ប្រទេសហ្វាំងឡង់ នៅតំបន់អឺរ៉ុបភាគខាងជើង ដែលទើបបានចូលជាសមាជិករបស់អង្គការណាតូកាលពីឆ្នាំមុន រៀបចំការបោះឆ្នោតប្រធានាធិបតីជុំទី២ នៅថ្ងៃអាទិត្យនេះ។
ក្នុងចំណោមបេក្ខជនប្រកួតប្រជែង ២ រួប គឺលោក Alexander Stubb និង PekkaHaavisto ទោះបីអ្នកណាឈ្នះក៏ដោយ ក៏ក្នុងចំណោមអ្នកនយោបាយឈានមុខគេទាំង២ គឺជាអ្នកគាំទ្រអឺរ៉ុបដែលទោរទន់ទៅរកសហរដ្ឋអាមេរិក ជាពិសេសប្រកៀកស្មាជាមួយអង្គការណាតូ។
បើយោងតាមការស្ទង់មតិ ខណៈដែលប្រទេសនៅតំបន់អឺរ៉ុបខាងជើង (Nordic) ជ្រើសរើសមេដឹកនាំថ្មីនៃគោលនយោបាយសន្តិសុខ និងការបរទេសរបស់ខ្លួន។
យោងតាមការផ្សាយរបស់រ៉យទ័រ លោក Alexander Stubb មកពីគណបក្សសម្ព័ន្ធជាតិគឺជាអ្នកនាំមុខគេក្នុងការប្រជែងតំណែងប្រធានាធិបតីរបស់ប្រទេសហ្វាំងឡង់នៅថ្ងៃអាទិត្យនេះ។
ការបោះឆ្នោតនាពេលនេះគឺជាយុគសម័យថ្មីមួយនៅក្នុងប្រទេសហ្វាំងឡង់ ដែលអស់រយៈពេលជាច្រើនទសវត្សរ៍បានជ្រើសរើសប្រធានាធិបតី ដើម្បីជំរុញទំនាក់ទំនងការទូត ជាពិសេសជាមួយប្រទេសជិតខាងរុស្ស៊ី ហើយបានជ្រើសរើសមិនចូលរួមសម្ព័ន្ធភាពយោធា ដែលធ្វើឱ្យហ្វាំងឡង់អាចបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងម៉ូស្គូ និងអង្គការណាតូ។
ប៉ុន្តែហ្វាំងឡង់ បានផ្លាស់ប្តូរគំនិតរបស់ពួកគេអំពីការដើរតួមិនចូលបក្សសម្ព័ន្ធណាមួយ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ បានផ្លាស់ប្តូរការសម្រេចចិត្តយ៉ាងឆាប់រហ័សដែលនាំឱ្យហ្វាំងឡង់ចូលរួមជាមួយណាតូក្នុងខែមេសាឆ្នាំមុន។
ឥឡូវនេះនៅក្រោមឆត្រសន្តិសុខរបស់សម្ព័ន្ធភាពលោកខាងលិច ប្រធានាធិបតីថ្មីនឹងជំនួសកន្លែងប្រធានាធិបតីអស់អាណត្តិ លោក SauliNiinisto ដែលនឹងចូលនិវត្តន៍បន្ទាប់ពីកាន់តំណែងនេះ២អាណត្តិ ៦ ឆ្នាំ។
ប្រធានាធិបតីក្រោយនេះ នឹងមានតួនាទីសំខាន់ក្នុងការកំណត់គោលនយោបាយណាតូរបស់ហ្វាំងឡង់ ខណៈពេលដែលដឹកនាំលើគោលនយោបាយការបរទេស និងសន្តិសុខរួមក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋាភិបាល និងដើរតួជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ។
ទិន្នន័យផ្លូវការបានបង្ហាញថា ជិត ៤៦ ភាគរយនៃអ្នកដែលមានសិទ្ធិបោះឆ្នោត បានបោះឆ្នោតមុនថ្ងៃអាទិត្យ ដោយលទ្ធផលដំបូងពីការបោះឆ្នោតមុននឹងត្រូវផ្សព្វផ្សាយ ក្នុងរយៈពេលខ្លីបន្ទាប់ពីការបោះឆ្នោតបិទនៅម៉ោង ១៨.០០ ម៉ោងសកល (GMT)។ អ្នកឈ្នះត្រូវបានគេរំពឹងថានឹងត្រូវបានគេស្គាល់នៅប្រហែល ២១.០០ ម៉ោងសកលនោះ គ្មានទំនាក់ទំនងជាមួយរុស្ស៊ីទេ។
លោក Stubb ដែលជាអតីតនាយករដ្ឋមន្ត្រីបានឈ្នះការបោះឆ្នោតជុំទី១ នៅថ្ងៃទី២៨ ខែមករាជាមួយនឹងសន្លឹកឆ្នោត ២៧,២ ភាគរយ នាំមុខលោក Pekka Haavisto ជាប្រធាននៃសមាជិកគណបក្សបៃតងសេរី ដែលទទួលបានការគាំទ្រ ២៥,៨ ភាគរយ។ លោកក៏បាននាំមុខ លោក Haavisto ក្នុងការស្ទង់មតិផងដែរ ថ្មីៗនេះដោយពិន្ទុ ៨-៦ ភាគរយ។
បេក្ខជនទាំង ២ គឺជាអ្នកគាំទ្រអឺរ៉ុប និងជាអ្នកគាំទ្រដ៏ខ្លាំងរបស់អ៊ុយក្រែន ដែលបានប្រកាន់ជំហរតឹងតែងចំពោះរុស្ស៊ីក្នុងយុទ្ធនាការរបស់ពួកគេ៕