អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បានបោះពាក្យសម្ដីថា លោកអាចនឹងលើកទឹកចិត្តឱ្យប្រទេសរុស្ស៊ីធ្វើអ្វីគ្រប់យ៉ាងតាមតែអំពើចិត្តខ្លួន លើរដ្ឋជាសមាជិកនៃអង្គការណាតូមួយ ដែលចំណាយប្រាក់សម្រាប់វិស័យការពារជាតិមិនគ្រប់គ្រាន់តាមគោលការណ៍។ នេះយោងតាមបណ្ដាញព័ត៌មាន CNN។
លោក ត្រាំ បានថ្លែងក្នុងជំនួបជាមួយអ្នកគាំទ្រនៅក្រុង Conway នៃរដ្ឋ ការ៉ូលីណាខាងត្បូង យ៉ាងដូច្នេះថា៖«មុនខ្ញុំកាន់អំណាច ណាតូបានបាក់បែកគ្នានៅឡើយ។ ខ្ញុំបាននិយាយថា អ្នកគ្រប់គ្នានឹងត្រូវចំណាយប្រាក់។ ពួកគេក៏និយាយថា ប្រសិនបើយើងមិនចំណាយប្រាក់ តើអ្នកនៅតែការពារយើងទេ?ខ្ញុំក៏ឆ្លើយតបថា ពិតជាមិនអាចទេ»។ លោកបន្តថា៖«ពួកគេបានភ្ញាក់ផ្អើលនឹងចម្លើយរបស់ខ្ញុំ»។
អតីតប្រធានាធិបតីអាមេរិកដដែល បានអះអាងទៀតថា មានពេលមួយមាន«ប្រធានាធិបតីនៃប្រទេសដ៏ធំមួយ» បានសួរលោកថា តើសហរដ្ឋអាមេរិកនឹងនៅតែការពារប្រទេសគេទេ ប្រសិនបើរុស្ស៊ីចូលឈ្លានពាន ហើយពួកគេ «មិនចំណាយប្រាក់»?។
លោក ត្រាំ បាននិយាយនូវអ្វីដែលលោកបានតបទៅប្រធានាធិបតីនោះថា៖«ទេ ខ្ញុំនឹងមិនការពារអ្នកទេ»។
លោកបន្តថា៖«ជាក់ស្ដែង ខ្ញុំអាចនឹងលើកទឹកចិត្តគេ (សំដៅលើរុស្ស៊ី) ឱ្យធ្វើអ្វីដែលគេចង់ធ្វើ។ អ្នកត្រូវតែចំណាយប្រាក់។ អ្នកត្រូវតែបង់ប្រាក់ដែលអ្នកឯងត្រូវបង់»។
ប្រតិកម្មទៅនឹងការណ៍នេះ សេតវិមានកាលពីថ្ងៃសៅរ៍ដដែល បានហៅការលើកឡើងរបស់លោក ត្រាំ ថា ជារឿងដែលគួរឱ្យអាម៉ាស់ និងគ្មានហេតុផលអ្វីត្រូវនិយាយដូចនេះ។
ផ្ទុយទៅវិញ សេតវិមាន បានលើកសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន ក្នុងការពង្រឹងសម្ព័ន្ធភាពណាតូ។
អ្នកនាំពាក្យសេតវិមាន លោក Andrew Bates បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា៖«លោកប្រធានាធិបតី បៃដិន បានស្ដារសម្ព័ន្ធភាពរបស់យើងឡើងវិញ និងធ្វើឱ្យយើងកាន់តែរឹងមាំនៅក្នុងពិភពលោក ដោយសារតែលោកដឹងថា រាល់ការទទួលខុសត្រូវដំបូងរបស់មេគេ គឺការរក្សាប្រជាជនអាមេរិកឱ្យមានសុវត្ថិភាព និងប្រកាន់ខ្ជាប់នូវតម្លៃដែលបង្រួបបង្រួមយើង»។
សេតវិមានបានបន្តថា៖«ការលើកទឹកចិត្តដល់ការលុកលុយរបស់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើងដោយរបបសម្លាប់គឺគួរឱ្យភ័យខ្លាច និងគ្មានការរំខាន ហើយវាបង្កគ្រោះថ្នាក់ ដល់សន្តិសុខជាតិអាមេរិក ស្ថិរភាពពិភពលោក និងសេដ្ឋកិច្ចរបស់យើងនៅឯផ្ទះ»។
គោលការណ៍ស្នូលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) គឺជាការសន្យានៃការការពារជាសមូហភាពដោយថា ការវាយប្រហារលើប្រទេសសមាជិកណាមួយនៃណាតូ គឺជាការវាយប្រហារលើប្លុកនេះទាំងមូល។
ជាយូរមកហើយ លោក ត្រាំ តែងតែបានត្អូញត្អែរអំពីចំនួនទឹកប្រាក់ដែលប្រទេសសមាជិកផ្សេងទៀត ចំណាយលើវិស័យការពារជាតិ ធៀបទៅនឹងការចំណាយរបស់សហរដ្ឋអាមេរិក៕