលជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ក៏ធ្លាប់បានចរចាជាមួយចិនដែរប៉ុន្តែត្រូវបានចិនច្រានចោលនិងចាត់ទុកគណបក្សរបស់លោកថាប្រជាធិបតេយ្យបែបជ្រុលនិយម។
ចិនត្រូវបានពិភពលោកស្គាល់យ៉ាងទូលំទូលាយពីបច្ចេកទេសបង្ហោះបាឡុងចារកម្មសម្រាប់ស៊ើបការណ៍។កាលពីខែកុម្ភៈឆ្នាំមុនសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ចិនដែលហោះនៅលើទឹកដីរបស់ខ្លួនប៉ុន្តែត្រូវបានចិនបដិសេធថាជាបាឡុងស៊ីវិលដែលរសាត់ទៅដល់តំបន់នោះដោយចៃដន្យ៕