ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤ ថា របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសកាតព្វកិច្ចយោធាសម្រាប់បុរស និងស្ត្រីទាំងអស់ ខណៈដែលខ្លួនព្យាយាមទប់ទល់នឹងកងកម្លាំងឧទ្ទាមប្រដាប់អាវុធដែលកំពុងប្រយុទ្ធដើម្បីស្វ័យភាពកាន់តែច្រើននៅក្នុងតំបន់ផ្សេងៗនៃប្រទេស។
បុរសទាំងអស់ដែលមានអាយុពី ១៨-៣៥ ឆ្នាំ និងស្ត្រីដែលមានអាយុចាប់ពី ១៨-២៧ ឆ្នាំត្រូវបំពេញកាតព្វកិច្ចរយៈពេល ២ ឆ្នាំ ខណៈដែលអ្នកឯកទេសដូចជា វេជ្ជបណ្ឌិតដែលមានអាយុដល់ ៤៥ ឆ្នាំ ត្រូវបម្រើយោធារយៈពេល ៣ ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា កាតព្វកិច្ចនេះអាចត្រូវបានបន្តរហូតដល់ ៥ ឆ្នាំនៅក្នុងស្ថានភាពអាសន្នដែលកំពុងបន្តនេះ។
មីយ៉ាន់ម៉ាត្រូវបានគ្រប់គ្រងដោយភាពវឹកវរចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ មកនោះ។ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៤ មក កងទ័ព បានទទួលរងការបាត់បង់កងកម្លាំងជាច្រើន ខណៈពេលដែលកំពុងប្រយុទ្ធនឹងការវាយលុកដោយសម្ព័ន្ធភាពនៃក្រុមបះបោរជនជាតិភាគតិចចំនួន៣ ក៏ដូចជាអ្នកតស៊ូផ្នែកលទ្ធិប្រជាធិបតេយ្យ បានចងជាសម្ព័ន្ធកាន់អាវុធងើបប្រឆាំងនឹងរបបយោធាដែលរងការដាក់ទណ្ឌកម្មពីប្រទេសសេរី លើកលែងមហាយក្សចិន និងរុស្ស៊ីដែលនៅបន្តគាំទ្រដល់របបយោធាមីយ៉ាន់ម៉ាតាមរយៈការផ្តល់អាវុធ និងការសន្យាទីផ្សារផ្សេងទៀត។
ស្ថានភាពបច្ចុប្បន្ននេះគឺជាបញ្ហាប្រឈមដ៏ធំបំផុតដែលយោធាបានជួបប្រទះចាប់តាំងពីការឡើងកាន់អំណាចលើកដំបូងនៅក្នុងអតីតអាណានិគមអង់គ្លេសក្នុងឆ្នាំ ១៩៦២។
អ្នកវិភាគបាននិយាយថា ពួកកងទ័ពកំពុងប្រឈមផលវិបាកក្នុងការជ្រើសរើសទាហាន ហើយបានចាប់ផ្តើមបង្ខំទាហានដែលមិនទាន់មានជំនាញពេញលេញទៅប្រយុទ្ធជួរមុខ។
អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun ប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «កាតព្វកិច្ចការពារ និងការពារជាតិ លើសពីទាហាន ប៉ុន្តែចំពោះប្រជាពលរដ្ឋទាំងអស់ ដូច្នេះខ្ញុំចង់ប្រាប់អ្នកគ្រប់គ្នាឱ្យគោរពច្បាប់យោធាដោយមោទនភាព»។
ច្បាប់កាតព្វកិច្ចមីយ៉ាន់ម៉ាមួយ ដែលបានចុះបញ្ចូលដាក់ឱ្យប្រើក្នុងឆ្នាំ ២០១០ ប៉ុន្តែមិនទាន់បានអនុវត្តរហូតមកដល់ពេលនេះទេ បានចែងថា៖ «អ្នកដែលមិនគោរពតាមសេចក្តីព្រាងច្បាប់ ប្រឈមនឹងការជាប់ពន្ធនាគាររហូត ៥ ឆ្នាំ»៕