អាជ្ញាធរថៃក្នុងខេត្តឈុនបុរី បានចាប់ខ្លួនបុរសជនសង្ស័យបទល្មើសគ្រឿងញៀនជាជនជាតិរុស្ស៊ីម្នាក់ ដែលអាជ្ញាធររុស្ស៊ីតាមចាប់ខ្លួនអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃសុក្រ។
បុរសជនសង្ស័យដែលមានឈ្មោះថា Mikhail Tolokonnikov អាយុ ៣៣ ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃ ចាប់ខ្លួនកាលពីថ្ងៃពុធសប្ដាហ៍មុន នៅផ្ទះមួយកន្លែង ក្នុងក្រុង Nong Preu ស្រុក Bang Lamung ខេត្តឈុនបុរី។
បាងកកប៉ុស្តិ៍ផ្សាយថា លោកត្រូវបានចោទប្រកាន់ពីបទបន្តស្នាក់នៅក្នុងប្រទេសថៃ ដោយទិដ្ឋាការហួសសុពលភាពអស់រយៈពេលប្រហែល ១០ ឆ្នាំមកហើយ។
ស្នងការរងនៃការិយាល័យអន្តោប្រវេសន៍ថៃ លោក PhanthanaNuchanartបាននិយាយកាលពីថ្ងៃសុក្រថា លោកTolokonnikovត្រូវបានអាជ្ញាធររុស្ស៊ីតាមចាប់ខ្លួននៅក្នុងប្រទេសកំណើតរបស់លោក សម្រាប់បទល្មើសគ្រឿងញៀន ហើយប៉ូលិសអន្តរជាតិក៏ចេញដីកាចាប់ខ្លួនលោកផងដែរ។
ការចាប់ខ្លួនជនសង្ស័យដដែល ធ្វើឡើងបន្ទាប់ពីអ្នកស៊ើបអង្កេតអន្តោប្រវេសន៍នៅក្នុងខេត្តឈុនបុរី បានទទួលព័ត៌មានពីអ្នកស្ម័គ្រចិត្តកាលពីខែតុលាឆ្នាំមុន ថាមានបុរសជនជាតិរុស្ស៊ីម្នាក់ធ្វើសកម្មភាពគួរឱ្យសង្ស័យ នៅក្នុងខេត្តនេះ។ ការណ៍នេះ បានជំរុញឱ្យមន្ត្រីថៃបើកការស៊ើបអង្កេត។
ការស៊ើបអង្កេតស៊ីជម្រៅបានបង្ហាញថា ទិដ្ឋាការរបស់លោក Tolokonnikov បានផុតកំណត់ ហើយលោកបានផ្លាស់ប្តូរទីលំនៅជាញឹកញាប់រវាងខេត្តភូខេត និងខេត្តឈុនបុរី។ បន្ទាប់មក ក្រុមស៊ើបអង្កេតបានតាមដានលោកទៅកន្លែងលាក់ខ្លួននៅស្រុក Bang Lamung នៃខេត្តឈុនបុរី។
លោក Phanthana បានថ្លែងថា ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅក្រុមអ្នកស៊ើបអង្កេតក្រុងប៉ាតាយ៉ា ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយអាចនឹងត្រូវបញ្ជូនទៅប្រទេសរុស្ស៊ី ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មគ្រឿងញៀន៕