បេក្ខភាព​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បី​រូប អមដោយ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​ បានចេញ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃ​ចុងក្រោយ​របស់ខ្លួន ដោយ​រៀបចំ​ការប្រមូល​ផ្តុំគ្នាធំៗតាម​ទីក្រុង រដ្ឋធានី មានការ​ប្រគុំ​តន្ត្រី​ជាមួយនឹង​ការសម្តែង​ដោយ​ក្រុម​តន្ត្រីករ​ក្នុងស្រុក​ជាច្រើន​កុះករ​កាលពី​ថ្ងៃទី១០ ខែកុម្ភៈ។ នេះ​បើតាម​កាសែត​សឹង្ហ​បុរី Chanel New Asia (CNA)។ 

សារព័ត៌មាន CNA បានឱ្យដឹងថា អ្នកគាំទ្រ​ជាច្រើន​រាប់ម៉ឺន​នាក់​ នៅក្នុង​ព្រឹត្តិការណ៍ផ្សេងៗគ្នា ដែល​ធ្វើឡើង​នៅ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា និង​ទីក្រុងផ្សេងៗទៀត ពេញ​ផ្ទៃ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ ខ្លះ​ជម្នះ​ចង់​ចូលរួម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ចុងក្រោយ​នេះ បើទោះបី​ពួកគេ​ត្រូវធ្វើ​ដំណើរ​រាប់​ម៉ោង​ឆ្លងកាត់​ការកកស្ទះ​ចរចា​រណ៍​ដ៏​ណែន​តានតាប់​យ៉ាងណាក៏ដោយ។ 

យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល ៧៥ ថ្ងៃ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ បានបញ្ចប់​ជា​ផ្លូវការ នៅ​ថ្ងៃទី១០ ខែកុម្ភៈ ដោយ​ក្នុងនោះ​បេក្ខជន​ប្រធានាធិបតី​បានធ្វើ​ការសន្យា​នៅ​ចំពោះមុខ​អ្នកគាំទ្រ​នៅ​​នាទីចុងក្រោយ​របស់​ពួកគេ មុនពេល​ការបោះឆ្នោតជាតិ​រយៈពេល​ពេល ៣ ថ្ងៃ ​ចាប់ផ្តើម ពោល​គឺ​ចាប់ពី​ថ្ងៃទី១៤ កុម្ភៈ​ ខាងមុខនេះ​ ដែល​នៅ​ទីបំផុត​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​ទី​បី​របស់​ពិភពលោក​មួយ​នេះ​នឹង​អាច​ជ្រើសរើស​ប្រធានាធិបតី​ទី ៨ របស់ខ្លួន​ជា​ផ្លូវការ។

ប្រទេស​ឥណ្ឌូណេស៊ី នឹងត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី១៤​​កុម្ភៈ​២០២៤ ស្របតាម​រដ្ឋធម្មនុញ្ញ​ជាតិ​របស់ខ្លួន​ក្នុងនោះ​បេក្ខភាព​ប្រធានាធិបតី​ទាំងបី​រូប​មាន៖ លោក​Anies Baswedan អតីត​អភិបាលក្រុង​ហ្សា​ការ​តា លោក Prabowo Subianto រដ្ឋមន្ត្រី​ការពារជាតិ និង​លោក Ganjar Pranowo អតីត​អភិបាលខេត្ត Central Java៕